កីឡាជាតិ
ជាតិ
អ្វីជាលក្ខណៈវិនិច្ឆ័យ របស់ AFC ដែលក្រុមហ៊ុនលីគកម្ពុជា CPL ផ្ដោតលើ?
16, Jan 2022 , 9:59 pm        
រូបភាព
លោក Satoshi Saito នាជំនួបជាមួយតំណាងក្លិបកន្លងមក។ រូបថត ជា យូគៀង
លោក Satoshi Saito នាជំនួបជាមួយតំណាងក្លិបកន្លងមក។ រូបថត ជា យូគៀង
ក្លិបចំនួន​៨មាន​ឈ្មោះ​លេងនៅ លីគកំពូលកម្ពុជា ខណៈ៥ក្លិបត្រូវធ្លាក់ទៅលេងនៅលីគ២ ហេតុផលដោយសារក្លិបមិនទាន់មានគ្រប់គ្រាន់នូវលក្ខណៈវិនិច្ឆ័យ របស់ក្រុមហ៊ុនលីគកម្ពុជា (Cambodian Premier League) ។ នាយកប្រតិបត្តិ ក្រុមហ៊ុនលីគកម្ពុជា លោក Satoshi Saito បានលើកឡើងនូវលក្ខណៈវិនិច្ឆ័យរបស់ក្រុមហ៊ុនលីគ ដែលមានលក្ខណៈមិនខុសពីសហព័ន្ធ​កីឡា​បាល់ទាត់ទ្វីបអាស៊ី (AFC) នោះឡើយ។
 
 
តើអ្វីទៅជាលក្ខណៈវិនិច្ឆ័យរបស់ AFC?
 
លោក Satoshi Saito ចង់ពង្រឹងកីឡាបាល់ទាត់កម្ពុជា ​មិនត្រូវតែការប្រកួតក្នុងប្រទេសនោះទេ គឺចង់ជំរុញ​ឲ្យក្លិបបាល់ទាត់កម្ពុជា ក៏ដូចជាជម្រើសជាតិកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតអន្ដរជាតិ នានា ។ ដូច្នេះហើយ នាយកប្រតិបត្តរូបនេះ បានយកលក្ខណៈវិនិច្ឆ័យរបស់ AFC យកមកអនុវត្ត ពោលគឺក្លិបម្ចាស់ជើងឯក និងជើងឯករងក្នុងលីគកំពូលកម្ពុជា អាចឡើងទៅប្រកួតនៅ AFC Cup ដោយគ្មានការបដិសេធ បើសិនក្លិបនោះមានគ្រប់លក្ខណៈវិនិច្ឆ័យរបស់ AFC ។ 
 
យោងតាមគេហទំព័រ Asian Football Confederation លក្ខណៈវិនិច្ឆ័យ ដែលតម្រូវឲ្យក្លិបទាំងអស់ត្រូវមាន ដើម្បីអាចចូលរួមប្រកួតនូវពាន់រង្វាន់ថ្នាក់អាស៊ីនេះបាន មាន៥យ៉ាង៖ 
 
១.លក្ខណៈវិនិច្ឆ័យកីឡា (Sporting Criteria)

ក្លិបត្រូវមានការវិវឌ្ឍនូវវិស័យបាល់ទាត់របស់ខ្លួន ដូចជា ការអភិវឌ្ឍនូវធនធានយុវជន (ឈុតយុវជន) ។ ជាពិសេស ក្លិបត្រូវផ្ដល់នូវសេវាសុខាមាលភាពទៅលើកីឡាករ និងកីឡាការិនីរបស់ខ្លួន និងត្រូវធានាឲ្យបានថា ក្រុមយុវជនខ្លួន មិនមានការរាំងស្ទះនូវការសិក្សារប្រចាំថ្ងៃរបស់ពួកគេ ។
 
២.លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Criteria)
 
ក្លិបត្រូវតម្រូវឲ្យមានកីឡដ្ឋានប្រកួតផ្ទាល់ខ្លួន បូករួមជាមួយការបំពាក់ឧបករណ៍ហ្វឹក​ហាត់តាមស្ដងដារ ។ ចំពោះកីឡដ្ឋាន ក្លិបត្រូវធានានូវសុវត្ថិភាពរបស់អ្នកទស្សនា ក៏ដូចជាប្រតិភូ ។ ទីលាន ឬគំនូស និងទស្សនីយភាព អាចផ្ដល់ឲ្យអ្នកគាំទ្របានគ្រប់ជ្រុងជ្រោយ ។
 
