ជាតិ
បន្តលើកលែងពន្ធប្រចាំខែសម្រាប់សេវាកម្មទេសចរណ៍នៅភ្នំពេញ និងបណ្តាខេត្តមួយចំនួន
10, Feb 2022 , 2:58 pm        
រូបភាព
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែកុម្ភៈ បានចេញប្រកាសអន្តរក្រសួងស្តីពីការអនុវត្តគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ក្នុងឆ្នាំ២០២២។


ប្រកាសអន្តរក្រសួង បានបញ្ជាក់ពីការបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ហើយមានសកម្មភាពអាជីវកម្មនៅភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់ឆមាសទី១ ឆ្នាំ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ អាជីវកម្មទាំងនោះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ នាអំឡុងពេលនៃការលើកលែងនេះ។

ពន្ធប៉ាតង់ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀត ក៏ដូចជាកម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ ក៏ត្រូវបន្តលើកលែងផងដែរសម្រាប់ឆ្នាំ២០២២ ប៉ុន្តែអ្នកជាប់ពន្ធមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពប៉ាតង់។

ជាមួយគ្នានេះ អាជីវកម្មទេសចរណ៍នៅតែមានកាតព្វកិច្ចដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណពីក្រសួង ឬរដ្ឋបាលមូលដ្ឋានទៅតាមប្រភេទ និងទំហំអាជីវកម្ម។ រីឯការអនុវត្តគោលនយោបាយលើកទឹកចិត្តនៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរត្រូវបន្តសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៕



© រក្សាសិទ្ធិដោយ thmeythmey.com