ជាតិ
សម្តេច ហ៊ុន សែន៖ កម្ពុជា និងតំបន់មេគង្គអាចផ្តល់មេរៀនពីការបង្កើតសន្តិភាព
11, Feb 2022 , 10:41 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃសុក្រនេះ បានឡើងថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល (UPF) នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។


ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការរៀបចំរបស់ UPF ដែលមានលោកស្រី Hak Ja Han Moon ជាសហស្ថាបនិក និងវត្តមានតំណាងអ្នកចូលរួមជាង១០០ប្រទេស ជាតំណាងឲ្យកិច្ចខំប្រឹងប្រែងរួមគ្នាក្នុងការស្វែងរកបុព្វហេតុនៃសន្តិភាព។

សម្តេច ហ៊ុន សែន បានលើកឡើងថា៖ «យើងត្រូវការចាំបាច់នូវសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ»។ សម្តេចបានគូសបញ្ជាក់បែបនេះ ដោយសារមើលឃើញថា សន្ធិសញ្ញាសន្តិភាពនៅតែមិនទាន់អាចសម្រេចបាន ខណៈសង្គ្រាមកូរ៉េ ឈានដល់ខួបលើកទី៧២ឆ្នាំ ហើយបើទោះបីជាសង្គ្រាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ តែមិនមែនបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍នោះឡើយ។

ទាក់ទងនឹងទស្សនវិស័យលើផែនទីបង្ហាញផ្លូវ ក្នុងកម្មវិធី «ក្រុមប្រឹក្សាកំពូលអន្តរជាតិដើម្បីសន្តិភាព» សម្តេច បានបញ្ជាក់កម្ពុជា ក្រោយកិច្ចសហការជាមួយក្រុមប្រឹក្សាវប្បធម៌អាស៊ី និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋាននៅកម្ពុជា កំពុងបង្កើតគម្រោង«ឧទ្យានសន្តិភាពមេគេង្គ» ក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃ និងវប្បធម៌សន្តិភាព រួមទាំងការចែករំលែកចំណេះដឹងអំពីសន្តិភាព។

ជាមួយនឹងក្តីរំពឹងថា គម្រោងនឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងអត្ថន័យ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ប្រទេសកម្ពុជា និងតំបន់មេគង្គ អាចផ្តល់មេរៀនស្តីពីការបង្កើតសន្តិភាព ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ»។ សម្តេចបានលើកពីឧទាហរណ៍ នៃនយោបាយឈ្នះ-ឈ្នះ ដែលអាចជាការជំរុញទឹកចិត្ត និងប្រភពនៃការស្រាវជ្រាវសម្រាប់ប្រទេសនានា។

«ខ្លួនខ្ញុំផ្ទាល់ សូមស្នើឲ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឲ្យឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ»។ នេះជាលើកឡើងរបស់សម្តេច ហ៊ុន សែន ក្នុងសុន្ទរកថារបស់ខ្លួន ដោយស្នើឲ្យភាគីពាក់ព័ន្ធ យកប្រជាជនជាស្នូល៕


© រក្សាសិទ្ធិដោយ thmeythmey.com