ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ឃាតកម្មលើលោក ស៊ិន ខុន៖ អ្នករាយការណ៍ UN ប្រាប់រដ្ឋាភិបាលកម្ពុជាថា បរាជ័យក្នុងការស៊ើបករណីបាត់បង់ជីវិតមនុស្ស ជាការរំលោភសិទ្ធិរស់រាន
11, Feb 2022 , 5:59 pm        
រូបភាព
លោក ស៊ិន ខុន សកម្មជនប្រឆាំង ដែលត្រូវសម្លាប់កាលពីខែវិច្ឆិកា ឆ្នាំ២០២១
លោក ស៊ិន ខុន សកម្មជនប្រឆាំង ដែលត្រូវសម្លាប់កាលពីខែវិច្ឆិកា ឆ្នាំ២០២១
ឃាតកម្មលើលោក ស៊ិន ខុន សកម្មជនអតីតគណបក្សសង្គ្រោះជាតិ កន្លងទៅជាង២ខែហើយ តែលោក វិទិត មុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា នៅមិនព្រមឈប់និយាយឡើយ។ លោក បានលើកយកឃាតកម្មលើសកម្មជនប្រឆាំងរូបនេះ មករម្លឹកសាជាថ្មី តាមរយៈសារលើទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ Special Rapporteur Cambodia ដែលបង្ហោះចេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
 
លោក វិទិត មុនតាបន លើកឡើងថា ជនល្មើស ដែលត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ ហាក់មិនធ្លាប់មានប្រវត្តិ ដែលជាប់ទាក់ទងជាមួយលោក ស៊ិន ខុន ជាជនរងគ្រោះនោះទេ។ លោក បន្តថា ភាពមិនស៊ីសង្វាក់នេះ ធ្វើឲ្យលោក និងអ្នកជំនាញសិទ្ធិមនុស្សផ្សេងទៀតរបស់អង្គការសហប្រជាជាតិ បានស្នើសុំព័ត៌មានបន្ថែមពីភាគីកម្ពុជា ជុំវិញឃាតកម្មលើលោក ស៊ិន ខុន។  
 
«តើការស៊ើបអង្កេតរបស់សមត្ថកិច្ច លើការសម្លាប់លោក ស៊ិន ខុន មានប្រសិទ្ធភាព មានភាពហ្មត់ចត់ មានឯករាជ្យភាព និង មានតម្លាភាពដែរឬទេ?» ទាំងនេះ គឺជាអ្វីដែលក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចង់ដឹង និងចោទសួរដល់ភាគីកម្ពុជា។ លោក វិទិត មុនតាបន សរសេរលើបណ្តាញសង្គមដូច្នេះថា៖«យើង ក៏បានក្រើនរម្លឹកដល់រដ្ឋាភិបាលថា បរាជ័យក្នុងការស៊ើបអង្កេតលើការបាត់បង់អាយុជីវិតមនុស្ស គឺជាការរំលោភបំពានលើសិទ្ធិរស់រានមានជីវិតបន្ថែមទៀត»។ លោក បង្ហោះសារខាងលើនេះ ដោយអមជាមួយរូបកាន់ទុក្ខ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកជារឿងធម្មតា ចំពោះការរិះគន់ពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទៅលើសមត្ថកិច្ច ដែលចាត់វិធានការស្រាវជ្រាវក្នុងករណីសម្លាប់លោក ស៊ិន ខុន។ លោក បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដូច្នេះថា៖«សំណុំរឿង ដែលកើតឡើងលើសកម្មជននយោបាយ គាត់ គិតថា អាហ្នឹងជាការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល តែមូលដ្ឋានស្រាវជ្រាវរបស់សមត្ថកិច្ច គាត់ មិនទទួលយកទាំងអស់ គាត់ មើលទៅលើរូបភាព»។ 
 
លោក រ៉ូបឺត ខូវិល (Rubert Coville) អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ ជុំវិញឃាតកម្មលើលោក ស៊ិន ខុន។ លោក លើកឡើងស្រដៀងនឹងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែរថា ទំនាក់ទំនងរវាងជនល្មើស និងជនរងគ្រោះ ហាក់មិនស៊ីសង្វាក់គ្នាឡើយ។ 
 
«​យើង​ខ្ញុំ​ សូម​អំពា​វនាវឲ្យ​មាន​កា​រ​ស៊ើប​អង្កេតឯ​ក​រាជ្យ ​និង​ឥត​លម្អៀង​ចំ​ពោះ​ក​រ​ណី​ឃាត​កម្មនេះ»។ នេះជាសេចក្តីអំពាវនាវ ក្នុងសេចក្តីថ្លែងការណ៍របស់លោក រ៉ូបឺត ខូវិល។ 
 
​ក្រោយមកបន្តិច ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ក៏បានចេញសេចក្តីថ្លែងការណ៍ តបនឹងសេចក្តីថ្លែងការណ៍របស់លោក រ៉ូបឺត ខូវិល។ តំណាងកម្ពុជា អធិប្បាយថា៖«អាជ្ញាធរកម្ពុជា ពុំដែលព្រងើយកន្តើយចំពោះសេចក្តីរាយការណ៍អំពីឧក្រិដ្ឋកម្មណាមួយនោះទេ។ ការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដោយផ្ទៀងផ្ទាត់ជាមួយភស្តុតាង និងសាក្សី បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ដែលក្រោយមកបានឆ្លើយសារភាពពីការប្រព្រឹត្តបទល្មើស»។
 
ជាមួយគ្នានេះ តំណាងកម្ពុជា ប្រាប់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបញ្ជូនភស្តុតាងទៅកាន់អាជ្ញាធរកម្ពុជា បើមានភស្តុតាងណាមួយនោះ ដើម្បីឲ្យអាជ្ញាធរកម្ពុជា ពិនិត្យផ្ទៀងផ្ទាត់។ 
 
បុរសម្នាក់ឈ្មោះ សៀង ឆរ័ត្ន អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួន ហើយបានសារភាពចំពោះមុខសមត្ថកិច្ចថា រូបគេ គឺជាអ្នកសម្លាប់លោក ស៊ិន ខុន ដោយកាំបិតផ្គាក់។ អំពើឃាតកម្មនេះ កើតឡើង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមុខខ្លោងទ្វារវត្តពោធិយារាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ 
 
លោក ស៊ិន ខុន ដែលមានស្រុកកំណើតនៅខេត្តតាកែវ ត្រូវបានសម្លាប់ក្នុងវ័យ៣១ឆ្នាំ ហើយកំពុងរៀនថ្នាក់បណ្ឌិត ដោយស្នាក់នៅក្នុងវត្តចាស់។ ពេលលោក ត្រូវបានសម្លាប់ អ្នកប្រឆាំង បាននាំគ្នាបង្ហោះលើបណ្តាញសង្គមអំពីប្រវត្តិត្រួសៗរបស់លោក។ អ្នកខ្លះ សរសើរលោក ថាជាយុវជនសកម្ម ដែលតែងចូលរួមធ្វើកិច្ចការសង្គម៕  
 
 
 
 
 
 

Tag:
 ស៊ិន ខុន
  Vitit Muntarbhorn
© រក្សាសិទ្ធិដោយ thmeythmey.com