រថយន្ត
អន្តរជាតិ
ទីផ្សារយានយន្តបន្តប្រឈមនឹងវិបត្តិ ដោយសារបញ្ហារុស្ស៊ី-អ៊ុយក្រែន
28, Feb 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ធ្វើឲ្យទីផ្សារអឺរ៉ុប និងសកលលោកបន្តប្រឈមនឹងវិបត្តិ បន្ថែមពីលើកូវីដ-១៩។ អឺរ៉ុបដែលជាទីតាំងនៃសហគ្រាសយានយន្ត នឹងរងការវាយប្រហារយ៉ាងខ្លាំង ស្របពេលដែលក្រុមហ៊ុនកូរ៉េ Hyundai និង Kia ដែលមានរោងចក្រនៅរុស្ស៊ី ក៏កំពុងឈឺក្បាលផងដែរ។
 
ក្រុមហ៊ុនជាច្រើនត្រូវបានរាយការណ៍ថា បានផ្អាកការបញ្ជាទិញយានយន្ត និងគ្រឿងបន្លាស់ផ្សេងៗពីដៃគូរុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក ពោលគឺនៅថ្ងៃដែលរុស្ស៊ីបើកការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
 
ភ្នាក់ងារចែកចាយរុស្ស៊ីសម្រាប់ក្រុមហ៊ុន Audi, Chevrolet, VW, Porsche និង Land Rover ជាដើម បានទទួលការបញ្ជាក់ជាបន្តបន្ទាប់ពីដៃគូនៅក្រៅប្រទេសស្តីពីការផ្អាកបញ្ជាទិញ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន យោងតាមសារព័ត៌មាន Veomosti ដោយមិនទាន់ច្បាស់ពីលក្ខខណ្ឌផ្សេងៗទៀតនោះឡើយ។
 
ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីបណ្តាប្រទេសនានា ជាពិសេសសហរដ្ឋអាម៉េរិក បានធ្វើឲ្យការនាំចេញទំនិញពីរុស្ស៊ី រួមទាំងឧស្សាហកម្មយានយន្ត ត្រូវជួបវិបត្តិដោយជៀសមិនរួច រីឯការនាំយកវត្ថុធាតុផ្សេងៗពីអ៊ុយក្រែន ក៏មិនអាចដំណើរការបានផងដែរក្នុងកាលៈទេសៈនេះ។
 
គេហទំព័រយានយន្ត MotorTrend បានលើកឡើងពីបញ្ហារបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Motor Group។ ក្រុមហ៊ុនដែលផលិតរថយន្ត Hyundai និង Kia នេះ មានរោងចក្រនៅរុស្ស៊ី ហើយមានទំនាក់ទំនងទិញចូលវត្ថុធាតុដើមពីអ៊ុយក្រែននូវប្រភេទឧស្ម័នកម្រដូចជា ណេអុង គ្រីបតុង សេណុង ជាដើម សម្រាប់ការផលិតថ្មអគ្គិសនី។
 
វិបត្តិរុស្ស៊ី-អ៊ុយក្រែននេះ បង្ខំឲ្យសង្វាក់ផលិតកម្មក្រុមហ៊ុន Hyundai Group ដែលដំណើរការតាំងពីឆ្នាំ២០១០នៅក្រុង St. Petersburg ត្រូវរាំងស្ទះ ជាពិសេសការនាំចេញទៅអាម៉េរិកខាងជើង និងប្រទេសមួយចំនួននៅអឺរ៉ុប។
 
ដូចគ្នាផងដែរ Hyundai ដែលមានការិយាល័យលក់នៅក្រុងគៀវ និងរោងចក្រផលិត Kia នៅក្រុង Zaporozhye មិនអាចដំណើរការបាននោះឡើយ ដោយសារកាលពីថ្ងៃទី២៨ ខែមករា ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសឲ្យពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន។
 
ការរងឥទ្ធិពលដ៏ធំមួយទៀតនោះ គឺការរាំងស្ទះដំណើរការផលិតថ្មអគ្គិសនី ដោយអ៊ុយក្រែន ត្រូវបានគេស្គាល់ថា ជាប្រទេសធំទីបីលើពិភពលោក លើការផលិតនីគែល និងអាលុយមីញូម។ បន្ថែមពីលើនេះ អ៊ុយក្រែន ផលិតស្ទើរតែ៧០នៃឧស្ម័នណេអុង។
 
Renault, Stellantis និង Toyota ក៏គេចមិនផុតពីវិបត្តិនោះដែរ។ Renault ដែលមានភាគហ៊ុនមួយចំនួនលើក្រុមហ៊ុនរុស្ស៊ី AvtoVAZ បានប្រកាសផ្អាកផលិតកម្មរបស់ខ្លួននៅមូស្គូជាបណ្តោះអាសន្ន។ រីឯ Stellantis ដែលផលិតម៉ូដែល Mitsubishi, Peugeot, Citroen និង Opel ជាដើម បានរំសាយគម្រោងនាំចេញរបស់ខ្លួននៅឆ្នាំនេះ។
 
លោក Carla Bailo នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្រាប់ការសម្រាប់យានយន្ត បានវាយតម្លៃថា បណ្តាក្រុមហ៊ុនយានយន្តទាំងអស់ មិនអាចសម្រេចមហិច្ឆតារបស់ខ្លួនក្នុងប្រតិបត្តការផលិតពេញលេញបានមុនឆ្នាំ២០២៣នោះឡើយ។
 
អ្នកវិភាគទិន្នន័យ J.D Power និង LMC Automotives បានលើកឡើងថា វិបត្តិរុស្ស៊ី-អ៊ុយក្រែននេះ គឺជាជះឥទ្ធិពលដល់ទីផ្សារយានយន្តសកលតែម្តង។ ការលក់ចេញបន្តធ្លាក់ចុះ ដោយសារតែការឡើងតម្លៃប្រេង និងអាលុយមីញូម។
 
ជាលទ្ធផលបង្ហាញថា តម្លៃប្រេងឡើងដល់ជាង១០០ដុល្លារក្នុង១បារែល ដែលជាតម្លៃខ្ពស់បំផុតជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ២០១៤មក។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគប៉ាន់ស្មានតែការលក់រថយន្តធុនស្រាលអាចកើនឡើង៥ភាគរយនៅឆ្នាំ២០២២នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com