ជាតិ
សម្ដេច ហ៊ុន សែន៖ ខ្លួនឯង ដើរតែពង្រាយសំរាម ហើយរអ៊ូថា អាជ្ញាធរ ខ្វះការទទួលខុសត្រូវ 22, Feb 2022 , 7:59 pm
× សម្ដេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនត្រូវពង្រាយសំរាម ឬបោះសំរាមចោលក្រៅធុងសំរាមនោះឡើយ។
នាពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ សម្ដេច ហ៊ុន សែន បានអំពាវនាវកុំឱ្យបោះចូលសំរាមរាត់រាយ ដែលអាចហូរចូលលូ បឹង និងទន្លេ។ សំរាមទាំងនេះ នឹងនាំឱ្យកកស្ទះ និងបង្កផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។
លោកនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះ៖ «ប្រមូលមិចអស់! សម្អាត មិចអស់! បើយើងនាំគ្នាទទួលទានហើយ បោះចោល ក្រៅធុងសំរាម។ មានធុងសំរាមនៅក្បែរហើយ មិនព្រមដាក់ទេ»។
សម្ដេច ហ៊ុន សែន ក៏បានរម្លឹកពីវិធានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវរវាងសំណល់រឹង និងសំរាមធម្មតា។ សម្ដេចបន្តថាពលរដ្ឋក៏មិនព្រមបែងចែកសំរាមឱ្យបានត្រឹមត្រូវថែមទៀត។ សំរាមទាំងនេះ ក្លាយជាបញ្ហាធំមួយរបស់អាជ្ញាធរ និងអ្នកបោសសម្អាតតាមទីសាធារណៈ។
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ដូច្នេះ៖ «កាកអំពៅ ហូបហើយបោះចោលខាងក្រៅធុងសំរាម។ ទៅបន្ទោសអ្នកសម្អាត! ខ្លួនឯង (ពលរដ្ឋ) ដើរតែពង្រាយសំរាម ហើយរអ៊ូថា អាជ្ញាធរ ខ្វះការទទួលខុសត្រូវ»។
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការចាក់សំរាមចូលប្រឡាយលូនេះ វាធ្វើឱ្យប៉ះពាល់ប្រព័ន្ធរំដោះទឹកផងដែរ។ សំរាមនៅក្នុងលូច្រើនពេក វានឹងធ្វើឱ្យពិបាកក្នុងការដោះស្រាយបញ្ហាទឹកជន់ ។ ប្រមុខរាជរដ្ឋាភិបាល ក៏អំនាវនាវឱ្យពលរដ្ឋធ្វើអនាម័យខ្ពស់ ដើម្បីឱ្យទីក្រុងភ្នំពេញកាន់តែស្អាត និងដើម្បីសុខភាពសាធារណៈ៕
Tag:
សំរាម
សម្ដេច ហ៊ុន សែន
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com