កីឡាអន្តរជាតិ
អន្តរជាតិ
Afcon-2021៖ កូតឌីវ័រទម្លាក់ក្រុមការពារតំណែងជើងឯកអាល់ហ្សេរីត្រឹមវគ្គចែកពូល
21, Jan 2022 , 12:29 pm        
រូបភាព
កូតឌីវ័របានយកឈ្នះក្រុមអាល់ហ្សេរីក្នុងលទ្ធផល ៣-១ ថ្ងៃទី២១ ខែមករា។ កូតឌីវ័រ បញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល E នឹងបានទម្លាក់ក្រុមការពារជើងឯកចេញពីពានរង្វាន់ Africa Cup of Nations ត្រឹមវគ្គចែកពូល ក្នុងប្រទេសកាមេរូន។


៣គ្រាប់របស់កូតឌីវ័រសម្រេចបានដោយកីឡាករ Franck Kessie, Ibrahim Sangare និងកីឡាករ Nicolas Pepe មុនកីឡាករ Sofiane Bendebka របស់អាល់ហ្សេរីរកបាន១គ្រាប់មកវិញ។ កីឡាករ Riyad Mahrez របស់ក្រុម Manchester City ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលនៅនាទី៦០។
 
ជាមួយទម្រង់លេងយ៉ាងល្អនេះ កូតឌីវ័រ បានបញ្ចប់ចំណាត់ថ្នាក់លេខមួយ ពូល E មាន៧ពិន្ទុ ហ្គីណេ អេក្វាឌ័រលេខ២មាន៦ពិន្ទុ សៀរ៉ាឡេអូនលេខ៣ មាន២ពិន្ទុ និងក្រុមលេខ៤ អាល់ហ្សេរីបានធ្លាក់ពីការប្រកួត។


 
ក្រោយទម្លាក់ក្រុមខ្លាំងដូចអាល់ហ្សេរីលោក Patrick Beaumelle គ្រូបង្វឹករបស់កូតឌីវ័រ បាននិយាយថា កត្តាដែលជួយឱ្យក្រុមឈ្នះយ៉ាងងាយស្រួលនេះ ដោយសារអាល់ហ្សេរីគ្មានភាពជឿជាក់។
 
«នេះជាការប្រកួតមួយយ៉ាងល្អបំផុតមិនដូចការប្រកួតដទៃឡើយ ព្រោះយើងបានត្រៀមយុទ្ធសាស្រ្តយ៉ាងល្អមុនការប្រកួត។ ហេតុផលដែលអាល់ហ្សេរីចាញ់ប្រកួត ដោយសារតែពួកគេគ្មានភាពជឿជាក់។»លោក Beaumelle បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
ក្រុមដែលឈ្នះការប្រកួតវគ្គចែកពូលនឹងបន្តដំណើរមកកាន់ការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ Africa Cup of Nations 2021 ប្រទេសកាមេរូន។ 
  


ខាងក្រោមនេះជាការប្រកួតនឹងជំនួបរបស់ក្រុមនីមួយៗ នាថ្ងៃទី២៣ ខែមករា៖ 
 
ជំនួបរវាងក្រុមបួគីណាហ្វាសូ ប៉ះ ហ្គាបុង វេលាម៉ោង ១១យប់ នាកីឡដ្ឋាន Limbe Stadium។ ក្រុមនីហ្សេរីយ៉ា ប៉ះ ទុយនីស៊ី វេលាម៉ោង ២យប់ នាកីឡដ្ឋាន Roumde Adjia Stadium។
 
ថ្ងៃទី២៤ខែមករា
ជំនួបរវាងក្រុម ហ្គីណេ ប៉ះ ហ្គាំប៊ី វេលាម៉ោង ១១យប់ នាកីឡដ្ឋាន Kouekong Stadium។ កាមេរូន ទទួលក្រុម កូម័រ វេលាម៉ោង ២យប់ នាកីឡដ្ឋាន Olembe Stadium។
 
ថ្ងៃទី២៥ខែមករា
ជំនួបរវាងក្រុម សេណេហ្គាល់ ប៉ះ កាប់វែរ វេលាម៉ោង ១១យប់ នាកីឡដ្ឋាន Kouekong Stadium។ ម៉ារ៉ុក ប៉ះ ម៉ាឡាវី វេលាម៉ោង ២យប់ នាកីឡដ្ឋាន Ahmadou Ahidjo Stadium។
 
ថ្ងៃទី២៦ខែមករា
ជំនួបរវាងក្រុម កូតឌីវ័រ ប៉ះ អេហ្ស៊ីប វេលាម៉ោង ១១យប់ នាកីឡដ្ឋាន Japoma Stadium។ ម៉ាលី ប៉ះ ហ្គីណេ អេក្វាទ័រ វេលាម៉ោង ២យប់ នាកីឡដ្ឋាន Limbe Stadium៕
 
 
 
 

Tag:
 Africa Cup of Nations 2021
© រក្សាសិទ្ធិដោយ thmeythmey.com