អន្តរជាតិ
វិបត្តិអ៊ុយក្រែន ប៉ះពាល់ដល់តម្លៃទំនិញសំខាន់បំផុត៥ ក្នុងពិភពលោក
02, Mar 2022 , 8:29 am        
រូបភាព
កងកម្លាំងរបស់អ៊ុយក្រែន។ រូបភាព៖ AFP
កងកម្លាំងរបស់អ៊ុយក្រែន។ រូបភាព៖ AFP
ការវាយប្រហារអ៊ុយក្រែនពីសំណាក់រុស្ស៊ី កំពុងគំរាមកំហែងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញ និងសេវាកម្មសំខាន់ៗក្នុងពិភពលោកបន្ថែមពីលើការរីករាលដាលជំងឺកូវីដ-១៩។ អ៊ុយក្រែន និងរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងថាមពលសំខាន់ៗសម្រាប់ផលិតកម្មទំនិញជាច្រើន។
 
ផលវិបាកនៃសង្គ្រាមមិនត្រឹមជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុកអ៊ុយក្រែន និងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានប៉ះពាល់ដល់ពិភពលោកទាំងមូល តាមរយៈតម្លៃទំនិញ និងសេវាកម្មដែលផ្គត់ផ្គង់ដោយអ៊ុយក្រែង និងរុស្ស៊ីថែមទៀត។ 
 
ថាមពល
 
ប្រទេសជាច្រើននៅអឺរ៉ុបពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ជាពិសេសឧស្ម័នធម្មជាតិតាមរយៈបំពង់បង្ហូរសំខាន់ៗជាច្រើន។ ដូច្នេះ វិបត្តិអ៊ុយក្រែន និងរុស្ស៊ី នឹងធ្វើឱ្យអឺរ៉ុបជួបបញ្ហាខ្វះហ្គាស បើរុស្ស៊ីសម្រេចបិទបំពង់បង្ហូរឧស្ម័ន និងប្រទេសអឺរ៉ុប ដាក់ទណ្ឌកម្មនាំចេញឧស្ម័នធម្មជាតិពីរុស្ស៊ី។ 
 
ការរំខានដល់ការផ្គត់ផ្គង់ជាមូលដ្ឋានបែបនេះនឹងបង្កឱ្យមានផលវិបាកផ្នែកសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។ ជាឧទាហរណ៍ នៅពេលដែលតម្លៃ ឧស្ម័នកើនឡើងក្នុងឆ្នាំ ២០២១ រោងចក្រជីនៅអង់គ្លេសបានបិទទ្វារ ដោយសារតម្លៃថាមពលឡើងខ្ពស់ និងធ្វើឱ្យផលិតកម្មមិនអាចគ្រប់គ្រងបាន។ វាក៏នាំឱ្យខ្វះខាតឧស្ម័នកាបូនិចដែលចាំបាច់សម្រាប់វិស័យវេជ្ជសាស្រ្ត និងការរក្សាអាហារឱ្យនៅស្រស់។ 
 
ចំណីអាហារ
 
តម្លៃអាហារសកលបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០២១ ដោយសារតម្លៃថាមពលខ្ពស់ និងការប្រែប្រួលអាកាសធាតុ។ ឥឡូវនេះ វិបត្តិអ៊ុយក្រែន នឹងកាន់តែធ្វើឱ្យអ្នកផលិតអាហារមានសម្ពាធបន្ថែមទៀត ដោយសារតម្លៃនៃធាតុផ្សំកាន់តែកើនឡើងដែរ។ រុស្ស៊ី និងអ៊ុយក្រែន បានរួមចំណែកយ៉ាងច្រើនក្នុងឧស្សាហកម្មចំណីអាហារ។ ប្រទេសពីរនេះ មានចំណែកនាំចេញស្រូវសាលីមួយភាគបួននៃបរិមាននាំចេញលើសកល។ អ៊ុយក្រែនគឺជាអ្នកនាំចេញប្រេងផ្កាឈូករ័ត្ន ស្ទើរតែពាក់កណ្តាលនៃការនាំចេញពិភពលោក។ ទំនិញទាំងពីរ គឺជាវត្ថុធាតុដើមសំខាន់ដែលប្រើក្នុងផលិតកម្មម្ហូបអាហារជាច្រើន។ 
 
