អន្តរជាតិ
លោកបៃឌិន៖ រុស្ស៊ី អាចព័ទ្ធក្រុងកៀវដោយរថពាសដែក ប៉ុន្តែមិនអាចឈ្នះទឹកចិត្តប្រជាជនឡើយ
02, Mar 2022 , 12:09 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១ ខែមីនា បានលើកឡើងថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី អាចហ៊ុមព័ទ្ធក្រុងកៀវជាមួយរថពាសដែក ប៉ុន្តែមិនអាចយកឈ្នះបេះដូង និងទឹកចិត្តរបស់ប្រជាជនអ៊ុយក្រែនបានឡើយ។ បើតាមលោក បៃឌិន មេដឹកនាំរុស្ស៊ី មិនអាចផ្តាច់សេចក្តីស្នេហាសេរីភាពរបស់ប្រជាជនអ៊ុយក្រែន និងធ្វើឱ្យពិភពលោកសេរីទន់ខ្សោយបាននោះទេ ។
 
ក្នុងសុន្ទរកថាប្រចាំឆ្នាំលើកដំបូងទៅកាន់ប្រជាជាតិក្នុងសភានៅថ្ងៃទី១ ខែមីនា លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានលើកឡើងពីបញ្ហាជាច្រើនដូចជាជំងឺកូវីដ-១៩ ការរស់នៅរបស់ប្រជាជនអាម៉េរិក និងវិបត្តិអ៊ុយក្រែន-រុស្ស៊ីជាដើម។ នៅចំពោះមុខសមាជិកសភាអាម៉េរិក លោក បៃឌិន បានបញ្ជាក់ថា បើទោះយោធារុស្ស៊ី មានអាវុធទំនើបវាយប្រហារអ៊ុយក្រែន ប៉ុន្តែរុស្ស៊ី មិនអាចឈ្នះទឹកចិត្តប្រជាជនក្នុងប្រទេសនោះបានទេ ហើយអាម៉េរិក នឹងឈរនៅជាមួយប្រជាជនអ៊ុយក្រែន។ 
 
«លោកពូទីន អាចហ៊ុមព័ទ្ធក្រុងកៀវជាមួយរថពាសដែក ប៉ុន្តែលោកពូទីន មិនអាចទាញទឹកចិត្តប្រជាជន និងព្រលឹងរបស់ប្រជាជនអ៊ុយក្រែនបានឡើយ»។ ប្រធានាធិបតីអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ក្រុងមូស្គូ មិនអាចកាត់ផ្តាច់សេចក្តីស្នេហាសន្តិភាពរបស់ប្រជាជនអ៊ុយក្រែន និងមិនអាចធ្វើឱ្យលោកសេរីទន់ខ្សោយបានឡើយ។ 
 
ទន្ទឹមនេះ មេដឹកនាំអាម៉េរិក បានចាត់ទុកការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាបំណងរបស់លោក ពូទីន ក្នុងការអុកឡុកមូលដ្ឋានរបស់ពិភពលោកសេរី តែលោក បានគិតខុសស្រឡះ។ ក្នុងន័យនេះ លោកបៃឌិន យល់ថា លោក ពូទីន ទំនងជាគិតថា រុស្ស៊ី អាចវាយចូលអ៊ុយក្រែន ហើយពិភពលោក មិនអើពើ ផ្ទុយទៅវិញ កម្លាំងទ័ពរុស្ស៊ី បានប្រឈមនឹងកម្លាំងការពារពីប្រជាជនអ៊ុយក្រែន ដែលលោកពូទីន មិនអាចស្រមៃបាន។
 
ប្រធានាធិបតីអាម៉េរិក បានហៅប្រជាជនអ៊ុយក្រែន ជាមនុស្សគ្មានការភ័យខ្លាច មានការអត់ធ្មត់ និងប្តេជ្ញាក្នុងការការពារប្រទេសរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ក្នុងសុន្ទរកថានោះ លោក បៃឌិន បានលើកឡើងពីទណ្ឌកម្មរបស់បណ្តាប្រទេសជាច្រើន លើរុស្ស៊ីផងដែរ ដើម្បីដាក់សម្ពាធឱ្យប្រទេសមួយនេះ ឈប់វាយប្រហារលើអ៊ុយក្រែន។ 
 
គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនរយៈពេល ៦ថ្ងៃហើយ។ ដើម្បីជួយអ៊ុយក្រែនទប់នឹងការវាយប្រហាររបស់រុស្ស៊ី ប្រទេសជាច្រើន ដូចជាបណ្តាប្រទេសអឺរ៉ុប អាម៉េរិក ជប៉ុន និងអូស្រ្តាលី បានផ្តល់ជំនួយយោធា និងមនុស្សធម៌ជាបន្តបន្ទាប់៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com