កីឡាអន្តរជាតិ
អន្តរជាតិ
Carrick ប្រកាសចាកចេញពី Man Utd ភ្លាមៗក្រោយដឹកនាំក្រុមឈ្នះ Arsenal 03, Dec 2021 , 9:40 am
× Michael Carrick សម្រេចចាកចេញពី Manchester United ក្រោយបញ្ចប់ការងារជាអ្នកចាត់ការបណ្តោះអាសន្ន។ Carrick ប្រកាសដំណឹងបែបនេះបន្ទាប់ពីដឹកនាំបិសាចក្រហមយកឈ្នះ Arsenal ៣-២ ក្នុងការប្រកួត Premier League នៅថ្ងៃទី២ ខែធ្នូ។
«បន្ទាប់ពីគិត និងពិចារណាជាច្រើន ខ្ញុំបានសម្រេចចិត្តថាពេលនេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការចាកចេញពី Old Trafford»។ នេះជាការអះអាងរបស់ Carrick ក្រោយដឹកនាំ Man Utd ៣ប្រកួតឈ្នះ២ប្រកួត និងស្មើមួយប្រកួត។
Carrick វ័យ៤០ឆ្នាំ ធ្លាប់ឈ្នះ Premier League ៥សម័យកាលក្នុងអំឡុងពេលជាកីឡាកររបស់បិសាចក្រហមរយៈពេល១២ឆ្នាំ។ លោកត្រូវបានដំឡើពីជំនួយការដើម្បីចូលកាន់តំណែងជាអ្នកចាត់ការបណ្តោះអាសន្ន បន្ទាប់ពីលោក Ole Gunnar Solskjaer ត្រូវបានបញ្ចប់តំណែងនៅថ្ងៃទី២១ ខែវិច្ឆិកា។
៣ប្រកួតក្រោមការដឹកនាំរបស់ Carrick ក្រុមបិសាចក្រហមឈ្នះ Villarreal ២-០ នៅ Champions League មុនស្មើ Chelsea ១-១ នៅជំនួបលីគសប្តាហ៍មុន និងចុងក្រោយឈ្នះ Arsenal ៣-២។
Carrick បានប្រកាសពីការសម្រេចចិត្តចាកចេញពី Old Trafford តែប៉ុន្មាននាទីប៉ុណ្ណោះក្រោយដឹកនាំក្រុមឈ្នះ Arsenal ដើម្បីជួយ Man Utd ឡើងទៅឈេចំណាត់ថ្នាក់ទី៧ក្នុងតារាងលីគកំពូលអង់គ្លេសសប្តាហ៍ទី១៤។
«នេះមិនមែនជាការសម្រេចចិត្តងាយស្រួលនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាត្រឹមត្រូវ»។ Carrick ប្រាប់អ្នកយកព័ត៌មានដូច្នេះនៅក្រោយចប់ការប្រកួត។
ក្លិបបិសាចក្រហម បានតែងតាំងលោក Ralf Rangnick នៅថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងនាមជាអ្នកចាត់ការទូទៅបណ្តោះអាសន្នរហូតដល់ចប់រដូវកាល២០២១២២នេះ។ លោក Rangnick វ័យ៦៣ឆ្នាំ នឹងទទួលបានតួនាទីជាទីប្រឹក្សារបស់ក្លិបរយៈពេល២ឆ្នាំទៀតក្រោយចប់រដូវកាល៕
Tag:
Michael Carrick
Manchester United
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com