អន្តរជាតិ
ក្រុមតាលីបង់ហាមមិនឱ្យពលរដ្ឋចេញពីប្រទេស
01, Mar 2022 , 8:29 pm        
រូបភាព
អ្នកនាំពាក្យតាលីបង់ Zabihullah Mujahid ។ រូបថត Xinhua
អ្នកនាំពាក្យតាលីបង់ Zabihullah Mujahid ។ រូបថត Xinhua
កងកម្លាំងតាលីបង់នៅថ្ងៃទី២៧ ខែកុម្ភៈ បានបន្តប្រតិបត្តិការសម្អាតក្នុងប្រទេស ដោយបានឆែកពីផ្ទះមួយទៅផ្ទះមួយនៅទូទាំងរដ្ឋធានីកាប៊ុលដើម្បីស្វែងរកជនចាប់ជំរិតនិងក្រុមចោរ។ ក្រុមតាលីបង់ ក៏ហាមឃាត់ពលរដ្ឋអាហ្វហ្កានីស្ថានមិនឱ្យចាកចេញពីប្រទេស។

ការហាមឃាត់ការធ្វើដំណើរ ត្រូវបានប្រកាសឡើងដោយអ្នកនាំពាក្យតាលីបង់ Zabihullah Mujahid នៅថ្ងៃទី២៧ ខែកុម្ភៈ ដោយអះអាងថា ការរឹតបន្តឹងនេះមានគោលបំណងការពារមិនឱ្យពលរដ្ឋអាហ្វហ្កានីស្ថានជួបការលំបាកនៅក្រៅប្រទេស។ 
 
អ្នកនាំពាក្យដដែល បាននិយាយថា ការសម្រេចចិត្តហាមឃាត់ការចាកចេញនេះបានកើតឡើងដោយសារតែក្រុមតាលីបង់បានទទួលរបាយការណ៍អំពីភាពលំបាករបស់ពលរដ្ឋអាហ្វហ្កានីស្ថានរាប់ពាន់នាក់ ដែលកំពុងរស់នៅក្រៅប្រទេស។ 
 
«រដ្ឋាភិបាលមានការទទួលខុសត្រូវការពារប្រជាជន ដូច្នេះការចាកចេញពីប្រទេសនឹងត្រូវបញ្ឈប់រហូតដល់យើងទទួលបានការធានាថា ពលរដ្ឋអាហ្វហ្កានីស្ថាននៅក្រៅប្រទេសមិនមានគ្រោះថ្នាក់»។ លោក Mujahid បានលើកឡើងបែបនេះដោយបន្តថា រដ្ឋាភិបាលតាលីបង់មិនដែលសន្យាអនុញ្ញាតឱ្យបរទេសបន្តជម្លៀសពលរដ្ឋអាហ្វហ្កានីស្ថានដោយគ្មានកាលកំណត់ឡើយ។
 
ក្រោយមានប្រតិបត្តិការបោសសម្អាតរបស់ក្រុមតាលីបង់ ការជម្លៀសដែលរៀបចំដោយបរទេស និងអង្គការក្រៅរដ្ឋាភិបាលនានា ក៏ត្រូវបានហាមឃាត់។ លើសពីនេះដែរ  ក្រុមគ្រួសារដែលព្យាយាមចាកចេញពីប្រទេសដោយមធ្យោបាយផ្ទាល់ខ្លួន បច្ចុប្បន្នក៏ត្រូវការមានមូលហេតុសមរម្យដើម្បីធ្វើដំណើរផងដែរ បើមិនដូច្នេះពួកគេនឹងត្រូវបញ្ឈប់មិនឱ្យចាកចេញពីប្រទេស។ 
 
«ខ្ញុំត្រូវតែបញ្ជាក់ឱ្យច្បាស់ថា អ្នកដែលចង់ចាកចេញពីប្រទេសនេះជាមួយក្រុមគ្រួសារ ហើយគ្មានហេតុផលអ្វីនោះទេ... យើងនឹងរារាំងពួកគេ»។ នេះបើតាមការបញ្ជាក់របស់លោក Mujahid ក្នុងសន្និសីទកាសែតនៅល្ងាចនៅថ្ងៃទី២៧ ខែកុម្ភៈ។
 
លើសពីនេះដែរ ស្រ្តីជនជាតិអាហ្វហ្កានីស្ថានមិនត្រូវបានអនុញ្ញាតឱ្យហោះហើរទៅបរទេសឡើយ លុះត្រាតែអមដំណើរដោយសាច់ញាតិបុរស។ នេះបើតាមលោក Mujahid ដោយបន្តថា នេះជាបទបញ្ជានៃច្បាប់សាសនាឥស្លាម។ 
 
ការប្រកាសពីបម្រាមថ្មីនេះបានកើតឡើងស្របពេល ក្រុមតាលីបង់បានចាប់ផ្តើមប្រតិបត្តិការបោសសម្អាតនិងស្វែងរក ជនចាប់ជំរិត និងក្រុមចោរផ្សេងៗនៅក្នុងទីក្រុងកាប៊ុល និងទីក្រុងផ្សេងទៀតរបស់នៅអាហ្វហ្កានីស្ថាន។ ការរឹតបន្តឹងថ្មីនេះក៏ទំនងនឹងបង្កការលំបាកដល់ពលរដ្ឋអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ដែលធ្វើការជាមួយកងកម្លាំងបរទេស ដែលកំពុងរង់ចាំសិទ្ធិជ្រកកោនទៅរស់នៅក្រៅប្រទេសផងដែរ។
 
គិតត្រឹមថ្ងៃទី៣១ ខែសីហាឆ្នាំមុន ពលរដ្ឋអាហ្វហ្កានីស្ថានជាង ១២ ម៉ឺននាក់ត្រូវបានជម្លៀសចេញពីប្រទេសស្របពេលដែល កងទ័ពអាម៉េរិក និងសម្ពន្ធ័មិត្តបានដកខ្លួនចេញពីសង្រ្គាមនៅអាហ្វហ្កានីស្ថាន។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សរាប់ពាន់នាក់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចាស់និងកងទ័ពអាម៉េរិក កំពុងជាប់នៅក្នុងអាហ្វហ្កានីស្ថានរួមនឹងភាពភ័យខ្លាច៕
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com