ជាតិ
មូលនិធិគន្ធបុប្ផា ផ្ទេរថវិកា២លានដុល្លារ ឱ្យពេទ្យគន្ធបុប្ផាទ្រទ្រង់ដំណើរការក្នុងឆ្នាំ២០២២
10, Feb 2022 , 7:59 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបថត៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
មូលធិនិមន្ទីរពេទ្យគន្ធបុប្ផា បានប្រគល់ថវិកាចំនួន២លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យទាំង៥ ទីតាំង ក្នុងឆ្នាំ២០២២។ ការប្រគល់ និងផ្ទេរថវិកានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ កុម្ភៈកន្លងទៅ ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស Dr Beat Richner ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលនិធិទាំង២ ឱ្យកាន់តែទូលំទូលាយ និងរឹងមាំ ក៏ដូចជារួមគ្នាពិនិត្យ និងផ្តល់យោបល់ លើការគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។
 
យោងតាមសេចក្តីប្រកាសព័ត៌មាន ជុំវិញលទ្ធផលនៃកិច្ចប្រជុំក្រមប្រឹក្សាភិបាលបរធនបាល នៃមូលនិធិគន្ធបុប្ផា នាថ្ងៃទី៨ កុម្ភៈ ក្នុងឆ្នាំ២០២១ មូលនិធិគន្ធបុប្ផា បានទទួលថវិកាបរិច្ចាគប្រមាណ ១៨.៥ លានដុល្លារ ពីវិភាគទានរបស់រាជរដ្ឋាភិបាល កម្រៃពីការលក់សំបុត្រចូល   ទស្សនាតំបន់អង្គរ វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហម និងការបរិច្ចាគពីសប្បុរសជននានា។ ថវិកាបរិច្ចាគនេះ កើនឡើង ១១.៦ភាគរយ ធៀបនឹងឆ្នាំ២០២០។
 
សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២១កន្លងទៅ មូលនិធិនេះ បានបង្វែរថវិកា ចំនួន ៤.៥លានដុល្លារ ទៅឱ្យមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យនេះ។


រូបថត៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ប្រភពពីមូលនិធិគន្ធបុប្ផា បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង បានផ្តល់ការពិគ្រោះយោបល់ និងព្យាបាលដល់កុមារនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន៣៨៥ ៥១៩នាក់ និងអ្នកជំងឺកុមារ ចូលសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យចំនួន ៨០ ៦៧២នាក់។ ក្រៅពីកុមារ ពេទ្យគន្ធបុប្ផា បានទទួលពិនិត្យផ្ទៃពោះ និងព្យាបាលស្ត្រីមានផ្ទៃពោះ នៅផ្នែកពិគ្រោះជំងឺក្រៅសម្ភពចំនួន ៦២ ៥៣៩នាក់ និងស្រ្តីមានផ្ទៃពោះបានសម្រាក និងសម្រាលកូន ១៩ ៥០៦នាក់។ អ្នកដែលជំងឺកូវីដ-១៩ ចំនួន ២ ៩០០នាក់ ក៏បានសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដែរ និងព្យាបាលអ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន ៦៧០នាក់ ព្រមទាំងវះកាត់សរុប ២៣ ៨៥៥នាក់៕
 
 
 

Tag:
 សុខភាព
  គន្ធបុប្ផា
 កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com