COVID-19
ជាតិ
រដ្ឋបាលរាជធានី៖ អង្គុយមិនឲ្យលើស៧នាក់ក្នុង១តុ, អ្នកមិនចាក់ដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ មិនអាចចូលពិធីបានឡើយ
10, Feb 2022 , 11:53 am        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកុម្ភៈ បានចេញសេចក្តីណែនាំក្រើនរំលឹកលើការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់កូវីដ-១៩ ជាពិសេសអូមីក្រុងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។


ខណៈករណីឆ្លងអូមីក្រុង មានកំណើនដល់៣ខ្ទង់ លោក ឃួង ស្រេង បង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែលោកបានមើលឃើញពីការធ្វេសប្រហែសរបស់ពលរដ្ឋមួយចំនួន ដែលមិនបានអនុវត្តវិធានការសុខាភិបាលពេញលេញ។

លោកអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យមន្ត្រីក្រោមឱវាទពង្រឹងយុទ្ធនាការអប់រំផ្សព្វផ្សាយ ហើយចំពោះទីតាំងដែលប្រមូលផ្តុំ ដូចជាកន្លែងមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ត្រូវរៀបចំកៅអីមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ក្នុង១តុ។

«ទន្ទឹមនេះ ត្រូវពិនិត្យបណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់ ឬហួស រយៈពេល៤ខែហើយមិនបានចាក់ដូសទី៣ ឬដូសជំរុញ ដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះមិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ»។ នេះជាការក្រើនរំលឹករបស់អភិបាលរាជធានី ដោយភ្ជាប់ជាមួយនឹងមាត្រាច្បាប់ផ្សេងៗលើការដាក់ពិន័យអ្នកប្រព្រឹត្តល្មើស៕


© រក្សាសិទ្ធិដោយ thmeythmey.com