អន្តរជាតិ
តៃវ៉ាន់ បញ្ជូនសម្ភារវេជ្ជសាស្ត្រជាង២៧តោនទៅអ៊ុយក្រែន
02, Mar 2022 , 9:29 am        
រូបភាព
រដ្ឋាភិបាលតៃវ៉ាន់នៅថ្ងៃទី១ ខែមីនា ប្រកាសថា ខ្លួនបានបញ្ជូនសម្ភារវេជ្ជសាស្ត្រជាង២៧តោនទៅអ៊ុយក្រែន ដើម្បីបង្ហាញពីការគាំទ្រដល់ប្រទេសប្រជាធិបតេយ្យលើពិពភលោក។ លើសពីនេះដែរ រដ្ឋាភិបាល​​តៃវ៉ាន់ ក៏បានបង្ហាញការគាំទ្រនិងចូលរួមជាមួយអន្តរជាតិលើការហាមឃាត់ធនាគារមួយចំនួនរបស់រុស្ស៊ីពីប្រព័ន្ធទូទាត់លុយអន្តរជាតិ (SWIFT) ផងដែរ។

ក្រោយរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែន តៃវ៉ាន់បានចូលរួមជាមួយសម្ព័ន្ធមិត្តដឹកនាំដោយលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ី។ ទន្ទឹមនេះដែរ តៃវ៉ាន់ក៏បានសម្តែងការអាណិតអាសូរចំពោះប្រជាជនអ៊ុយក្រែន ដោយមើលឃើញថាស្ថានភាពនៅអ៊ុយក្រែនមានភាពស្រដៀងគ្នាទៅស្ថានភាពគំរាមគំហែងរបស់ទីក្រុងប៉េកាំងប្រឆាំងទីក្រុងតៃប៉ិ។​ 
 
«សាធារណរដ្ឋចិន ក្នុងនាមជាសមាជិកនៃជំរុំប្រជាធិបតេយ្យរបស់សហគមន៍អន្តរជាតិ មានឆន្ទៈធ្វើសកម្មភាពក្នុងស្មារតីតៃវ៉ាន់អាចជួយបាន»។ ក្រសួង​ការ​បរទេស​តៃវ៉ាន់​បានលើកឡើងបែបនេះ ដោយបន្តថា តៃវ៉ាន់នឹងផ្តល់ជំនួយបន្ទាន់ដូចជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដល់អ៊ុយក្រែនដើម្បីប្រើប្រាស់ឱ្យទាន់ពេលវេលា។
 
បើតាមក្រសួង​ការ​បរទេស​តៃវ៉ាន់ ជំនួយជាគ្រឿងវេជ្ជសាស្ត្រជាង២៧តោន ត្រូវបានដឹកចេញតាមជើងយន្តហោះទៅកាន់ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់នៅ​យប់ថ្ងៃទី២៨ ខែកុម្ភៈ ហើយនឹងត្រូវបញ្ជូនបន្តទៅកាន់អ៊ុយក្រែនតាមរយៈផ្លូវ និងបណ្តាញដែលសមស្រប។ 
 
ក្នុងសន្និសិទកាសែតនៅថ្ងៃទី​១ ខែមីនា នាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang បានប្រាប់អ្នកកាសែតថា តៃវ៉ាន់កំពុងសហការយ៉ាងជិតស្និតជាមួយដៃគូប្រជាធិបតេយ្យរបស់ខ្លួនជុំវិញពិភពលោកដាក់ទណ្ឌកម្មលើរុស្ស៊ី។ លោកក៏បានបន្ថែមថា រដ្ឋាភិបាលតៃវ៉ាន់នឹងចូលរួមសហការជាមួយការសម្រេចចត្តិរបស់​​​ប្រទេសលោកខាងលិចពាន់ព័ន្ធការហាមឃាត់ធនាគាររុស្ស៊ីពីប្រព័ន្ធទូទាត់លុយអន្តរជាតិ។
 
យ៉ាងណាមិញ ការដាក់ទណ្ឌកម្មរបស់តៃវ៉ាន់ហាក់គ្មានប្រសិទ្ធិភាព និងគ្រាន់តែជារូបភាពនៃការដាក់ទណ្ឌកម្មប៉ុណ្ណោះ ដ្បិតទំនាក់ទំនងពាណិជ្ជកម្មរបស់តៃវ៉ាន់និងរុស្ស៊ីមានតិចតួច។​ បើតាមគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុរបស់តៃវ៉ាន់ តៃវ៉ាន់បានប្រើប្រាស់ SWIFT ដើម្បីផ្ទេរប្រាក់ទៅរុស្ស៊ី ប៉ុន្តែដំណើរការនេះត្រូវឆ្លងកាត់ធនាគារអន្តរការីដដែល។
 
សព្វថ្ងៃ ក្រុមហ៊ុនផលិតបន្ទះអេឡិចត្រូនិចតៃវ៉ាន់ក៏កំពុងអនុវត្តតាមការត្រួតពិនិត្យការនាំចេញរបស់រដ្ឋាភិបាលទៅកាន់រុស្ស៊ីដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូសម្រាប់ការឈ្លានពានអ៊ុយក្រែន​ផងដែរ៕
 

Tag:
 តៃវ៉ាន់
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com