ជាតិ
សម្តេច ស ខេង ព្រួយបារម្ភយ៉ាងខ្លាំងបញ្ហាគ្រឿងញៀន ដោយស្នើសុំកិច្ចសហការគ្រប់ភាគី
09, Feb 2022 , 11:21 am        
រូបភាព
ក្នុងចំណោមអ្នកជាប់ពន្ធនាគារប្រមាណ ៣៨០០០នាក់ មានជាង២០០០០នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ សម្រាប់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង តួលេខនេះ ក្លាយជាក្តីកង្វល់មួយដ៏ធំ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ និងកិច្ចសហការពីគ្រប់ភាគីទាំងអស់។


ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសុវត្ថិភាពចរាចរណ៍ប្រចាំឆ្នាំនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ នេះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រួយបារម្ភពីកការវាយលុកគ្រឿងញៀននៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា បញ្ហាកូវីដ-១៩ នឹងឈានដល់ទីបញ្ចប់ ប៉ុន្តែបញ្ហាសុខភាពសាធារណៈពាក់ព័ន្ធនឹងគ្រឿងញៀន នឹងផ្តល់ការលំបាកកាន់តែខ្លាំង។

បច្ចុប្បន្ន ពន្ធនាគារជួបបញ្ហាណែនចង្អៀត ដោយសារតែ៥៤,៥២ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំ ជាអ្នកដែលពាក់ព័ន្ធគ្រឿងញៀន ដែលក្នុងនោះមានទាំងអ្នកដែលរកស៊ី និងអ្នកជក់។ សម្តេច ស ខេង បានលើកឡើងពីការស្តារនីតិសម្បទា ការបន្សាបគ្រឿងញៀន ដើម្បីការបន្ថយការចង្អៀតណែននៅក្នុងពន្ធនាគារ។

«យើងអាចយកអ្នកទាំងនោះ ទៅដាក់កន្លែងណាមួយឲ្យធ្វើពលកម្ម ដូចជាដាំបន្លែជាដើម រយៈពេល៨ម៉ោងក្នុង១ថ្ងៃ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើទៅគ្រប់ភាគីទាំងអស់គិតគូពីបញ្ហានេះរួមគ្នា។

សម្តេចបានបញ្ជាក់ថា អាជ្ញាធរចង់បានកិច្ចសហការពីបណ្តាសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល ក្នុងការទប់ស្កាត់គ្រឿងញៀន។ «យើងចង់បានការរិះគន់ និងការចង់ការចូលរួមជាក់ស្តែងផងដែរក្នុងការជួយដោះស្រាយបញ្ហាសង្គម»។

សម្តេច ស ខេង បានបញ្ជាក់ថា សម្តេចនឹងជជែកបន្ថែមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើផែនការស្តារនីតិសម្បទា ហើយជំរុញឲ្យអាជ្ញាធរខេត្តចាប់ផ្តើមគិតពិចារណា មុនសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃនាពេលខាងមុខ៕


© រក្សាសិទ្ធិដោយ thmeythmey.com