អន្តរជាតិ
អាម៉េរិក ប្រកាសបណ្តេញមន្រ្តីរុស្ស៊ីធ្វើការនៅ UN ចំនួន១២រូប
01, Mar 2022 , 5:59 pm        
រូបភាព
លោក Vassily Nebenzia អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
លោក Vassily Nebenzia អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
អាម៉េរិក នៅថ្ងៃទី២៨ ខែកុម្ភៈ បានប្រកាសបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ១២រូប ដែលធ្វើការនៅស្ថានបេសកកម្មរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (UN) ដោយចោទថា ប្រព្រឹត្តចារកម្ម។ គម្រោងបណ្តេញចេញនេះ ធ្វើឡើងស្របពេលអាម៉េរិក និងបស្ចិមប្រទេស កំពុងមានភាពតានតឹងជាមួយរុស្ស៊ី ជុំវិញការវាយប្រហារលើអ៊ុយក្រែន។
 
តាមសេចក្តីថ្លែងការណ៍លើការសម្រេចចិត្តទាក់ទិនការផ្តួចផ្តើមបណ្តេញមន្រ្តីទូតរុស្ស៊ីចេញពីក្រុងញូវយ៉កនៅថ្ងៃទី២៨ ខែកុម្ភៈ ស្ថានបេសកកម្មអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា អាម៉េរិក បានជូនដំណឹងទៅអង្គការសហប្រជាជាតិ និងស្ថានបេសកកម្មរុស្ស៊ីប្រចាំនៅ UN រួចហើយ ពីការចាប់ផ្តើមនីតិវិធីដកមន្រ្តីទូតរុស្ស៊ីចំនួន ១២រូប ដែលបានប្រព្រឹត្តចារកម្ម និងរំលោភអភ័យឯកសិទ្ធិក្នុងការស្នាក់នៅអាម៉េរិក។ 
 
«យើងកំពុងចាត់វិធានការ ដោយផ្អែកតាមកិច្ចព្រមព្រៀងទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ»។ ស្ថានបេសកកម្មអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយចាត់ទុកទង្វើរបស់មន្រ្តីទូតរុស្ស៊ី ធ្វើឱ្យប៉ះពាល់សន្តិសុខជាតិអាម៉េរិក។ 
 
ចំណាត់ការអាម៉េរិកលើមន្រ្តីទូតរុស្ស៊ី ធ្វើឡើងស្របពេលក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសជាច្រើន កំពុងតែដាក់ទណ្ឌកម្មលើរុស្ស៊ី ទាក់ទិននឹងការឈ្លានពានអ៊ុយក្រែន។ 
 
ពាក់ព័ន្ធនឹងមន្រ្តីទូតរុស្ស៊ីចំនួន១២រូបនោះ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានប្រាប់អ្នកសារព័ត៌មានថា មន្រ្តីទូតត្រូវបានស្នើឱ្យចាកចេញពីអាម៉េរិកត្រឹមថ្ងៃទី៧ ខែមីនាខាងមុខ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលើស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ក្នុងថ្ងៃទី២៨ ខែកុម្ភៈ លោក Nebenzia បានចាត់ទុកវិធានការអាម៉េរិក ជាការបង្ករឿង និងបំពានការប្តេជ្ញារបស់ខ្លួន។ 
 
សូមបញ្ជាក់ថា ពេលនេះ រុស្ស៊ី នៅតែបន្តវាយប្រហារលើអ៊ុយក្រែន បើទោះភាគីទាំងពីរទើបតែបញ្ចប់កិច្ចចរចានៅតំបន់ព្រំដែនបេឡារុសក៏ដោយ។ កិច្ចចរចាទ្វេភាគីនេះ មិនទាន់ទទួលបានលទ្ធផលអ្វីឡើយ ព្រោះភាគីអ៊ុយក្រែន និងមូស្គូ ត្រូវការពេលវេលាពិភាក្សាសម្រាប់កិច្ចចរចាបន្ទាប់៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com