ជាតិ
លោក ម៉ប់ សារិន ក្លាយជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត
09, Feb 2022 , 10:59 pm        
រូបភាព
លោក ម៉ប់ សារិន ក្លាយជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី
លោក ម៉ប់ សារិន ក្លាយជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានជ្រើសតាំងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នាកិច្ច​ប្រជុំប្រចាំឆ្នាំ​របស់​សមាគម ដែលរៀបចំនៅខេត្តកែប កាលពីថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ម៉ប់ សារិន ឡើងជំនួស​លោក​ ប៉ា សុជាតិវង្ស ដែលបានផ្ទេរទៅកាន់តំណែងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។
 
កាលពីខែតុលា ឆ្នាំ២០២១ កន្លងមក លោក ម៉ប់ សារិន ត្រូវបាន​ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ជាប្រធាន​ក្រុមប្រឹក្សារាជធានីភ្នំពេញ បន្ទាប់ពី​លោក ប៉ា សុជាតិវង្ស ត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រីទទួល​បន្ទុក​បេសកកម្មពិសេស។​ សម្រាប់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត លោក យឹម សុខុម ប្រធាន​ក្រុម​ប្រឹក្សាខេត្តកំពង់ស្ពឺ បាន​ទទួលបន្ទុកជាប្រធាន​ស្តីទីនារយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ។
 
កិច្ច​ប្រជុំនាថ្ងៃទី​៩ ខែកុម្ភៈ មានសមាសភាពចូលរួមប្រមាណ​១៩០នាក់ ដែលជា​​សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត, ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, គណៈអភិបាលរាជធានី ខេត្ត, នាយករដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាធានី ខេត្ត និងដៃគូអភិវឌ្ឍន៍។
 
សមាជិកក្រុមប្រឹក្សាជាតិចំនួន ៨៥ រូប បានអនុម័តគាំទ្រការជ្រើសតាំងលោក ម៉ប់ សារិន អតីតអភិបាល​រងរាជធានីភ្នំពេញ និងបច្ចុប្បន្នជា​ប្រធាន​ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើជា​ប្រធាន​សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។
 
បង្កើតឡើងនៅ​ឆ្នាំ២០១៣  សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត មាន​បេសកកម្ម​លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និង កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
 
 

Tag:
 ម៉ប់ សារិន
© រក្សាសិទ្ធិដោយ thmeythmey.com