កីឡាអន្តរជាតិ
អន្តរជាតិ
Rangnick ថា មិនបានខ្វាយខ្វល់ពីការខឹងសម្បាររបស់ Ronaldo ឡើយ
20, Jan 2022 , 2:39 pm        
រូបភាព
លោក Raft Rangnick និយាយថ្ងៃទី១៩ ខែមករាថា មិនបានខ្វាយខ្វល់ចំពោះខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបង្ហាញអារម្មណ៍ការខឹងសម្បារពេលត្រូវបានប្តូរចេញក្នុងការប្រកួត Manchester United ឈ្នះ ៣-១ លើ Brentford។


ក្រុមបិសាចក្រហម រកជ័យជម្នះលើកដំបូងសម្រាប់ដើមឆ្នាំ ២០២២ នេះក្នុងការក្របខណ្ឌ Premier League។ ៣គ្រាប់របស់ Man Utd រកបានដោយកីឡាករ Anthony Elanga, Mason Greenwood និង Marcus Rashford មុនពេលខ្សែប្រយុទ្ធ Ivan Toney របស់ Brentford រកបាន១គ្រាប់មកវិញ។
 
នៅនាទី៧១ ខ្សែប្រយុទ្ធ Ronaldo និង Greenwood ត្រូវបានលោក Rangnick ផ្លាស់ប្តូរចេញជំនួសដោយកីឡាករ Marcus Rashford និងខ្សែការពារ Harry Maguire ដែលបន្ថែមតំបន់ការពារដល់ទៅ៥នាក់។ 
  


Ronaldo បានបង្ហាញអារម្មណ៍ខឹងសម្បារក្រោយត្រូវបានផ្លាស់ប្តូរចេញ និងបញ្ចេញកាយវិការមិនពេញចិត្តចាប់តាំងពីទីលានរហូតទៅដល់កៅអីអង្គុយបម្រុង។ 
 
«ជារឿងធម្មតាទេ គេជាខ្សែប្រយុទ្ធ គេតែងចង់រកបានគ្រាប់បាល់គឺអ៊ីចឹងហើយ គេទើបជាពីរបួសបន្តិចបន្តួច។ អ្វីសំខាន់គឺយើងមានការប្រកួតនៅ៣ថ្ងៃទៀត។ ចំពោះរឿងនេះ ខ្ញុំមិនបានខ្វាយខ្វល់ឡើយ ព្រោះយើងត្រូវការឈ្នះអ៊ីចឹង យើងត្រូវការផ្លាស់ប្តូរបែបនេះ។»លោក Rangnick និយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
 
ជ័យជម្នះលើ Brentford បែបនេះក្រុម Manchester United បានរំកិលខ្លួនមាន ៣៥ពិន្ទុ ឈរលេខ៧ ដែលស្មើជាមួយក្រុមកាំភ្លើងធំ Arsenal ឈរលេខ៦ដែលមាន៣៥ពិន្ទុដូចគ្នា៕
 

Tag:
 Raft Rangnick
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com