អន្តរជាតិ
ប្រទេសណាខ្លះដែលបញ្ជូនជំនួយយោធាទៅអ៊ុយក្រែន?
01, Mar 2022 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
មកទល់ពេលនេះ កងកម្លាំងអ៊ុយក្រែននៅតែបន្តប្រឈមមុខតែឯងនឹងកងកម្លាំងរុស្ស៊ីដែលបានវាយប្រហារទីក្រុងធំៗមួយចំនួន ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសមួយនេះអស់ជាច្រើនផងដែរ។ ជាងមួយសប្ដាហ៍ក្រោយរុស្ស៊ីបានចាប់ផ្ដើមឈ្លានពានអ៊ុយក្រែន ក្រសួងសុខាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា មនុស្សច្រើនជាង៣៥០នាក់ បានស្លាប់ដោយការវាយប្រហារពីកងកម្លាំងរុស្ស៊ី។ ដ្បិតប្រយុទ្ធម្នាក់ឯង អ៊ុយក្រែនក៏ទទួលបានជំនួយច្រើនពីដៃគូដែរ។
 
តើប្រទេសណាខ្លះដែលបញ្ជូនជំនួយយោធាទៅអ៊ុយក្រែន?
 
អាម៉េរិក
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានបញ្ជាឱ្យក្រសួងការបរទេសបញ្ចេញ អាវុធបន្ថែមទៀតដែលមានតម្លៃជាង៣៥០លានដុល្លារទៅកាន់អ៊ុយក្រែន។ សព្វាវុធទាំងនោះរួមមានអាវុធប្រឆាំងគ្រឿងយន្ត, អាវុធធុនតូច, អាវក្រោះការពារខ្លួន និងអាវុធយុទ្ធភណ្ឌជាច្រើន ត្រូវបានបញ្ជូនឱ្យអ្នកប្រយុទ្ធជួរមុខអ៊ុយក្រែន។ 
 
លើសពីនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា ប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង ក៏ត្រូវបានរួមបញ្ចូលនៅក្នុងជំនួយខាងលើផងដែរ។
 
ចក្រភពអង់គ្លេស
កាលពីខែមករា រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បានអះអាងថា ចក្រភពអង់គ្លេសបានសម្រេចចិត្តដើម្បីផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធការពារអាវុធធុនស្រាល ស្របពេលរុស្ស៊ីប្រមូលទ័ពក្បែរអ៊ុយក្រែន។ ចំណែកឯក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែនបានពីរថ្ងៃ ចក្រភពអង់គ្លេសសន្យាថា នឹងគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនបន្ថែមទៀតដែលរួមមានទាំងអាវុធការពារ ការវាយប្រហារដ៏សាហាវផងដែរ។
 
បារាំង
បារាំងបានផ្ដល់ជំនួយយោធាមួយចំនួនរួចមកហើយ ប៉ុន្តែប្រទេសមួយនេះក៏កំពុងបន្តបញ្ជូនសម្ភារយោធាបន្ថែមទៀតព្រមទាំងប្រេងឥន្ធនៈផងដែរ។ ទីក្រុងប៉ារីសបានបញ្ជាក់ថា ខ្លួនបានធ្វើសកម្មភាពតាមសំណើរបស់អ៊ុយក្រែនដែលបានស្នើសុំប្រព័ន្ធការពារប្រឆាំងយន្តហោះ ព្រមទាំងអាវុធឌីជីថល។
 
ហូឡង់
រដ្ឋាភិបាលហូឡង់បានថ្លែងនៅក្នុងសារផ្ញើទៅកាន់សភាកាលពីថ្ងៃទី២៦ ខែកុម្ភៈថា ហូឡង់ នឹងផ្គត់ផ្គង់គ្រាប់រ៉ុក្កែតការពារដែនអាកាស និងប្រព័ន្ធប្រឆាំងរថក្រោះដល់អ៊ុយក្រែន។ លិខិតខាងលើក៏បញ្ជាក់ថា រដ្ឋាភិបាលហូឡង់បានយល់ព្រមតាមសំណើរបស់ អ៊ុយក្រែនយ៉ាងឆាប់រហ័សក្នុងការបញ្ជូនគ្រាប់រ៉ុក្កែតការពារដែនអាកាស Stinger ចំនួន២០០គ្រាប់ និងអាវុធប្រឆាំងរថក្រោះ Panzerfaust 3 ចំនួន៥០ដើម និងគ្រាប់រ៉ុក្កែត៤០០គ្រាប់។
 
