អន្តរជាតិ
អង់គ្លេស មានបំណងសហការជាមួយអាស៊ាន ដើម្បីបង្កើនការវិនិយោគឱ្យបានខ្ពស់បំផុត
01, Mar 2022 , 7:29 pm        
រូបភាព
លោក Grimstone of Boscobel រដ្ឋមន្រ្តីវិនិយោគអង់គ្លេស។ រូបភាព៖ Bloomberg
លោក Grimstone of Boscobel រដ្ឋមន្រ្តីវិនិយោគអង់គ្លេស។ រូបភាព៖ Bloomberg
រដ្ឋមន្ត្រីវិនិយោគអង់គ្លេស លោក Gerry Grimstone នៅថ្ងៃទី២៤ ខែកុម្ភៈ បានលើកឡើងថា អង់គ្លេស មានបំណងសហការទាំងជាមួយ សមាជិកអាស៊ាន និងអង្គការអាស៊ាន ដើម្បីបង្កើនការវិនិយោគឱ្យបានខ្ពស់បំផុត សម្រាប់រយៈពេលវែងខាងមុខ។ លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា លោកមានបំណងធ្វើការជាមួយក្រុមហ៊ុនក្នុងតំបន់ ដែលចង់វិនិយោគនៅអឺរ៉ុប។
 
ក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន ឆ្នាំ២០២២ បានរៀបចំវេទិកាមួយ នៅថ្ងៃទី២៤ ខែកុម្ភៈ ដោយមានការចូលរួមពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា, លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន, លោកស្រី Baroness Neville-Rolfe ប្រធានក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន, លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Gerry Grimstone រដ្ឋមន្ត្រីវិនិយោគអង់គ្លេស។ 
 
ថ្លែងនៅចំពោះមុនតំណាងជាន់ខ្ពស់នៃប្រទេសអង់គ្លេស និងកម្ពុជា រួមទាំងតំណាងក្រុមហ៊ុនផ្សេងទៀត លោក Gerry Grimstone រដ្ឋមន្ត្រីវិនិយោគអង់គ្លេស បានអះអាងថា អង់គ្លេស មានបំណងសហការជាមួយទាំងពីរ សមាជិកអាស៊ាន និងអាស៊ាន ដើម្បីបង្កើនឱ្យវិនិយោគឱ្យបានខ្ពស់បំផុតសម្រាប់រយៈពេលវែងខាងមុខ។ ទន្ទឹមនេះ លោកក៏ស្វែងរកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនក្នុងតំបន់ ដើម្បីវិនិយោគនៅអង់គ្លេសវិញដែរ។ 
 
ក្នុងវេទិកាដដែលនោះ លោករដ្ឋមន្រ្តីវិនិយោគ បានរកឃើញវិស័យមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង់គ្លេស ក្នុងនោះមានដូចជា ប្រព័ន្ធឌីជីថល ការកែលម្អលើការទទួលបានព័ត៌មានទាក់ទិនធុរកិច្ច ដើម្បីកែប្រែបទបញ្ញត្តិធុរកិច្ចមួយចំនួន និងការទូរទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចជាដើម។
 
បើតាមលោករដ្ឋមន្រ្តី តំបន់អាស៊ាន គឺជាទីផ្សារមួយដ៏សំខាន់សម្រាប់វិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់អង់គ្លេស។ ក្រៅពីនេះ អង់គ្លេស ក៏បានសន្យាគាំទ្រលើវិស័យថាមពលស្អាត និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ លោក Grimstone បានបន្ថែមថា អង់គ្លេស នឹងវិនិយោគច្រើនជាង ១០០លានផោន ដើម្បីគាំទ្រលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុ។ 
 
ក្នុងវេទិកាដដែលនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ពីភាគរយនៃការទទួលបានវ៉ាក់សាំងរបស់ប្រជាជនកម្ពុជា, សមិទ្ធផលអាទិភាពសេដ្ឋកិច្ច ដែលកម្ពុជា បានស្នើឡើងសម្រាប់ឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីពីសារសំខាន់នៃការគាំទ្ររបស់អង់គ្លេសដល់កម្ពុជា ដើម្បីសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស  រួមមានពាណិជ្ជកម្មឌីជីថល ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពផងដែរ៕ 
 

Tag:
 អង់គ្លេស
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com