៣. លក្ខណៈវិនិច្ឆ័យបុគ្គលិក និងផ្នែករដ្ឋបាល (Personnel and Administrative Criteria)

ក្លិបត្រូវបាន​តម្រូវឲ្យមាន បុគ្គលិកជំនាញដូចជា អ្នកចាត់ការទូទៅ, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ, អ្នកផ្សព្វផ្សាយ, ពេទ្យព្យាបាលកាយសម្បទា, គ្រូបង្វឹក ។ល។ ដែលអ្នកទាំងនោះត្រូវការមានអជ្ញាប័ណ្ណបញ្ជាក់ពីជំនាញខ្លួន ។ នៅក្នុងនោះ ក៏ត្រូវមានគ្រូបង្វឹក ដែលមានអជ្ញាប័ណ្ណជាតិ និង AFC ផងដែរ ។
 
៤. លក្ខណៈវិនិច្ឆ័យតាមច្បាប់ (Legal Criteria)
 
លក្ខណៈវិនិច្ឆ័យតាមច្បាប់ សំដៅទៅលើឯកសារ ដែលតម្រូវឲ្យប្រគល់ជូនគណៈកម្មការរៀបចំការប្រកួត ។ នៅក្នុងនោះ បូករួមទាំងអជ្ញាប័ណ្ណរបស់ក្លិប ដែលមានបញ្ជាក់ពីសហព័ន្ធជាតិ ។
 
៥.លក្ខណៈវិនិច្ឆ័យលើហិរេញ្ញវត្ថុ (Financial Criteria)
 
ការប្រើប្រាស់ហិរេញ្ញវត្ថុ ប្រចាំឆ្នាំ ឬរដូវកាលនីមួយៗ ត្រូវបានត្រួតពិនិត្យ និងមិនឲ្យលើសចំនួន ដែលបានកំណត់ក្នុងការណែនាំរបស់ AFC ហើយ គម្រោងប្រើប្រាស់ថវិការប្រចាំរដូវកាល សម្រាប់រដូវកាលថ្មី ត្រូវប្រគល់ទៅគណៈកម្មការ AFC ពិនិត្យ មុនពេលចាប់ផ្ដើមរដូវកាល ។
 
 
គម្រោង​ប្រើ​ប្រាស់​ថវិកា 
 
សម្រាប់ក្លិប ដែលបានធ្វើការជាមួយ AFC ក៏ដូចជាក្លិបដែលទទួលបានអាជ្ញាប័ណ្ណ AFC ហើយ ត្រូវបង្ហាញនូវគម្រោងប្រើប្រាស់ថវិកា សម្រាប់រដូវកាលខាងមុខ មុននឹងចាប់ផ្ដើមរដូវកាល ។ 
 
គួរបញ្ជាក់ដែរថា ក្លិបលីគកម្ពុជាទាំង៨ (ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត, វិសាខា, ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ និង​គិរីវង់សុខសែនជ័យ) បានជាប់នូវលក្ខណៈវិនិច្ឆ័យ នេះខ្លះហើយ បើទោះមិនទាន់បានមួយរយភាគរយក៏ដោយ។ ឆ្លើយតបទៅ និងតម្រូវការរបស់ក្រុមហ៊ុនលីគ កម្ពុជា ក្លិបទាំងអស់ បានបណ្ដុះនូវថ្នាលយុវជន និងកីឡាការិនី ជាពិសេសទៀតនោះ ក៏ចាប់ផ្ដើមសាងសងនូវកីឡដ្ឋានរបស់ខ្លួនផងដែរ ដូចជាណាហ្គាវើលដ៍ជាដើម ។ 
 
ប្រតិកម្មនានា៖
ការសម្រេចឲ្យអគ្គិសនីកម្ពុជា អាស៊ីអឺរ៉ុប នគរបាលជាតិ ព្រៃវែង និងសូលទីឡូអង្គរ ទៅ​លេងក្នុងលីគ២ ក៏បាន​បង្កឲ្យ​ប្រតិកម្ម​ផ្សេងៗ​ផងដែរ។ កាលពី​ថ្ងៃទី១៣ ខែមករា លោក Satoshi Saito បាន​លើក​យក​ប្រធាន​បទនេះ មក​និយាយដោយមានការចូលរួមតំណាងក្លិប និងអ្នក​សារព័ត៌មានមួយចំនួន។
 
