កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនក្លាយជាម្ចាស់ពានរង្វាន់បើករដូវកាលថ្មី Super Cup ដំបូងក្រោយឈ្នះវិសាខា ២-១
01, Mar 2022 , 9:28 pm        
រូបភាព
រូបភាព Facebook៖Phnom Penh Crown FC
រូបភាព Facebook៖Phnom Penh Crown FC
ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកម្ពុជាឆ្នាំ២០២១ បានយកឈ្នះ ក្លិបវិសាខា ម្ចាស់ពានសម្ដេចឆ្នាំ២០២១ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់Super Cup នៅកីឡដ្ឋានស្តាតចាស់វេលាម៉ោង ៦:៣០ល្ងាច នាថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ ។


ការប្រកួតនៅតង់ទី១ កីឡាករ Fareed Sadet របស់ភ្នំពេញក្រោន បានទំលាយសំណាញ់ទីវិសាខា នៅនាទី១៥ តាមរយៈការបញ្ជូនបាល់កាត់ពីខ្សែរបម្រើ អ៊ន ចាន់ប៉ូលីន នាំឲ្យភ្នំពេញក្រោន នាំមុខ ១-០ ។ ម្ចាស់ជើងឯកលីគ២០២១នេះ បន្ដដាក់សម្ពាធលើ វិសាខា រហូតរកបានមួយគ្រាប់ទៀត ក្នុងនាទី៣៧ ដោយកីឡាករ Fareed Sadet ដដែល ។ នៅតង់ទី១នេះ បើទោះជា វិសាខា ប្រឹងប្រែងវាយបកខ្លាំងក្តី នៅតែមិនអាចរកគ្រាប់បាល់បាន  ។
 
លុះចូលដល់តង់ទី២ ភ្នំពេញក្រោន បានរក្សាការលេងបែបការពារ ខណៈ វិសាខា សម្រុកវាយបករកគ្រាប់បាល់វិញ ។ ការស៊ុតពីចម្ងាយ របស់កីឡាករ Athui Kenjok Wal របស់វិសាខា នៅនាទី៤៧ មិនអាចផុតការចាប់បាល់របស់អ្នកចាំទី សាវែង សំណាង បានឡើយ ។ ការព្យាយាមវាយសម្រុករបស់វិសាខា ក៏ធ្វើបានសម្រេចនៅនាទី៥០ ដោយកីឡាករ កែវ សុខផេង បានតែតបាល់បញ្ចូលទី ភ្នំពេញក្រោន តាមរយៈការបញ្ជូលបាល់ហោះកាត់ពីសំណាក់ខ្សែការពារស្លាបឆ្វេង ឆេង ម៉េង ដែលជួយឲ្យវិសាខា តាមពីក្រោយដោយលទ្ធផល២-១ ។
 
ក្នុងនាទី៩០ វិសាខា មានបាល់ស៊ុតជាច្រើន លើភ្នំពេញក្រោន ស្របពេលដែល ថែម៤នាទីចុងក្រោយ ។ តែទោះជាយ៉ាងនេះក៏ដោយ ភ្នំពេញក្រោន បានការពារសំណាញទីខ្លួន មិនឲ្យរបូតគ្រាប់បាល់ឡើយ ។ បញ្ចប់ការប្រកួត ភ្នំពេញក្រោន ឈ្នះ វិសាខា ក្នុងលទ្ធផល ២-១ ។
 
ម្ចាស់ជើងឯកលីគ ភ្នំពេញក្រោន បានគ្រងជើងឯក Super Cup រដូវកាលទី១ ដែលមានប្រាក់រង្វាន់៥០០០$ ក្នុងការត្រៀមបើកទំព័របាល់ទាត់ Cambodian Premier League 2022 ។
 

Tag:
 បាល់ទាត់
  Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com