ពីនេះ ពីនោះ
ប្រភេទត្រី «ស» និងត្រី «ខ្មៅ» បានផ្គត់ផ្គង់ប្រូតេអ៊ីនដល់ប្រជាជនកម្ពុជា ស្ទើរពេញមួយឆ្នាំ
28, Jan 2022 , 6:59 pm        
រូបភាព
ប្រភេទត្រីស ដែលអ្នកនេសាទចាប់បាននៅក្នុងតំបន់វាលទំនាបលិចទឹក ក្នុងខេត្តកំពង់ចាម។ រូបភាព៖ ឈុត ឈាណា
ប្រភេទត្រីស ដែលអ្នកនេសាទចាប់បាននៅក្នុងតំបន់វាលទំនាបលិចទឹក ក្នុងខេត្តកំពង់ចាម។ រូបភាព៖ ឈុត ឈាណា
ដោយ:
ត្រី «ស» គឺជាប្រភេទត្រី ដែលធ្វើចរាចរផ្លាស់ទីផ្លូវឆ្ងាយ វាចំណាយពេលភាគច្រើនរស់នៅតាមទន្លេ។ ជារៀងរាល់ឆ្នាំ កម្រិតកម្ពស់ទឹកទន្លេមេគង្គ បានឡើង និងបាចសាចទៅតំបន់វាលទំនាបលិចទឹកនានា ដែលជាឱកាសសម្រាប់ពពួកត្រីសទាំងនោះ ចាកចេញពីទន្លេទៅស្វែងរកចំណី និងលួតលាស់នៅក្នុងទីជម្រកតាមតំបន់វាលទំនាបទាំងនោះ។ នៅចុងរដូវវស្សា ទឹកជំនន់ចាប់ផ្តើមស្រកចុះ ត្រី «ស» ក៏បានចាកចេញពីតំបន់វាលទំនាបលិចទឹក វិលត្រឡប់ចូលទៅក្នុងទន្លេមេគង្គ ដែលជាទីជម្រកដើមវិញ ដើម្បីលាក់ខ្លួនក្នុងរដូវប្រាំង និងបន្តពូជ។ ប្រភេទត្រី «ស» មានដូចជា៖ ត្រីឆ្លាំង Hemibagrus nemurus ត្រីកាហែ Barbonymus altus ត្រីអណ្តាតឆ្កែ Eurygoss sp. ត្រីដំរី Oxyeleotris marmorata ត្រីប្រា Pangasius hypophthalmus ត្រីពោ Pangasius larnaudii ត្រីសណ្តាយ Wallago attu ត្រីប្រម៉ា Boesemania microlepis នៅក្នុងចំណោមត្រីជាច្រើនប្រភេទផ្សេងទៀត។
 
ចំណែកត្រី «ខ្មៅ» គឺជាប្រភេទត្រីដែលអាចរស់នៅក្នុងទឹក ដែលនៅសេសល់ពីជំនន់ទន្លេមេគង្គ តាមវាលស្រែ បឹង ថ្លុក ត្រពាំង ស្រះ និងអូរ។ ក្នុងរដូវប្រាំង ទឹកឡើងកម្ពៅដោយការរីងហួតដែលធ្វើទឹកកាន់តែរាក់ និងប្រែពណ៌ដោយសារធាតុគីមីផ្សេងៗ ដែលចេញពីរុក្ខជាតិរលួយ។ ការរលួយនៃរុក្ខជាតិនោះ បានធ្វើឱ្យទឹកមានជាតិអាស៊ីត និងខ្វះអុកស៊ីសែន។ ទោះស្ថានភាពទឹកបែបនេះក្តី ប៉ុន្តែប្រភេទត្រី «ខ្មៅ» នៅតែទ្រាំទ្ររស់បាន ដោយភាគច្រើនពួកវាអាចដកដង្ហើមនៅលើផ្ទៃទឹក និងខ្លះអាចធ្វើចរាចរនៅលើគោក ពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បស្វែងរកប្រភពទឹកថ្មីបានថែមទៀតផង។ ក្នុងនោះ មានប្រភេទត្រីមួយចំនួន អាចកប់ខ្លួនជ្រៅក្នុងភក់ សម្ងំរស់ ដើម្បីរង់ចាំរដូវវស្សាឆ្នាំក្រោយមកដល់បានថែមទៀតផង។ ប្រភេទត្រីខ្មៅទាំងនោះ មានដូចជា៖ ត្រីក្រាញ់ Anabas testudineus ត្រីអណ្តែង Clarias batrachus អន្ទង់ Ophisternon bengalense ត្រីរ៉ស់ ឬផ្ទក់ Channa striata ត្រីដៀប ឬឆ្តោ Channa micropeltes នៅក្នុងចំណោមត្រីជាច្រើនប្រភេទផ្សេងទៀត។ 
 

កុមារាក្នុងរូបភាពនេះ ប្រើប្រាស់អង្រុត ដើម្បីចាប់ត្រីនៅតាមវាលស្រែ ស្ថិតនៅក្នុងស្រុកព្រៃឈ ខេត្តកំពង់ចាម។ រូបភាព៖ ឈុត ឈាណា
 


កុមារាក្នុងរូបភាពនេះ លើកបង្ហាញត្រីដែលគេចាប់បានក្នុងស្រះមួយ ស្ថិតនៅក្នុងស្រុកពាមរក៍ខេត្តព្រៃវែង។ រូបភាព៖ ឈុត ឈាណា
 
យុទ្ធសាស្ត្រនៃវដ្តជីវិតផ្សេងៗ គ្នា នៃប្រភេទត្រី «ស» និងត្រី «ខ្មៅ» បានជួយផ្គត់ផ្គង់ប្រូតេអ៊ីនដល់ប្រជាជនកម្ពុជា ស្ទើរពេញមួយឆ្នាំ ធ្វើឱ្យពួកគេវាក្លាយជាប្រភពដ៏មានតម្លៃនៃសន្តិសុខស្បៀង។ ដូច្នេះសូមថែរក្សាទីជម្រកផ្សេងៗ ដើម្បីគាំទ្រដល់ប្រភេទត្រីដ៏មានសារៈសំខាន់ៗទាំងនេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com