លោក ផេង ចន្នា អ្នកចាត់ការក្លិប អាស៊ីអឺរ៉ុបយូណាយធីត បានបញ្ជាក់ប្រាប់សារពត៌មានថ្មីៗថា ការកែទម្រង់ រដ្ឋបាលរបស់ក្រុមហ៊ុនលីគកម្ពុជា លឿនពេកធ្វើឲ្យក្លិបមិនអាចធ្វើទាន់តម្រូវការ ។ លោកបាន បន្ថែមថា៖«ក្លិប មិនរំពឹងទុកថា នឹងឡើងទៅប្រកួតនៅក្រៅស្រុកទេ គ្រាន់តែចង់ចូលរួមក្នុងវិស័យ កីឡាបាល់ទាត់កម្ពុជាប៉ុណ្ណោះ»។
 
តាមកិច្ចប្រជុំសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ ក្លិបទាំង៥ ដែលកាត់ទៅលីគ២កម្ពុជា នឹងអាចឡើងមកលេងនៅលីគកំពូលបាន ដោយមិនចាំបាច់ឈ្នះជាជើងឯកលីគ២ ដោយគ្រាន់តែមាននៅឯកសារគ្រប់គ្រាន់ តាមតម្រូវការរបស់ក្រុមហ៊ុនលីគ ។ នេះបើតាមការបញ្ជាក់ របស់លោក ផេង ចន្នា ។
 
រីឯ​លោក ទេស ពិសាល អគ្គលេខាធិការរង ក្លិបព្រៃ វែង បានបំភ្លឺថា ក្លិបព្រៃវែង មិនទាន់មានគ្រប់លក្ខខណ្ឌ​របស់ Cambodian Premier League ដូច្នេះហើយ ទើបសម្រេចថា និងលេងនៅលីគ២សិន ។ អគ្គលេខាធិការរងរូបនេះ បន្ថែមថាក្លិបនឹងត្រឡប់មកលេងនៅលីគ១ វិញក្រោយពីក្លិបបំពេញគ្រប់តម្រូវការ។
 
ការកាត់ក្លិបទាំង៥នេះ ឲ្យទៅលេងលីគ២ មិនមែនមានន័យថាចង់លុបក្លិបដែលខ្សោយ ឬខ្វះខាតឯកសារ តែម្យ៉ាងទេ តែដើម្បីពង្រឹងសមត្ថភាព និងជម្រុញឲ្យបាល់ទាត់កម្ពុជាដើរទៅរកស្ដង់ដារអន្ដរជាតិ នេះបើតាមការ​បញ្ជាក់​របស់​លោក Satoshi Saito។ 
 
នាយកប្រតិបត្តិរូបនេះ រំពឹងទុកថាកម្ពុជា និងអាចប្រកួតប្រជែងជាជើងឯក ក្នុងព្រឹត្តិការណ៍ណាមួយ ជាមួយនិងវៀតណាម និងថៃ ។ ម្យ៉ាងវិញទៀតក៏ជាឪកាស សម្រាប់កីឡាករមួយចំនួន ដែលមានបទពិសោធន៍តិចតួរ ធ្វើការបន្សាំនៅទីលានប្រកួតផងដែរ ។
ដោយឡែងក្នុងការសម្រេចនេះ មានមតិជាច្រើនថា ណាហ្គាវើលដ៍ និងគិរីវង់សុខសែនជ័យ មិនទាន់មានគ្រប់លក្ខណៈវិនិច្ឆ័យ តាមតម្រូវការរបស់ក្រុមហ៊ុនលីគទេ តែក្លិបទាំង២ នៅតែបន្ដលេងលីគ១ ដដែរ ។ អ្នកគាំទ្រថា ក្លិបណាហ្គាវើលដ៍ មិនមានកីឡដ្ឋានផ្ទាល់ខ្លួនទេ ចំណែកគិរីវង់វិញ កីឡដ្ឋាន ក៏បៀបមិនបាន អាស៊ីអឺរ៉ុប ហេតុអីបានជាក្លិបទាំងពីរ អាចជាប់នៅលីគ១ ?
 
ឆ្លើយតប និងបញ្ហានេះ លោកបានអះអាងថា ណាហ្គាវើលដ៍ គឺមានស្ទើរគ្រប់បែបបទហើយ ដោយឡែកកីឡដ្ឋានផ្ទាល់ខ្លួន កំពុងសាងសង់ ខណៈគីរីវង់សុខសែនជ័យ មានទីលានរាងចាស់ និងតូចបន្ដិច ប៉ុន្តែ​បំពេញ​បាន​លក្ខខណ្ឌជាច្រើន៕
 

Tag:
 AFC Criteria
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com