ប្រសិនបើការនាំចេញត្រូវបានរារាំង នោះប្រទេសអ្នកនាំចូល នឹងមានបញ្ហាខ្វះខាតរបស់ប្រើប្រាស់។ ប្រទេសតួកគី និងអេហ្សីប ពឹងផ្អែកលើរុស្ស៊ី និងអ៊ុយក្រែនស្ទើរតែ ៧០ភាគរយនៃការនាំចូលស្រូវសាលី។ ចំណែកចិនវិញក៏ពឹងផ្អែកការនាំចូលពោតពីអ៊ុយក្រែនដែរ។
 
ការដឹកជញ្ជូន
 
ការដឹកជញ្ជូនសកលត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ហើយជម្លោះនៅអ៊ុយក្រែនកំពុងបង្កើនបញ្ហាបន្ថែមទៀត។ ការដឹកជញ្ជូនតាមសមុទ្រ និងការដឹកជញ្ជូនតាមផ្លូវដែកកំពុងប្រឈមបញ្ហាខ្លាំងជាងគេ។ លីទុយអានី កំពុងព្រួយបារម្ភពីការដឹកជញ្ជូនតាមផ្លូវដែករបស់ពួកគេដោយការឡើងថ្លៃប្រេង។ ជាធម្មតា តម្លៃការដឹកជញ្ជូនគឺខ្ពស់ខ្លាំងរួចទៅហើយ ហើយវិបត្តិរុស្ស៊ី និងអ៊ុយក្រែន នឹងអាចធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើងថែមទៀត។
 
លោហធាតុ
 
រុស្ស៊ី និងអ៊ុយក្រែននាំមុខគេលើការផលិតលោហធាតុដូចជា នីកែល ទង់ដែង និងដែក។ ប្រទេសទាំងពីរនេះ ក៏ចូលរួមយ៉ាងខ្លាំងក្នុងការនាំចេញ និងផលិតវត្ថុធាតុដើមសំខាន់ៗផ្សេងទៀតដូចជា ណេអុង បាឡាដ្យូម និងប្លាទីន។ ការដាក់ទណ្ឌកម្មលើរុស្ស៊ីបានធ្វើឱ្យតម្លៃលោហៈទាំងនេះកើនឡើងដែលអាចរំខានការផ្គត់ផ្គង់ និងគំរាមកំហែងដល់ការកើនឡើងតម្លៃផលិតផល និងសេវាកម្មជាច្រើន។ 
 
បន្ទះអេឡិចត្រូនិច
 
ការខ្វះខាតបន្ទះអេឡិចត្រូនិច គឺជាបញ្ហាចម្បងពេញមួយឆ្នាំ២០២១។ អ្នកវិភាគមួយចំនួនបានព្យាករណ៍ថាបញ្ហានេះ នឹងធូរស្រាលនៅឆ្នាំ២០២២ ប៉ុន្តែវិបត្តិអ៊ុយក្រែន និងរុស្ស៊ីនឹងបន្តរំខានការខ្វះខាតនេះ។ ក្នុងទណ្ឌកម្មរបស់អាម៉េរិកចំពោះរុស្ស៊ី អាមេរិកបានគំរាមកាត់ផ្តាច់ការនាំចូលបន្ទះអេឡិចត្រូនិចរបស់រុស្ស៊ី។ ប៉ុន្តែទង្វើនេះនឹងធ្វើឱ្យអាម៉េរិកខ្វះខាតបន្ទះអេឡិចត្រូនិចប្រើប្រាស់ ព្រោះរុស្ស៊ី និងអ៊ុយក្រែនគឺជាអ្នកនាំចេញធាតុផ្សំដូចជា ណេអុង បាឡាដ្យូម និងប្លាទីន ដែលសុទ្ធតែសំខាន់សម្រាប់ការផលិតបន្ទះអេឡិចត្រូនិច៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com