អន្តរជាតិ
ចិន ជម្លៀសប្រជាជនខ្លួនចេញពីអ៊ុយក្រែន
02, Mar 2022 , 11:29 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ប្រព័ន្ធផ្សព្វផ្សាយចិន នៅថ្ងៃទី១ខែមីនា បានរាយការណ៍ថា​ រដ្ឋាភិបាលចិន ចាប់ផ្តើមជម្លៀសប្រជាជនរបស់ខ្លួនចេញពីអ៊ុយក្រែន ខណៈជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់តែរីកររាលដាលខ្លាំង។ ប្រជាជនអ៊ុយក្រែន ហាក់មិនពេញចិត្តចិនឡើយ​ ក្រោយពីក្រុងប៉េកាំងបានបដិសេធថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី។

ប្រជាជនចិន កំពុងធ្វើចាកចេញពីអ៊ុយក្រែនហើយ ក្រោយរដ្ឋាភិបាលប៉េកាំងធ្វើប្រតិបត្តិការជម្លៀសប្រជាជនរបស់ខ្លួន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ប្រជាជនចិននាំគ្នាធ្វើទៅកាន់ប្រទេសអឺរ៉ុបក្បែរខាងអ៊ុយក្រែន មុនបន្តដំណើរទៅមុខទៀតផង។
 
អំឡុងការជម្លៀសនេះ ប្រជាជនចិនម្នាក់ ត្រូវរាយការណ៍ថា បានរងរបួសដោយសារគ្រាប់កាំភ្លើង ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវពីភាគខាងកើតនៃអ៊ុយក្រែនទៅកាន់ក្រុង Lviv ដែលនៅភាគខាងលិច។ បើតាមទូរទស្សន៍រដ្ឋចិន​ CCTV ជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យ។
 
កាសែតរដ្ឋ Global Tomes ​នៅថ្ងៃទី១ខែមីនាបានផ្សាយថា ​​និស្សិតចិនប្រហែល៦០០នាក់បានភៀសខ្លួនចេញពីក្រុង​កៀវ និងទីក្រុងកំពង់ផែ​ Odessa​​ ដែលនៅ​ភាគខាងត្បូង ។ ពួកគេបានធ្វើដំណើរចាកចេញតាមរយៈរថយន្តក្រុងទៅកាន់ម៉ុលដាវី ​ដោយមានការអមដំណើរពីស្ថានទូតនិងមន្រ្តីប៉ូលិសការពារក្នុងតំបន់។​ ចំណែកជនជាតិចិនជាង១០០០នាក់ផ្សេងទៀត នឹងចាកចេញនៅថ្ងៃទី២ ខែមីនា ​ដោយឆ្ពោះទៅកាន់ប៉ូឡូញនិងស្លូវ៉ាគី។
 
ចំណែក​ជនជាតិចិនប្រមាណ៧០០ទៅ៨០០នាក់ទៀត ត្រូវបានជម្លៀសតាមរយៈផ្លូវគោកទៅកាន់ម៉ុលដាវីរួចហើយ​ ដែលជាកន្លែងដែលពួកគេអាចចូលរូម៉ានីដើម្បីបន្តជិះយន្តហោះទៅស្រុកកំណើតរបស់ពួកគេ។
 
ខណៈអាម៉េរិក អង់គ្លេសនិងជប៉ុន ប្រញាប់ប្រញាល់ជម្លៀសមន្រ្តីការទូត និងជំរុញឱ្យប្រជាជនចេញពីអ៊ុយក្រែនមុនពេលរុស្ស៊ីឈ្លានពានចូល ​ចិនឯណោះរង់ចាំរហូតដល់សង្រ្គាមកើតឡើងទើបប្រកាសថាខ្លួននឹងរៀបចំជើងហោះហើរជម្លៀសប្រជាជនខ្លួន។ ប៉ុន្តែការហោះហើរទាំងនោះត្រូវបានផ្អាកនៅចុងសប្តាហ៍មុន ខណៈការប្រយុទ្ធរីករាលខ្លាំង។ បច្ចុប្បន្ន អ៊ុយក្រែនបានបិទដែនអាកាសរបស់ខ្លួនហើយ។ចិន បានអះអាងថា​ ពលរដ្ឋខ្លួនប្រហែល៦ពាន់នាក់បានទៅធ្វើការនិងសិក្សានៅអ៊ុយក្រែន។
 
ទូតប៉ូឡូញនៅចិន នៅថ្ងៃទី១ ខែមីនា ក៏បាន​អះអាងថា ​ជនជាតិចិនដែលជម្លៀសពីអ៊ុយក្រែនអាចចូលប៉ូឡូញ និងស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់១៥ថ្ងៃ៕
 
 
 
 

Tag:
 ចិន
 ​ អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com