កីឡាអន្តរជាតិ
អន្តរជាតិ
ប្រមុខ UN នឹងចូលរួមពិធីបើកអូឡាំពិកប៉េកាំង ស្របពេលប្រទេសមហាអំណាចខ្លះពហិការ 15, Jan 2022 , 9:29 am
× អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នឹងទៅចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ នៅខែក្រោយ។ ប្រមុខ UN រូបនេះ លើកឡើងថា ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ជាឧបករណ៍ជំរុញសន្តិភាពរបស់មនុស្សជាតិ។
លោក ហ្គូតេរ៉េស បានបញ្ជាក់ពីការចូលរួមរបស់លោកនៅថ្ងៃទី១៣ ខែមករា ចំពេលមេដឹកនាំកំពូលៗជាច្រើនធ្វើពហិការការទូតក្នុងព្រឹត្តិការណ៍រដូវរងារនេះ។ អាម៉េរិក រួមជាមួយអូស្ត្រាលី អង់គ្លេស កាណាដា និងជប៉ុន មិនបញ្ជូនមន្ត្រីរបស់ខ្លួនទៅចួលរួមពិធីបើកអូឡាំពិកនៅថ្ងៃទី៤ ខែកុម្ភៈឡើយ ដើម្បីប្រឆាំងចិន ដែលត្រូវបានចោទថាបានរំលោភសិទ្ធិមនុស្សទៅលើជនជាតិវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតនៅតំបន់ស៊ីនជាំង។
មុនសម្រេចធ្វើពហិការការទូត ក្រុមសិទ្ធិមនុស្ស និងសមាជិកសភាសអាម៉េរិកបានអំពាវនាវដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពន្យារពេលការប្រកួតកីឡានេះ ហើយផ្លាស់ប្តូរទីតាំងប្រកួតវិញ លុះត្រាចិនបញ្ចប់ទង្វើដ៏អាក្រក់របស់ខ្លួន ដែលអាម៉េរិកចាត់ទុកថាជាការអំពើប្រល័យពូជសាសន៍។
យ៉ាងណាក៏ដោយ ចិនបដិសេធការការចោទនេះ និងថ្កោលទោសចំពោះការធ្វើពហិការពីសំណាក់ប្រទេសទាំងនោះ ថាជាការក្បត់គោលការណ៍អូឡាំពិក។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អគ្គលេខាធិការ UN បានប្រាប់អ្នកយកព័ត៌មានថាលោកនឹងទៅចូលរួមពិធីបើកអូឡាំពិក ដ្បិតនេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតដែលតំណាងឱ្យតួនាទីនៃកីឡាក្នុងការនាំមនុស្សរួបរួមគ្នា និងលើកកម្ពស់សន្តិភាព។
លោក ហ្គូតេរ៉េស បញ្ជាក់ច្បាស់ៗថាលោកទៅចួលរួមនេះដោយមិនជាប់ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយណាមួយឡើយ។ «វត្តមានរបស់ខ្ញុំនៅក្នុងកម្មវិធីបើកអូឡាំពិកឆ្នាំ២០២២ ព្រោះកីឡាអូឡាំពិកជាឧបករណ៍សម្រាប់សន្តិភាពនៅក្នុងពិភពលោក»៕
© រក្សាសិទ្ធិដោយ thmeythmey.com