អន្តរជាតិ
ជប៉ុន​ បង្កក​ទ្រព្យធនាគារ​កណ្តាល​រុស្ស៊ី
01, Mar 2022 , 3:35 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ។ រូបថត Xinhua
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ។ រូបថត Xinhua
ជប៉ុន នៅថ្ងៃទី១ ខែមីនា បានដាក់ទណ្ឌកម្មមួយកញ្ចប់ទៀតលើរុស្ស៊ី។ កញ្ចប់ទណ្ឌកម្មថ្មី មានទាំងការបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំរុស្ស៊ី និងស្ថាប័នហិរញ្ញវត្ថុចំនួនបី។ ការបង្កកទ្រព្យនេះ ជាទណ្ឌកម្មបន្ថែម ក្រោយជប៉ុនប្រកាស ឈប់នាំចេញបន្ទះអេឡិចត្រូនិកទៅរុស្ស៊ីរួចម្ដងហើយ។

ទណ្ឌកម្មថ្មីរបស់រដ្ឋាភិបាលជប៉ុន មានគោលដៅបង្កកទ្រព្យសម្បត្តិ​បុគ្គល​ប្រាំមួយ​រូបក្នុងជួររដ្ឋាភិបាលរុស្ស៊ី ដែលរួមមាន​ប្រធានាធិបតី វ្ល៉ាឌីមៀ​ ពូទីន និង​រដ្ឋមន្ត្រី​ការ​បរទេស Sergey Lavrov ផងដែរ។ ក្រៅតែពីបង្កកទ្រព្យសម្បត្តិបុគ្គល ជប៉ុនក៏នឹងបង្កក​ទ្រព្យសម្បត្តិ​របស់​ធនាគាររដ្ឋរុស្ស៊ីមានធនាគារ Promsvyazbank និង Vnesheconombank ព្រម​ទាំង​ធនាគារ​កណ្តាល​របស់រុស្ស៊ីផងដែរ។ 
 
លើសពីនេះដែរ រដ្ឋាភិបាលជប៉ុន ក៏ហាមឃាត់មិនឱ្យមានការនាំចេញទំនិញនិងសម្ភារផ្សេងៗទៅឱ្យអង្គភាពរុស្ស៊ីចំនួន៤៩ដែលជាផ្នែកមួយនៃទណ្ឌកម្មថ្មី។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលនៅថ្ងៃទី១ ខែមីនា។
 
«យើងយល់ស្របនឹងតម្រូវការក្នុងការចាត់វិធានការដាក់ទណ្ឌកម្មដ៏មានឥទ្ធិពលប្រឆាំងនឹងរុស្ស៊ី»។ នាយករដ្ឋមន្រ្តីជប៉ុនលោក​ គីស៊ីដា ហ្វូមីអូ លើកឡើងបែបនេះនៅថ្ងៃទី១ ខែមីនា បន្ទាប់ពីមានកិច្ចប្រជុំអនឡាញមួយជាមួយមេដឹកនាំប្រទេសលោកខាងលិចរួមទាំងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ផង។ 
 
នៅថ្ងៃទី២៨ ខែកុម្ភៈ លោក គីស៊ីដា ក៏បញ្ជាក់ដែរថា ទីក្រុងតូក្យូនឹងបន្តចូលរួមជាមួយអន្តរជាតិដាក់ទណ្ឌកម្មលើរុស្ស៊ី រួមទាំងកាត់បន្ថយការធ្វើប្រតិបត្តិការជាមួយនឹងធនាគារកណ្តាលរបស់រុស្ស៊ីផងដែរ។ យោងតាមទិន្នន័យរបស់ធនាគារកណ្តាលរុស្ស៊ី គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ជាង៥,៧ភាគរយនៃទុនបម្រុងបរទេសរបស់រុស្ស៊ី​ជាប្រាក់យ៉េន។ 
 
ទណ្ឌកម្មថ្មីបានធ្វើឡើងក្រោយ ជប៉ុននប្រកាសទណ្ឌកម្មលើការនាំចេញបន្ទះអេឡិចត្រូនិកទៅរុស្ស៊ី។ បន្ទះអេឡិចត្រូនិក ជាគ្រឿងបំណែកសំខាន់ក្នុងផលិតផលនានា ដូចជារថយន្ត ប្រព័ន្ធកុំព្យូទ័រសម្រាប់ហ្គេម។ ការផ្គត់ផ្គង់បន្ទះទាំងនេះ កំពុងមានការខ្វះខាតនៅជុំវិញពិភពលោក។
 
គួរបញ្ជាក់ថា អាម៉េរិកនៅថ្ងៃទី ២៨ ខែកុម្ភៈបានប្រកាសដាក់ទណ្ឌកម្មលើធនាគារកណ្តាលរបស់រុស្ស៊ី និងបង្កកប្រភពទ្រព្យសម្បត្តិរុស្ស៊ីផ្សេងទៀតនៅអាម៉េរិក។ ការដាក់ទណ្ឌកម្មនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីខូចខាតបន្ថែមទៀត ខណៈរុស្ស៊ីកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសជាច្រើន។
 
ដូចការសន្យាមុនពេលផ្ទុះសង្រ្គាម ប្រទេសលោកខាងលិច រួមទាំងជប៉ុននិងប្រទេសមួយចំនួនទៀត បាននាំគ្នាសម្រុកដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើរុស្ស៊ី ដើម្បីជំរុញឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាមនិងដកទ័ពចេញពីអ៊ុយក្រែន។ គិតមកទល់បច្ចុប្បន្នប្រទេសដែលបានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីរួមមាន អាម៉េរិក សភាពអឺរ៉ុប (EU) អង់គ្លេស ជប៉ុន កាណាដា តៃវ៉ាន់ នូវែសេឡង់ និងស៊្វីសជាដើម៕
 

Tag:
 ជប៉ុន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com