កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុត២គ្រាប់ជួយ Man Utd ឈ្នះ Arsenal ៣-២
03, Dec 2021 , 7:47 am        
រូបភាព

Cristiano Ronaldo ស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះរបស់ Manchester United លើកក្រុម Arsenal ក្នុងលទ្ធផល ៣-២ នាជំនួប Premier League សប្តាហ៍ទី១៤ នៅថ្ងៃទី២ ខែធ្នូ។ ២គ្រាប់នេះ បានជួយ Ronaldo កើនគ្រាប់ស៊ុតសរុប៨០០គ្រាប់ក្នុងអាជីពបាល់ទាត់របស់គេ។


ក្រុមភ្ញៀវ Arsenal បានបើកការនាំមុខមុននៅនាទី១៣ តាមរយៈការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើវ័យក្មេង Emile Smith-Rowe ខណៈដែល David De Gea របួសដួលនៅមុខទី។
នៅនាទី៤៤ ជិតចប់វគ្គទី១ទៅហើយ Bruno Fernandes ស៊ុតតាមស្មើឱ្យ Man Utd វិញ ក្រោយបញ្ចូនបាល់យ៉ាងល្អពី Fred។ ចប់តង់ទី១ ក្រុមស្មើគ្នា ១-១។

ចូលដល់វគ្គ២ ខណៈការប្រកួតដំណើរការបាន៧នាទី Ronaldo បានបញ្ចប់ទីដើម្បីជួយម្ចាស់ផ្ទះនាមុខវិញ មុនពេល Martin Oedegaard វាយបកតាមស្មើឱ្យកាំភ្លើងធំនៅ២នាទីបន្ទាប់។
យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់វ័យ៣៦ឆ្នាំ បានជួយក្រុមលោក Michael Carrick យកឈ្នះក្រុមលោក Mikel Arteta ៣-២ ក្រោយទទួលបានបាល់ពិន័យប៉េណាល់ទីនៅនាទី៧០។

ជ័យជម្នះនេះបានជួយ Man Utd ឡើងទៅចំណាត់ថ្នាក់ទី៧ក្នុងតារាងលីគកំពូលអង់គ្លេស ក្រោយប្រកួត១៤លើកមាន២១ពិន្ទុ។ Arsenal តាមរយៈបរាជ័យនៅ Old Trafford នេះបានធ្វើឱ្យពួកគេខនខានចូលទៅតំបន់ Top4។ Arsenal ស្ថិតនៅចំណាត់ថ្នាក់ទី៥ មាន២៣ពិន្ទុ តាមពីក្រោយក្រុមលេខ៤ West Ham ចំនួន១ពិន្ទុ៕


© រក្សាសិទ្ធិដោយ thmeythmey.com