ជាតិ
សារព័ត៌មានថ្មីៗ និងអង្គការដៃគូ ផ្តើមវគ្គបណ្ដុះបណ្ដាលសារព័ត៌មានដល់យុវជន នៅខេត្តកោះកុង
06, Dec 2021 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
កោះកុង៖ នៅថ្ងៃទី៦ ខែធ្នូនេះ សារព័ត៌មានថ្មីៗបានចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលជំនាញ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» ដល់យុវជនរបស់អង្គការអាក់សិនអេតប្រចាំកម្ពុជា (ActionAid Cambodia) និងអង្គការតម្លាភាពកម្ពុជា (Transparency International Cambodia) ចំនួន៣៥នាក់ ដែលមកពីខេត្តកំពង់ចាម និងកោះកុង។
 
នៅថ្ងៃទី១ នៃវគ្គបណ្ដុះបណ្ដាលនេះ លោក តន ចាន់រិទ្ធារ៉ា ការីនិពន្ធ នៃសារព័ត៌មានថ្មីៗ ជាគ្រូឧទ្ទេសដំបូងបានបង្រៀនពី «តើអ្វីជាព័ត៌មាន? អ្វីជាស្នូល និងឥទ្ធិពលព័ត៌មាន?»។  ចំណែកឯ នៅពេលរសៀលថ្ងៃទី១នេះ លោក សែម វណ្ណា និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ២៥ បង្រៀនពី «ការស្វែងរកព័ត៌មាន ជ្រើសរើសមុម»។ លោក អ៊ឹង ចំរើន អគ្គនាយកនៃសារព័ត៌មានថ្មីៗ បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹង «ក្រមសីលធម៌សារព័ត៌មានសម្រាប់អ្នកសារព័ត៌មានសហគមន៍» តាមប្រព័ន្ធអនឡាញ។ 
 
វគ្គបណ្តុះបណ្តាលនេះ គឺផ្នែកមួយនៃគម្រោង«ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា ជាមួយអង្គការ និងស្ថាប័នដៃគូមួយចំនួនទៀត។
 
គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ កោះកុង ជាគោលដៅចុងក្រោយ នៃវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន បន្ទាប់ពីខេត្តកំពង់ធំ កំពត និងពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបានក្រោមការសម្របសម្រួលរបស់ អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕















© រក្សាសិទ្ធិដោយ thmeythmey.com