អន្តរជាតិ
ចិន ចេញរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅអាម៉េរិក
01, Mar 2022 , 9:53 am        
រូបភាព
ដោយ:
ការិយាល័យព័ត៌មានក្រុមប្រឹក្សាចិន នៅថ្ងៃទី២៨ ខែកុម្ភៈ បានចេញរបាយការណ៍មួយស្តីពីការរំលោភសិទ្ធិមនុស្សនៅអាម៉េរិកក្នុងឆ្នាំ២០២១។ របាយការណ៍នោះ បានលើកឡើងបញ្ហាជាច្រើនដោយរួមមាន អត្រាអ្នកស្លាប់ច្រើនដោយសារជំងឺកូវីដ-១៩ ​ឧក្រិដ្ឋកម្មហិង្សា ព្រមទាំងការរើសអើងជនជាតិអាស៊ី។

របាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិន ​អះអាងថា ​ស្ថានភាពសិទ្ធិមនុស្សរបស់អាម៉េរិកកាន់តែអាក្រក់នៅឆ្នាំ២០២១​។ របាយការណ៍នេះ យោងលើការគ្រប់គ្រងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលអាម៉េរិក ដែលសន្ទុះអ្នកស្លាប់មានសន្ធឹងសន្ធាប់ក្នុងឆ្នាំ២០២១។
 
របាយការណ៍នោះ ក៏បានលើកឡើងពីបញ្ហាអសន្តិសុខសង្គមនៅអាម៉េរិក ដោយការបាញ់ប្រហារ និងឧក្រិដ្ឋកម្មហិង្សា  ​បន្តកើតឡើង និងសម្លាប់ប្រជាជនរ៉ាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២១​ អាម៉េរិកមានករណីបាញ់ប្រហារចំនួន៦៩៣ដង និងកើនឡើង១០,១ភាគរយ បើធៀបនឹងឆ្នាំ២០២០។ មនុស្សជាង ៤៤០០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះហិង្សាដោយកាំភ្លើង។
 
របាយការណ៍ដដែលនេះបានសរសេរទៀតថា​ លទិ្ធប្រជាធិបតេយ្យក្លែងក្លាយរបស់អាម៉េរិកបានជាន់ឈ្លីសិទ្ធិនយោបាយ​របស់ប្រជាជន ដោយសេចក្តីព្រាងច្បាប់ច្រើនជាង៤២០ សំដៅរឹតបន្តឹងលើការបោះឆ្នោត ត្រូវបានដាក់អនុវត្តក្នុងរដ្ឋចំនួន៤៩។ ចិនក៏អះអាងថា ជនជាតិអាម៉េរិកវ័យក្មេងប្រមាណតែ៧ភាគរយប៉ុណ្ណោះ​ដែលគិតថា ប្រទេសពួកគេមានប្រជាធិបតេយ្យពេញលេញ។
 
លើសពីនេះ​ បញ្ហារើសអើងជាតិសាសន៍នៅទឹកដីអាម៉េរិកក៏កាន់តែអាក្រក់ដែរជាពិសេសលើជនជាតិអាស៊ី ចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើង​។​ ប្រមាណ៨១ភាគរយនៃប្រជាជនអាស៊ីកាត់អាម៉េរិក និយាយថា ​អំពើហិង្សាប្រឆាំងនឹងសហគមន៍អាស៊ីកំពុងកើនឡើង។ ជាក់ស្ដែង ឧក្រិដ្ឋកម្មស្អប់ខ្ពើមលើជនជាតិអាស៊ីនៅក្រុងញូវញ៉ក បានកើនឡើង៣៦១ភាគរយ ចាប់តាំងពីឆ្នាំ២០២០ ​ខណៈប្រជាជនអាម៉េរិក៥៩ភាគរយនិយាយថា ក្រុមជនជាតិភាគតិច មិនមានឱកាសទទួលបានការងារដូចជនជាតិអាម៉េរិកឡើយ។
 
បន្ថែមពីនេះ ​ការអនុវត្តច្បាប់ដោយហិង្សា បានធ្វើឱ្យជនចំណាកស្រុកនិងជនភៀសខ្លួនចូលក្នុងអាម៉េរិករងការគំរាមគហែង។ នៅឆ្នាំ២០២១ ​អាម៉េរិកឃុំខ្លួនជនចំណាកស្រុកច្រើនជាង១,៧លាននាក់នៅព្រំដែនភាគខាងជើងនៃប្រទេសដោយមានកុមារ៤៥០០០នាក់។ ការអនុវត្តច្បាប់ដោយហិង្សារបស់អាម៉េរិក បានបណ្តាលឱ្យមនុស្ស ៥៥៧ នាក់បានបាត់បង់ជីវិតដែលជាតួលេខខ្ពស់បំផុតក្នុងឆ្នាំ១៩៩៨។ នេះបើតាមរបាយការណ៍របស់ចិន៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com