អន្តរជាតិ
ICC គ្រោងបើកការស៊ើបអង្កេតលើសង្គ្រាមនៅអ៊ុយក្រែនព្រោះមានព័ស្តុតាងឧក្រិដ្ឋកម្មសង្រ្គាម
01, Mar 2022 , 4:59 pm        
រូបភាព
ដោយ:
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃទី២៨ ខែកុម្ភៈ ប្រកាសពីផែនការស៊ើបអង្កេតទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាម និងសង្រ្គាមប្រឆាំងនឹងមនុស្សជាតិនៅអ៊ុយក្រែន ខណៈរុស្ស៊ីនៅតែបន្តការវាយប្រហារនៅអ៊ុយក្រែន។​
 
ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈដែលរុស្ស៊ីចាប់ផ្តើមការវាយប្រហារមកលើអ៊ុយក្រែន ប្រមុខសិទ្ធិមនុស្សលោកស្រី Michelle Bachelet នៅថ្ងៃទី២៨ ខែកុម្ភៈលើកឡើងពីករណីស្លាប់ និងរបួសក្នុងចំណោមជនស៊ីវិល។ ប៉ុន្តែ លោកស្រីបន្ថែមថា បើតាមស្ថានភាពជាក់ស្តែង ចំនួនតួលេខពិត អាចមានច្រើនជាងនេះ ដែលភាគច្រើននៃជនស៊ីវិលទាំងនេះត្រូវបានស្លាប់ដោយសារអាវុធគ្រឿងផ្ទុះដូចជា ការបាញ់ផ្លោងពីកាំភ្លើងធំ ប្រព័ន្ធរ៉ុក្កែតបាញ់ចម្រុះ និងការវាយប្រហារតាមអាកាស។
 
បើតាមសេចក្តីថ្លែងការណ៍របស់អគ្គរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan នៅថ្ងៃទី២៨ ខែកុម្ភៈ ICC នឹងបន្តបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម និងសង្រ្គាមប្រឆាំងនឹងមនុស្សជាតិ។ ICC នឹងស៊ើបអង្កេតទៅលើបទចោទឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយភាគីណាមួយនៃជម្លោះនៅផ្នែកណាមួយនៅលើទឹកដីអ៊ុយក្រែន។​
 
«ខ្ញុំបានសម្រេចចិត្តបន្តបើកការស៊ើបអង្កេតទៅលើស្ថានភាពនៅអ៊ុយក្រែនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។​ លោក Khan អះអាងដូចនេះនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនៅលើគេហទំព័រ ICC ​។ លោកបន្ថែមថា នឹងបន្តតាមដានយ៉ាងដិតដល់ស្ថានភាពវិវត្តនៅអ៊ុយក្រែន ហើយជាថ្មីម្តងទៀតលោកអំពាវនាវឱ្យមានការអត់ធ្មត់ និងការប្រកាន់ឱ្យខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ។
 
កាល​ពី​សប្តាហ៍​មុន លោក Khan ​ក៏បានព្រមាន​ភាគី​ជម្លោះស្រេចហើយ​ថា ICC ​​មាន​យុត្តាធិការ​លើ​អ៊ុយក្រែន ដោយសារ​តែ​រដ្ឋាភិបាល​អ៊ុយក្រែន​ទទួលយកអាណត្តិ​របស់ ICC ក្នុង​ឆ្នាំ២០១៥ ថ្វីបើប្រទេសនេះមិនមែនជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមនៃ ICC ក៏ដោយ។ 
 
គួរបញ្ជាក់ថា ការបន្តបើកការស៊ើបអង្កេតនេះ គឺជាជំហានបន្ទាប់ក្នុងការស៊ើបអង្កេតដែលមានស្រាប់ពាក់ព័ន្ធនឹងជម្លោះនៅភាគខាងកើតអ៊ុយក្រែនដែលការស៊ើបអង្កេតដំបូងនេះត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២០។ លោក Khan​ បញ្ជាក់ថា ការបន្តការស៊ើបអង្កេតលើកនេះនឹងរួមបញ្ចូលព័ស្តុតាងចាប់ពីការរីករាលដាលនៃជម្លោះក្រោយការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន៕
 
 

Tag:
 ICC
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com