ជាតិ
អគារថ្មីស្នងការនគរបាលរាជធានីភ្នំពេញកម្ពស់៩ជាន់ មាន​ចំណតចុះឧទ្ធម្ភាគចក្រ
09, Feb 2022 , 5:08 pm        
រូបភាព
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី​៩ ខែកុម្ភៈ បានទៅពិនិត្យ​ការិយាល័យ​ថ្មីនៃអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែល​នឹងសម្ពោធដាក់ឲ្យ​ប្រើ​ប្រាស់នាពេល​ខាងមុខ។ អគារ​មានកម្ពស់៩ជាន់ ទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រ បំពាក់ដោយសម្ភារៈ បច្ចេកវិទ្យាទំនើប លើដំបូលអគារមានចំណតចុះឧទ្ធម្ភាគចក្រ។
 
យោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ  អគារ​ថ្មី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កម្ពស់​០៩​ជាន់នេះ​ សាងសង់​សម្រេច​បាន​លទ្ធផល​៩០​ភាគរយ​ហើយ​ ដោយ​​គ្រោង​នឹង​កសាង​ឱ្យ​រួចរាល់​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខាងមុខ។
 


កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមក លោក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បាន​រៀបចំ​ពិធីសូត្រមន្ត​ប្រោះព្រំ​ សុំ​សេចក្តីសុខ​ សិរី​សួស្តី​ ជ័យ​មង្គល​ តាម​ជំនឿ​សាសនា ខណៈ ​មន្ត្រី​នគរបាល​ការិយាល័យ​ជំនាញ ​បាន​ចូល​ទៅ​បំរើ​ការងារ​ជា​បណ្តើរៗហើយ។
 
​សូម​បញ្ជាក់​ថា​ អគារ​ធ្វើការ​ថ្មី​កម្ពស់​៩​ជាន់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កសាង​មាន​ទំហំ​៤០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​ កសាង​ឡើង​ដើម្បី​ជំនួស​អគារ​ចាស់​ដែល​មាន​សភាព​ទ្រុឌទ្រោម​ ។​ អគារ​ថ្មី​នេះ​ ​ត្រូវ​បាន​បំពាក់​នូវ​ឧបករណ៍​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​ឱ្យ​មន្ត្រី​នគរបាល​បំពេញភារកិច្ច​ សម្រាប់​លើកកម្ពស់​នៃ​ការ​ផ្តល់​សេវា​សន្តិសុខ​និង​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕​
 

Tag:
 នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com