អន្តរជាតិ
អ៊ុយក្រែន ស្នើរុស្ស៊ីអនុវត្តបទឈប់បាញ់ និងដកទ័ពចេញទាំងអស់ក្នុងជំនួបលើកដំបូង
01, Mar 2022 , 2:32 pm        
រូបភាព
មនុស្សជំនិតប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky (ខាងឆ្វេង) និងសមាជិកសភារុស្ស៊ី លោក Leonin Slutsky។ រូបភាព៖ AP
មនុស្សជំនិតប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky (ខាងឆ្វេង) និងសមាជិកសភារុស្ស៊ី លោក Leonin Slutsky។ រូបភាព៖ AP
តំណាងអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃទី២៨ ខែកុម្ភៈ​ បានជួបគ្នានៅតំបន់ព្រំដែនបេឡារុស និងអ៊ុយក្រែន។ ក្នុងជំនួបលើកដំបូងចាប់តាំងពីសង្រ្គាមផ្ទុះឡើងនេះ ភាគីអ៊ុយក្រែន បានជំរុញឱ្យរុស្ស៊ីអនុវត្តបទឈប់បាញ់ និងដកទ័ពចេញពីអ៊ុយក្រែនទាំងអស់។ ចំណែក តំណាងក្រុងមូស្គូ បានត្រលប់ទៅប្រទេសវិញ ដើម្បីពិភាក្សាលើការចរចានៅដំណាក់កាលបន្ទាប់។
 
តំណាងអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃទី២៨ ខែកុម្ភៈ បានជួបគ្នាលើកដំបូងនៅតំបន់ក្បែរព្រំដែនបេឡារុស និងអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន និងរុស្ស៊ីផ្ទុះឡើង។ បន្ទាប់ពីកិច្ចចរចាបានបញ្ចប់ ការជជែកក្នុងជំនួបលើកដំបូងនេះ មិនត្រូវបានបញ្ចេញច្រើនឡើយ ខណៈតំណាងរុស្ស៊ី ក៏មិនបញ្ជាក់ពីគោលបំណងនៃកិច្ចចរចាដែរ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន CBS ការទាមទារសំខាន់ៗរបស់អ៊ុយក្រែន មានដូចជាអនុវត្តបទឈប់បាញ់ភ្លាមៗ និងដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនទាំងអស់។ ទន្ទឹមនេះ អ្នកតំណាងរុស្ស៊ីវិញ បានអះអាងថា កិច្ចប្រជុំបានបញ្ចប់មុនពេល ដោយតំណាងរបស់ខ្លួនត្រូវត្រលប់ទៅក្រុងមូស្គូវិញ ដើម្បីពិភាក្សាគ្នា មុនការចរចាលើកទីពីរមកដល់។ 
 
កិច្ចចរចាលើកទីពីរ អាចនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខ។ សារព័ត៌មាន Sputnik បានចុះផ្សាយថា កិច្ចចរចាបន្ទាប់នឹងធ្វើឡើងនៅតំបន់ព្រំដែនបេឡារុស និងប៉ូឡូញ។ បន្ទាប់ពីកិច្ចចរចានោះ រុស្ស៊ីនៅតែបន្តវាយប្រហារលើតំបន់ប្រជុំជន ខណៈពេល លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ជំរុញឱ្យពិភពលោកហាមឃាត់នាវា និងយន្តហោះរុស្ស៊ី។ 
 
ក្នុងជំនួបជាមួយសមភាគីបារាំង អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានដាក់លក្ខខណ្ឌក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះមានដូចជា ការទទួលស្គាល់អធិបតេយ្យរុស្ស៊ីលើឧបទ្វីបគ្រីមៀ និងការលុបបំបាត់យោធានៅអ៊ុយក្រែន។
 
មកទល់ពេលនេះ ប្រជាជនស៊ីវិលច្រើនជាង ៣៥០នាក់ បានបាត់បង់ជីវិត ក្នុងនោះរួមទាំងកុមារផង ខណៈប្រជាជន ជាច្រើនម៉ឺននាក់ បានភៀសខ្លួនទៅប្រទេសជិតខាង៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com