អន្តរជាតិ
ប្រធានគណៈកម្មការអឺរ៉ុប៖ សហភាពអឺរ៉ុប ចង់ទទួលអ៊ុយក្រែនជាសមាជិក
28, Feb 2022 , 9:59 pm        
រូបភាព
លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន ប្រធានគណៈកម្មការអឺរ៉ុប។ រូបភាព៖ AFP
លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន ប្រធានគណៈកម្មការអឺរ៉ុប។ រូបភាព៖ AFP
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន នៅថ្ងៃទី២៧ ខែកុម្ភៈ បានអះអាងពីការគាំទ្រអ៊ុយក្រែន ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប។ ការអះអាងរបស់ប្រមុខសហភាពអឺរ៉ុបរូបនេះ ធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែនការពារប្រទេសជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Euronews លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន  ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងយ៉ាងច្បាស់ថា សហភាពអឺរ៉ុបចង់ទទួលអ៊ុយក្រែនជាសមាជិក។ «ជាការពិត កន្លងមកនេះ  អ៊ុយក្រែនជាផ្នែកមួយរបស់យើង។ ពួកគេ (អ៊ុយក្រែន)ស្ថិតក្នុងចំណោមពួកយើង ហើយយើងចង់ទទួលពួកគេជាសមាជិក»។ លោកស្រី von der Leyen បានសង្កត់ធ្ងន់បែបនេះ។ 
 
ការថ្លែងរបស់ប្រមុខដឹកនាំសហភាពអឺរ៉ុបខាងលើ ធ្វើឡើងបន្ទាប់ពីប្លុកមួយនេះ បានសម្រេចផ្គត់ផ្គង់អាវុធជាលើកដំបូងទៅឱ្យអ៊ុយក្រែន ដែលកំពុងធ្វើសង្រ្គាមការពារប្រទេសជាមួយរុស្ស៊ី។ តាមប្រភពប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ជំនួយអាវុធទៅអ៊ុយក្រែន អាចមានទំហំ៤៥០លានដុល្លារ។ ទន្ទឹមនេះ សហភាពអឺរ៉ុប ក៏កំពុងពិចារណាផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនថែមទៀត ស្របពេលរុស្ស៊ីបង្កើនការវាយប្រហារ។ 
 
កន្លងមក ស្របពេលរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យសហភាពអឺរ៉ុបទទួលខ្លួនជាសមាជិក។ ការចូលជាសមាជិកនេះ អាចជួយអ៊ុយក្រែន ទទួលបានជំនួយហិរញ្ញវត្ថុមួយចំនួន ដើម្បីរៀបចំប្រទេសឡើងវិញ។
 
ចំពោះទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៊ីលោកស្រី វ៉ុន ដឺ លៃអេន បញ្ជាក់ សហភាពអឺរ៉ុបសម្រេចបិទដែនអាកាសទាំងស្រុងសម្រាប់យន្តហោះរុស្ស៊ីប្រើប្រាស់ ទាំងយន្តហោះចុះបញ្ជីនៅរុស្ស៊ី និងគ្រប់គ្រប់ដោយដោយរុស្ស៊ីផ្ទាល់ ហើយយន្តហោះឯកជនរបស់ក្រុមអភិជនរុស្ស៊ីដែលស្និទ្ធរបបដឹកនាំក្រេមឡាំងក៏ស្ថិតក្នុងបញ្ជីហាមឃាត់ថ្មីនេះដែរ។ វិធានសំខាន់មួយទៀតនោះគឺ ការបញ្ឈប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីប្រតិបត្តិការនៅក្នុងសហភាពអឺរ៉ុបផង។
 
ដោយឡែក សម្ព័ន្ធមិត្តរុស្ស៊ី បេឡារុស ក៏ត្រូវសំពោងដោយទណ្ឌកម្មសហភាពអឺរ៉ុបផងដែរ ចំពោះការបើកដៃជួយសម្រួលឱ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែន៕
 

Tag:
 EU
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com