កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបអាល្លឺម៉ង់ Schalke 04 លុបចោលការសហការជាមួយក្រុមហ៊ុនថាមពលរុស្ស៊ី
01, Mar 2022 , 1:59 pm        
រូបភាព
ក្លិបបាល់ទាត់ Schalke 04 ក្នុងលីគលំដាប់ទី២របស់អាល្លឺម៉ង់ ប្រកាសបញ្ចប់កិច្ចសហការជាមួយក្រុមហ៊ុនថាមពលដ៏ធំរបស់រុស្ស៊ី Gazprom នៅថ្ងៃទី២៨ខែកុម្ភៈ។


កាលពីថ្ងៃទី២៥ខែកុម្ភៈក្លិបស្ថិតនៅក្នុងក្របខណ្ឌ Bundesliga 2 មួយនេះបានប្រកាសដកស្លាកសញ្ញាក្រុមហ៊ុន​ Gazprom ពីលើអាវក្រុមអំឡុងពេលប្រកួតក្រោមហេតុផលរុស្ស៊ីវាយប្រហារលើប្រទេសអ៊ុយក្រែន។ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ក្លិបនេះ សម្រេចបញ្ចប់កិច្ចព្រមព្រៀងទាំងស្រុង។
 
ក្របខណ្ឌពានរង្វាន់ក្របខណ្ឌលំដាប់ទី១របស់អឺរ៉ុប UEFA Champions League ក៏បានសម្រេចលុបកិច្ចសន្យាជាមួយក្រុមហ៊ុន Gazprom ដែលជាដៃគូសហការនាថ្ងៃទី២៨ ខែកុម្ភៈដែរ។
 
«គណៈគ្រប់គ្រងនិងក្រុមប្រឹក្សាភិបាលរបស់ក្លិបបានជួបប្រជុំពិភាក្សាគ្នា លើបញ្ហារបស់ក្រុមហ៊ុនឧបត្ថម្ភធំនាពេលបច្ចុប្បន្ន។ ព័ត៌មានបន្ថែមក្លិបនឹងប្រកាសជូននៅពេលក្រោយបន្ថែមទៀត។» ក្លិប Schalke បានបង្ហោះលើបណ្តាញសង្គម Twitter បែបនេះ។
 
 ក្លិបស្ថិតនៅលីគលំដាប់ទី២មួយនេះបានអះអាងថា ការសម្រេចចិត្តបញ្ចប់កិច្ចសន្យានេះមិនធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លិបឡើយ។ ក្រុម Schalke 04 បានធ្លាក់ទៅកាន់លីគទី២ ក្នុងរដូវកាល ២០២០-២១ ដោយបញ្ចប់ក្នុងចំណាត់ទី១៨។
 
កាលពីសប្តាហ៍មុន សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ក៏បានសម្រេចផ្លាស់ប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នាកីឡដ្ឋាន Gazprom Arena ដែលជាទឹកដីរបស់ក្រុម Zenit St Petersburg ទៅកាន់ប្រទេសបារាំងវិញផងដែរ៕ 
 

Tag:
 Schalke 04
  Gazprom
  Russia
© រក្សាសិទ្ធិដោយ thmeythmey.com