អាល្លឺម៉ង់
អាល្លឺម៉ង់ ផ្គត់ផ្គង់អាវុធប្រឆាំងរថក្រោះចំនួន១ពាន់ដើម និងកាំជ្រួចមីស៊ីល Stinger ចំនួន៥០០គ្រាប់ ពីស្តុកសម្រាប់ប្រឆាំងនឹងរុស្ស៊ី។ ចំណាត់ការមួយនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយពីគោលនយោបាយយូរអង្វែងរបស់ទីក្រុងបែរឡាំងក្នុងការហាមឃាត់ការនាំចេញអាវុធទៅកាន់តំបន់ជម្លោះ។
 
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានសង្កត់ធ្ងន់កាលពីថ្ងៃទី២៦ ខែកុម្ភៈថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាចំណុចរបត់ដ៏ធំមួយ ហើយនេះជាកាតព្វកិច្ចប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រអ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងកងទ័ពឈ្លានពានរបស់លោក ពូទីន ។
 
កាណាដា
ទីក្រុងអូតាវ៉ាក៏កំពុងតែបញ្ជូនអាវុធយោធាប្រយុទ្ធទៅកាន់អ៊ុយក្រែន និងផ្តល់កម្ចីដល់ទីក្រុងកៀវចំនួន៣៩៤លានដុល្លារដើម្បីឱ្យអ៊ុយក្រែនអាចការពារខ្លួនបាន។
 
ស៊ុយអែត
ស៊ុយអែត ក៏កំពុងងាកឆ្ងាយពីជំហរអព្យាក្រឹតជាប្រវត្តិសាស្ត្ររបស់ខ្លួនដោយបានបញ្ជូនគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះចំនួន៥ពាន់គ្រាប់ទៅកាន់អ៊ុយក្រែន ព្រមទាំងផ្តល់អាហារ និងអាវក្រោះការពារខ្លួនផងដែរ។ នេះជាលើកទីមួយហើយដែលស៊ុយអែតបាន បញ្ជូនអាវុធទៅកាន់ប្រទេសដែលមានជម្លោះប្រដាប់អាវុធ ចាប់តាំងពីសហភាពសូវៀតបានឈ្លានពានហ្វាំងឡង់ក្នុងឆ្នាំ១៩៣៩។
 
បែលហ្សិក
បែលហ្ស៊ិកអះអាង ខ្លួនផ្គត់ផ្គង់កាំភ្លើងស្វ័យប្រវត្តិចំនួន៣ពាន់ដើម និងអាវុធប្រឆាំងរថក្រោះ២០០ដើម ព្រមទាំងប្រេងឥន្ធនៈ៣,៨០០តោនផងដែរ។
 
ព័រទុយហ្កាល់
ព័រទុយហ្កាល់ កំពុងផ្តល់វ៉ែនតាសម្រាប់មើលពេលយប់ដល់អ៊ុយក្រែន, អាវការពារគ្រាប់កាំភ្លើង, មួកសុវត្ថិភាព, គ្រាប់បែកដៃ, គ្រាប់រំសេវ និងកាំភ្លើង G3 ស្វ័យប្រវត្តិ។
 
ក្រិក
ក្រិកដែលមានសហគមន៍ជនភៀសខ្លួនដ៏ធំមួយនៅអ៊ុយក្រន កំពុងបញ្ជូនឧបករណ៍ការពារក៏ដូចជាជំនួយមនុស្សធម៌។
 
រូម៉ានី
រូម៉ានីដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែនកំពុងផ្តល់ជូនការព្យាបាលអ្នករងរបួសពីតំបន់ ដែលមានវិបត្តិដើម្បីសម្រាកនៅមន្ទីរពេទ្យយោធាចំនួន១១របស់ខ្លួន។ ប្រទេសមួយនេះ ក៏បានបញ្ជូនប្រេងឥន្ធនៈ, អាវការពារគ្រាប់កាំភ្លើង, មួកសុវត្ថិភាព និង សម្ភារៈយោធាផ្សេងទៀតដែលមានតម្លៃ៣,៣លានដុល្លារ។
 
អេស្ប៉ាញ
រដ្ឋាភិបាលអេស្ប៉ាញបានសន្យាថា នឹងបញ្ជូនជំនួយទៅឱ្យអ៊ុយក្រែនដែលភាគច្រើនជាឧបករណ៍វេជ្ជសាស្ត្រ និងការពារដូចជាអាវកាក់ការពារគ្រាប់កាំភ្លើងជាដើម។
 
ឆែក
ទីក្រុងប្រាក បញ្ជូនកាំភ្លើងត្បាល់ឱ្យអ៊ុយក្រែនចំនួន៤ពាន់ដើម ក៏ដូចជាកាំភ្លើងខ្លី៣ម៉ឺនដើម, កាំភ្លើងវាយប្រហារ៧ពាន់ដើម កាំភ្លើងយន្ត៣ពាន់ដើម, កាំភ្លើងលបបាញ់ជាច្រើន និងគ្រាប់ចំនួនមួយលានគ្រាប់៕
 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com