អន្តរជាតិ
មេដឹកនាំហុងកុង អំពាវនាវកុំឱ្យស្លន់ស្លោ ខណៈប្រជាជន​សម្រុកទិញទំនិញទុក
01, Mar 2022 , 11:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
​ខណៈរដ្ឋាភិបាលក្រុងហុងកុងត្រៀមចាត់វិធានការបិទខ្ទប់ ប្រជាជនហុងកុងនៅថ្ងៃទី១ ខែមីនា បាននាំគ្នាទៅសម្រុកទិញ​ម្ហូបអាហារ និងថ្នាំពេទ្យសម្រាប់ស្តុកទុករហូតអស់ពីផ្សារទំនិញ និងឱសថស្ថាននា​នា​។​ មេដឹកនាំហុងកុង ​លោកស្រីការី  ឡាំ​ ​បានអំពាវនាវទៅកាន់ប្រជាជនខ្លួនកុំឱ្យឆ្លេឆ្លា​ និងកុំបារម្ភពីការធ្វើតេស្តទូទាំងក្រុងដែលនឹងចាប់ផ្តើមនា២សប្តាហ៍បន្ទាប់។

បើតាមកាសែត South China Morning Post ការធ្វើតេស្តជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំលើប្រជាជនទូទាំង៧,៤លាននាក់ នឹងធ្វើឡើងរយៈពេល៩ថ្ងៃ ដោយចាប់ផ្តើមថ្ងៃទី១៧ ខែមីនា ​ខណៈវិធានការបិទខ្ទប់ស្ថិតក្នុងការពិចារណា។​ ព័ត៌មាននេះបានបង្កជាក្តីបារម្ភថា ​​មនុស្សជាច្រើន នឹងត្រូវបង្ខំឱ្យឃុំខ្លួននៅផ្ទះ ហើយគ្រួសារដែលមានសមាជិកតេស្តវិជ្ជមានជំងឺកូវីដ-១៩ នឹងត្រូវដាក់ដោយឡែកពីគ្នា។
 
យ៉ាងណាក្ដី មេដឹកនាំហុងកុង ការី ឡាំ បានអំពាវនាវទៅកាន់ប្រជាជននៅថ្ងៃទី១ខែ​មីនា​ កុំឱ្យចាញ់បោកពាក្យចចាមអារ៉ាមដែលត្រូវបានបំផុស។ លោកស្រីបន្ថែមទៀតថា​ ​ការផ្គត់ផ្គង់ម្ហូបនិងទំនិញនៅតែរក្សាធម្មតា។
 
«វាមិនត្រូវការឱ្យសាធារណជនព្រួយបារម្ភឡើយ​។ ពួកគេគួរតែប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើព័ត៌មានដែលចេញផ្សាយដោយរដ្ឋាភិបាលដើម្បីចៀសវាងពាក្យចចាមអារ៉ាមដែលមិនពិត។» នាយកប្រតិបត្តិក្រុងបាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។
 
ទោះជាយ៉ាងណា ប្រជាជនរាប់សិបនាក់នៅតែតម្រង់ជួរចូលទៅកាន់ឱសថស្ថាន និងធនាគារ​ទូទាំងក្រុង ខណៈប្រជាជនជាច្រើនប្រមែប្រមូលទិញសម្ភារណាដែលចាំបាច់រហូតអស់ពីធ្នើរទំនិញគ្មានសល់។
 
បច្ចុប្បន្ននេះ ក្រុងហុងកុង កើនឡើងករណីឆ្លងកាន់តែខ្លាំងដោយនៅថ្ងៃទី២៨ខែកុម្ភៈ ក្រុងនេះកត់ត្រាអ្នកឆ្លងជាង៣៤ ០០០ករណី និងស្លាប់១២៤នាក់។ អត្រាអ្នកស្លាប់ក៏មានការកើនឡើងដោយកន្លែងរក្សាទុកសាកសពនៅមន្ទីរពេទ្យ និងសាធារណៈស្ថិតនៅកម្រិតអតិបរមា។ គិតត្រឹមថ្ងៃទី១ខែកុម្ភៈ ហុងកុងរាយការណ៍ករណីឆ្លងជំងឺកូវីដ១៩ ជាង២០ម៉ឺននាក់និងស្លាប់៧៤៤នាក់៕
 
 
 
 

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com