រថយន្ត
អន្តរជាតិ
ការសិក្សានៅអង់គ្លេសរកឃើញ បាក់តេរីក្នុងរថយន្តគឺកខ្វក់ជាងបាក់តេរីក្នុងបង្គន់ទៅទៀត
28, Feb 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
អ្នកគិតថា ការសម្អាតក្នុងរថយន្តមិនមែនជារឿងចាំបាច់? សូមប្តូរការគិតឡើងវិញ ពីព្រោះការសិក្សាមួយនៅចក្រភពអង់គ្លេស រកឃើញថា បាក់តេរីដែលនៅត្រាំទុកក្នុងរថយន្ត មានស្ថានភាពកខ្វក់ជាងបាក់តេរីនៅក្នុងបង្គន់ទៅទៀត។
 
សាកលវិទ្យាល័យ Aston កាលពីពេលថ្មីកន្លងមកនេះ បានបង្ហាញលទ្ធផលវិភាគរបស់ខ្លួននៅលើគេហទំព័រ ScrapCarComparison អំពីបាក់តេរីដែលយកចេញពីរថយន្តថ្មីៗចំនួន៥គ្រឿង និងបាក់តេរីពីចានបង្គន់ចំនួន២។
 
តាមការសិក្សាលើសំណាកទាំងនោះ រថយន្តផ្ទុកប្រភេទបាក់តេរីក្នុងលាមក មានចំនួនច្រើនជាងក្នុងចានបង្គន់។  លើសពីបាក់តេរីលាមក ក្រុមអ្នកស្រាវជ្រាវរកឃើញពពួកអតិសុខុមប្រាណជាច្រើនទៀតនៅក្នុងយានជំនិះ ដូចជា Staphylococci, Bacillus subtilis bacteria, pyocyanic bacilli, Rhodotorula និង Escherichia coli ជាដើម។
 
កន្លែងអង្គុយរបស់អ្នកបើកបរ ជាទីតាំងទីពីរ ដែលសំបូរទៅដោយបាក់តេរី បន្ទាប់ពីផ្នែកខាងក្រោយនៃរថយន្តដែលជាទូទៅប្រើប្រាស់សម្រាប់ផ្ទុករបររបរ។ តាមការសិក្សា ទីតាំងបន្ទាប់មានដូចជា តំបន់ចង្កឹះលេខ និងកន្លែងអង្គុយខាងក្រោយ។
 
ទីតាំងដែលមិនសូវកខ្វក់នោះ គឺផ្ទាំងតាប្លូរថយន្ត និងម្តុំកង្ហារ។ នាអំឡុងបរិបទកូវីដ-១៩ ការប្រើប្រាស់ជែលសម្លាប់មេរោគ ក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការសម្លាប់ ក៏ដូចជាការកាត់បន្ថយបាក់តេរីនៅក្នុងរថយន្ត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com