អន្តរជាតិ
កូរ៉េខាងជើង៖ ដើមចមនៃវិបត្តិអ៊ុយក្រែន គឺមកពីការបំពានអំណាចខ្លាំងរបស់បស្ចិមប្រទេស
01, Mar 2022 , 10:29 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
ក្រោយរុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនជិតមួយសប្ដាហ៍ កូរ៉េខាងជើង នៅថ្ងៃទី២៨ ខែកុម្ភៈ ទើបតែចេញមុខ ចោទថា វិបត្តិអ៊ុយក្រែន កើតឡើងដោយសារតែអាម៉េរិក និងប្រទេសលោកខាងលិច ប្រកាន់យកគោលនយោបាយអនុត្តរភាព  និងប្រើអំណាចខ្លាំងក្លាពេក។ នេះបើតាមចុះ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA។
 
ខណៈអាម៉េរិក បណ្ដាប្រទេសអឺរ៉ុប និងប្រទេសមួយចំនួននៅតំបន់អាស៊ី បានថ្កោលទោស និងដាក់ទណ្ឌកម្មលើរុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែន កូរ៉េខាងជើងឯនេះវិញ បានទម្លាក់កំហុសលើអាម៉េរិក និងបណ្តាប្រទេសលោកខាងលិច ថាជាដើមចមនៃវិបត្តិអ៊ុយក្រែន និងរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍លើកដំបូងស្តីពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ក្រសួង ការបរទេសកូរ៉េខាងជើង បានចោទអាម៉េរិក និងប្រទេសលោកខាងលិចពីកំហុសនៃការបំពានអំណាច។ 
 
«ដើមចមនៃវិបត្តិអ៊ុយក្រែន ស្ថិតនៅលើគោលនយោបាយអនុត្តរភាពអាម៉េរិក និងប្រទេសលោកខាងលិចដែលបានចាត់វិធានការខ្លាំងជ្រុល និងប្រើអំណាចរំលោភបំពានប្រទេសដទៃ»។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់បែបនេះ។ 
 
ទន្ទឹមនេះ ក្រុងព្យុងយ៉ាង បានចោទក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តថា មិនអើពើនឹងការទាមទារសមហេតុផល និងស្របច្បាប់របស់រុស្ស៊ី សម្រាប់ការធានាសន្តិសុខ ហើយបែរជាចង់ពង្រីកសម្ព័ន្ធយោធាណាតូនៅតំបន់អឺរ៉ុបខាងកើត រួមទាំងការដាក់ពង្រាយប្រព័ន្ធសព្វាវុធសម្រាប់វាយប្រហារថែមទៀត។ 
 
បើតាមកូរ៉េខាងជើង ដរាបណាអាម៉េរិក នៅតែបន្តគោលនយោបាយឯកតោនិយម ដែលគំរាមកំហែងដល់សន្តិភាព សុវត្ថិភាព និងអធិបតេយ្យភាពរបស់ប្រទេសផ្សេងៗ នោះពិភពលោក នឹងមិនមានសន្តិភាពឡើយ។
 
សេចក្ដីថ្លែងការណ៍មួយនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើង បានតេស្តមីស៊ីល លើកទីមួយ ក្នុងខែកុម្ភៈ។ ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យបន្តការចរចារលើការរំសាយកម្មវិធីនុយក្លេអ៊ែរឡើងវិញ ប៉ុន្តែកូរ៉េខាងជើងបានច្រានចោលសំណើនោះ ហើយទាមទារឱ្យអាម៉េរិកទម្លាក់គោលនយោបាយអរិភាព និងស្តង់ដារពីរជាន់ជាមុនសិន៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com