អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ហៅការវាយប្រហារលើទីក្រុង Kharkiv ជាឧក្រិដ្ឋកម្មសង្រ្គាម
02, Mar 2022 , 10:02 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ Facebook-លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ Facebook-លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១ ខែមីនា បានហៅការវាយប្រហារលើទីក្រុង Kharkiv ដែលជាក្រុងធំបំផុតទីពីររបស់អ៊ុយក្រែន ជាឧក្រិដ្ឋកម្មសង្រ្គាម។ មេដឹកនាំអ៊ុយក្រែន ក៏បានចាត់ទុកទង្វើរុស្ស៊ី ជាភេរវកម្ម ដែលប្រព្រឹត្តឡើងដោយរដ្ឋផងដែរ។
 
រុស្ស៊ី បានប្រើមីស៊ីលដើម្បីវាយប្រហារក្រុង Kharkiv ដោយតម្រង់គោលដៅអាគាររដ្ឋបាលតំបន់ និងតំបន់លំនៅដ្ឋានរបស់ប្រជាជន។ អាជ្ញាធរក្រុង Kharkiv បានបញ្ជាក់បែបនេះនៅថ្ងៃទី១ ខែមីនា។ មីស៊ីលទាំងនោះ ជាប្រភេទមីស៊ីលប្រដេញ និងប្រភេទ GRAD។ បន្ទាប់ពីការវាយប្រហារនោះ លោកប្រធានាធិបតីអ៊ុយក្រែន បានហៅការវាយប្រហារនេះ ជាឧក្រិដ្ឋកម្មសង្រ្គាម។ 
 
«ការវាយប្រហារប្រឆាំងក្រុង Kharkiv គឺជាឧក្រិដ្ឋកម្មសង្រ្គាមមួយ»។ លោក វូឡឌីមៀ ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះនៅក្នុងវីដេអូមួយនៅថ្ងៃទី១ ខែមីនា ដោយបន្ថែមថា នោះគឺជាផ្នែកមួយនៃភេរវកម្ម ដែលប្រព្រឹត្តឡើងដោយរដ្ឋរុស្ស៊ី។ ក្នុងន័យនេះ មេដឹកនាំអ៊ុយក្រែន បានបន្តថា ក្រុង Kharkiv និងក្រុង កៀវ គឺជាក្រុងសំខាន់បំផុតសម្រាប់រុស្ស៊ី ដែលចង់បំបាក់អ៊ុយក្រែន និងការតស៊ូរបស់ប្រជាជនអ៊ុយក្រែន។ 
 
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្តថា យោធារុស្ស៊ីផ្តោតលើទីក្រុងកៀវ ដូចគ្នានឹងទីក្រុង Kharkiv ​ដែរ ដែលនេះជាហេតុផល ដែលអ៊ុយក្រែន ត្រូវការពាររដ្ឋធានីរបស់ខ្លួន និងជាអាទិភាពសម្រាប់រដ្ឋ។ ក្រុង Kharkiv ដែលជាក្រុងធំទីពីររបស់អ៊ុយក្រែន មានប្រជាជនរស់នៅប្រមាណ ១,៤លាននាក់។ 
 
កន្លងមក តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានអះអាងថា វាមានហេតុផលសមស្រប ដែលឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អាចកើតមាននៅអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីវាយប្រហារ។ បើតាមរដ្ឋអាជ្ញាររបស់តុលាការអន្តរជាតិមួយនេះ តុលាការ នឹងបើកការស៊ើបអង្កេតផ្លូវការឱ្យបានកាន់តែឆាប់រហ័ស។
 
អ៊ុយក្រែន ក៏បានជួលក្រុមហ៊ុនច្បាប់អាម៉េរិកដើម្បីតតាំងក្ដីផងដែរ។
 
បើទោះ ទើបតែបញ្ចប់កិច្ចចរចានៅតំបន់ក្បែរព្រំដែនបេឡារុស ក៏ដោយ ប៉ុន្តែរុស្ស៊ីនៅតែវាយប្រហារលើអ៊ុយក្រែន។ រុស្ស៊ី បានវាយប្រហារលើតំបន់ស៊ីវិល បើទោះដឹងថាកន្លែងនោះមានប្រជាជនរស់នៅក៏ដោយ។ មកទល់ពេលនេះ ប្រជាជនស៊ីវិលច្រើនជាង ៣៥០នាក់ បានបាត់បង់ជីវិត ក្នុងនោះរួមមានកុមារផង ខណៈប្រជាជនផ្សេងទៀត បានភៀសខ្លួនទៅប្រទេសជិតខាង៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com