អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ទទូចឱ្យអឺរ៉ុបបញ្ជាក់ជំហរឈរជាមួយអ៊ុយក្រែន
02, Mar 2022 , 2:03 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងទៅកាន់សភាអឺរ៉ុប។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងទៅកាន់សភាអឺរ៉ុប។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១ ខែមីនា បានថ្លែងសុន្ទរកថាទៅកាន់សភាពអឺរ៉ុប ហើយក៏ទទូចឱ្យសហភាពអ៉ឺរ៉ុប (EU) បង្ហាញច្បាស់ថា ពួកគេឈរជាមួយអ៊ុយក្រែនក្នុង​ការ​ប្រឆាំងនឹងរុស្ស៊ី។ ការថ្លែងរបស់លោក ហ្សេលេនស្គីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិក​ EU ។
 
«សូម​បញ្ជាក់​ថា​អ្នក​នៅ​ជាមួយ​ពួកយើង ហើយសូម​បញ្ជាក់​ថា​អ្នក​នឹង​មិន​អនុញ្ញាត​ឲ្យ​យើងទៅ​នោះទេ​»​។ លោក​​ វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពាវនាវបែបនេះក្នុងសុន្ទរកថាទៅកាន់សភាអឺរ៉ុបនៅថ្ងៃទី១ ខែមីនា ជាមួយនឹងការអះអាងថា EU នឹងកាន់តែរឹងមាំប្រសិនបើអ៊ុយក្រែនបានក្លាយជាសមាជិក​។ លោក ហ្សេលេនស្គី បានចុះហត្ថលេខាជាផ្លូវការលើពាក្យសុំចូលជាសមាជិក EU រួចហើយ ប៉ុន្តែសមាជិកអឺរ៉ុបខ្លះហាក់ស្ទាក់ស្ទើរ។
 
ក្នុងសុន្ទរកថាតាមវីដេអូ  មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានសម្តែងការដឹងគុណចំពោះវិធានការដែលមិន ធ្លាប់មានពីមុនមករបស់សហភាពអឺរ៉ុបដែលបានចាត់វិធានការប្រឆាំងនឹងរុស្ស៊ី និងការ​គាំទ្រដ​ល់​កង​កម្លាំងប្រដាប់អាវុធអ៊ុយក្រែនរួមទាំងការផ្តល់ជំនួយថវិកាទៀតផង។
 
ក្រោយលោក ហ្សេលេនស្គី បញ្ចប់ការថ្លែងសុន្ទករថា សមាជិកសភាអឺរ៉ុបបានបង្ហាញការ​គាំទ្រ​យ៉ាង​មុត​មាំចំពោះការតស៊ូរបស់អ៊ុយក្រែន។ ប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola បានលើកឡើង ថា សារពី EU គឺច្បាស់ណាស់ដែលពួកគេនឹងប្រឆាំងនឹងសង្គ្រាមដែលបង្កដោយរុស្ស៊ី ហើយ EU ក៏នឹងមិន​ទុកចោលអ្នកដែលតស៊ូនឹងរុស្ស៊ីដែរ។
 
យ៉ាងណាមិញ ការ​ក្លាយ​ជា​សមាជិក EU ជា​នីតិវិធី​ដ៏​ស្មុគស្មាញ​ដែល​មិន​កើត​ឡើង​តាមការចង់បានឡើយ។ ប្រទេសមួយអាចចូលជាសមាជិកបានលុះត្រាតែបំពេញលក្ខខណ្ឌមួយ ចំនួន​រួមមាន​សេដ្ឋកិច្ច​ទីផ្សារសេរី, ប្រជាធិបតេយ្យ, ស្ថិរភាព និងការទទួលយករាល់ច្បាប់របស់ EU ហើយ និង​ប្រាក់​អឺរ៉ូ​ផង​ដែរ​។ លើសពីនេះ ដោយសារតែបរិមាណច្បាប់ និងបទប្បញ្ញត្តិរបស់ EU ដ៏ច្រើន ​ប្រទេស​ដែលចង់ចូល ត្រូវ​តែអនុម័តជាច្បាប់ជាតិមួយទៀតដែលត្រូវការការចរចាអស់រយៈពេលជាយូរ៕
 
 
 

Tag:
 អ៊ុយក្រែន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com