ជាតិ
នគរបាលជាតិ និងក្រសួងសាធារណការ បើកវគ្គបណ្តុះបណ្តាលពីការគ្រប់គ្រងពិន័យ និងការដកពិន្ទុបណ្ណបើកបរ
08, Feb 2022 , 2:12 pm        
រូបភាព
អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមក បានរួមគ្នា បើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនិងការដកពិន្ទុបណ្ណបើកបរ។


តាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ វគ្គបណ្តុះបណ្តាលនានេះ មានការចូលរួមពី ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភំ្នពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ និងគ្រូឧទ្ទេសនាមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យ អំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុបណ្ណបើកបរ គឺស្របទៅនឹងចក្ខុវិស័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លើការកសាងនូវបច្ចេកទេសបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងបទល្មើស មិនថាតែបទល្មើសចរាចរណ៍ទេ បទល្មើសព្រហ្មទណ្ឌ ឬបទល្មើសផ្សេងៗទៀត ក៏អាចរៀបចំចងក្រងបទល្មើសក្នុងប្រព័ន្ធគ្រប់គ្រងទំនើបផងដែរ។

លោកបានសង្កត់ធ្ងន់ថា គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលមាន៣ចំណុចសំខាន់ៗ ទីមួយគឺបង្កើនសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី លើការគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ទីពីរ បង្ហាញនូវនីតិវិធីប្រតិបត្តិការប្រព័ន្ធ និងការប្រើប្រាស់ឧបករណ៍ពិន័យអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងទីបី ជាវិធីគ្រប់គ្រងព័ត៌មាន និងការរក្សាទុកទិន្នន័យនៃការពិន័យ។

នាឱកាសនោះដែរ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរង នៃគណៈកម្មការជាតិចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា៖ «យើងដឹងហើយថា បច្ចេកវិទ្យាឥឡូវវាទំនើប ដូច្នេះការប្រើប្រាស់ឧបករណ៍ប្រកបដោយបច្ចេកវិទ្យាទំនើបនេះ គឺត្រូវតែមានការរៀនសូត្រ»។

លោកបានបន្ថែមថា វគ្គសិក្សានេះ គឺជាវគ្គដំបូង ដែលរៀនអំពីឧបករណ៍ប្រើដោយបច្ចេកវិទ្យា ដូច្នេះសិក្ខាកាមត្រូវតែចេះបច្ចេកទេសច្បាស់លាស់ក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះ ពីព្រោះការប្រើឧបករណ៍បច្ចេកទេស បើបញ្ចូលទិន្នន័យខុស វាក៏ឲ្យលទ្ធផលខុសផងដែរ ។ ដូច្នេះវាទាមទារឲ្យសិក្ខាកាមទាំងអស់ចេះស្ទាត់ជំនាញ ដើម្បីឲ្យក្លាយជាគ្រូបង្គោលក្នុងការយកទៅបង្ហាត់បង្រៀនបន្តទៀត ៕



© រក្សាសិទ្ធិដោយ thmeythmey.com