កីឡាអន្តរជាតិ
អន្តរជាតិ
WTA ប្រកាសផ្អាករាល់ការប្រកួតនៅចិនដោយសារបារម្ភពីកីឡាការិនី Peng Shuai
02, Dec 2021 , 4:30 pm        
រូបភាព
សមាគមវាយកូនបាល់ស្រ្តី (WTA) ថ្ងៃទី១ខែធ្នូបានប្រកាសផ្អាកការប្រកួតរាល់កម្មវិធីប្រកួតពានរង្វាន់ទាំងអស់នៅចិនព្រោះបារម្ភពីសុវត្ថិភាពរបស់កីឡាការិនី Peng Shuai។ ការប្រកួត WTA ​Tour នៅទីក្រុងហុងកុងក៏ត្រូវបានផ្អាកជាបន្ទាន់ដែរ។ នេះបើតាមការផ្សាយរបស់ Reuters។


កីឡាការិនី Peng Shuai បានបាត់មុខចេញពីក្រសែភ្នែកសាធារណៈជនជាង៣ សប្តាហ៍ក្រោយពេលកីឡាការិនីវ័យ៣៥រូបនេះបាននិយាយថាមានអតីតមន្រ្តីជាន់ខ្ពស់ចិន បំពានផ្លូវភេទលើរូបនាង។ ប្រធានសមាគម WTA លោក Steve Simon ថាខ្លួនលោកនៅសង្ស័យយ៉ាងខ្លាំងលើសុវត្ថិភាពរបស់ Peng Shuai ។
 
«បើតាមបំណងល្អរបស់ខ្ញុំ នឹងមិនឱ្យកីឡាកររបស់យើងទៅប្រកួតទីនោះឡើយ(ប្រទេសចិន)។ ថ្នាកដឹកនាំរបស់ចិនដូចមិនបានដោះស្រាយបញ្ហាទៅតាមវិធីដែលគួរឱ្យទុកចិត្តណាមួយឡើយ ហើយបើមានការលូកដៃពីសំណាក់មន្រ្តីជាន់ខ្ពស់ចិនមកលើកីឡាការិនីបែបនេះបន្តទៀត វានឹងមានផលប៉ះពាល់ខ្លាំងណាស់។»លោក Simon និយាយបែបនេះ។
 
កីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោក Novak Djokovic ក៏បានគាំទ្រយ៉ាងខ្លាំងទៅលើការសម្រេចចិត្រ WTA ផងដែរ។
 
«ខ្ញុំពិតជាគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ WTA ព្រោះមកដល់ពេលនេះយើងមិនទាន់មានដំណឹងណាមួយឡើយអំពីសុវត្ថុិភាពរបស់ Peng Shuai ពិតប្រាកដ។ រឿងនេះគឺពិតជាសំខាន់សម្រាប់កីឡាវាយកូនបាល់ទូទាំងពិភពលោក។ Djokovic និយាយបែបនេះនាការប្រកួតពានរង្វាន់ Davis Cup នៅទីក្រុងម៉ាឌ្រីដនាថ្ងៃទី២ ខែធ្នូ។
 
យ៉ាងណាមិញ ទីក្រុងប៉េកាំង ប្រកាសប្រឆាំងការផ្អាកកម្មវិធីរបស់ WTA ដោយចាត់ទុកជារឿងនយោបាយ៕

Tag:
 Tennis
  WTA
  Peng Shuai
© រក្សាសិទ្ធិដោយ thmeythmey.com