កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖កីឡាករ Atletico ឈឺចាប់ ក្រោយMan Utd តាមស្មើ ប៉ុន្តែគ្រូបង្វឹកថារំភើបខ្លាំង
24, Feb 2022 , 12:19 pm        
រូបភាព
កីឡាករម្នាក់របស់ក្រុមបាល់ទាត់ Atletico Madrid រងការឈឺចាប់ក្រោយមិនអាចបំបាក់ក្រុមភ្ញៀវបិសាចក្រហម Manchester United ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមជើងទីមួយ។ ប៉ុន្តែលោក Diego Simone ថារំភើបចំពោះការប្រកួតរបស់ក្រុមទាំងពី។

Atletico Madrid បានបើកការនាំមុខលើក្រុមបិសាចក្រហមចាប់តាំងពីនាទី៧មកម្ល៉េះ ដោយកីឡាករ Joao Felix។ ការប្រកួតបានអូសបន្លាយរហូតដល់នាទី៨០ ខ្សែប្រយុទ្ធវ័យក្មេង Anthony Elanga បានជួយស្វែងរកគ្រាប់តាមស្មើ ១-១ ដល់ក្រុម Manchester United។
 
ក្រោយចប់ការប្រកួតខ្សែការពារ Jose Maria Gimenez បានបង្ហាញអារម្មណ៍ឈឺចាប់ ព្រោះក្រុមបានបង្ហាញទម្រង់លេងល្អ នៅក្នុងជំនួបក្រុមបិសាចក្រហម ដែលអាចទទួលជ័យជម្នះបាន ប៉ុន្តែបែរជាបានត្រឹមស្មើទៅវិញ។ ទោះយ៉ាងនេះក្តី លោក Simeone បែរជាបង្ហាញអារម្មណ៍រំភើបហើយនិយាយថា ជាលទ្ធផលដ៏សំខាន់មួយ។
 
«បន្ទាប់ពីឆ្លងផុតវគ្គចែកពូល Champions league អ្នកនឹងត្រូវការឈ្នះ ឬក៏ស្មើដើម្បីបន្តដំណើរក្នុងផ្លូវមួយនេះ ហើយពិតជាសំណាងណាស់ ដែលពួកគេដកច្បាប់គ្រាប់បាល់ក្រៅដី (Away-goal) ចេញ។ ប្រកួតថ្ងៃនេះយើងពិតជាធ្វើបានល្អខ្លាំងណាស់ ហើយរឿងសំខាន់យើងត្រូវបន្តត្រៀមខ្លួនសម្រាប់វគ្គទីពីរ។»លោក Simeone និយាយបែបនេះ ក្រោយចប់ការប្រកួត។
 
ក្នុងរដូវកាល ២០២១-២២ ក្រុមការពារតំណែងជើងឯក Atletico Madrid កំពុងមានគម្លាតពិន្ទុរហូតដល់ ១៥ពិន្ទុ ពីក្រុមកំពូលតារាង Real Madrid ហើយឈរនៅលំដាប់លេខ៥ ពីក្រោមក្រុម Barcelona។
 
ជំនួបជើងទីពីរក្រុម Atletico Madrid នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន Old Trafford ដើម្បីប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Manchester United នៅវេលាម៉ោង៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ខែមីនា៕
 

Tag:
 UEFA Champions League
  Atletico Madrid
  Diego Simeone
© រក្សាសិទ្ធិដោយ thmeythmey.com