អន្តរជាតិ
លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យធានាស្ថិរភាពហិរញ្ញវត្ថុរុស្ស៊ី ក្រោយរងទណ្ឌកម្មសហគមន៍អន្តរជាតិ
02, Mar 2022 , 4:29 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយទៀត ស្តីពីវិធានការសេដ្ឋកិច្ចពិសេស ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់វិមានក្រឹមឡាំង នៅថ្ងៃទី១ ខែមីនា។ វិធានការទាំងនេះ គឺជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ អាម៉េរិក សហភាពអឺរ៉ុប(EU) ប្រទេសមួយចំនួន និងអង្គការអន្តរជាតិដទៃទៀត។​
 
តាមសេចក្តីថ្លែងការណ៍មួយរបស់វិមានក្រឹមឡាំង នៅថ្ងៃទី១ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីវិធានការសេដ្ឋកិច្ចពិសេស ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុរបស់រុស្ស៊ី។ «វិធានការទាំងនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី ពីសំណាក់អាម៉េរិក ប្រទេសមួយចំនួន និងអង្គការនានា»។ រុស្ស៊ី បានបញ្ជាក់បែបនេះនៅក្នុងក្រឹត្យស្តីពីវិធានការសេដ្ឋកិច្ចពិសេស ដោយបន្តថា ចំណាត់ការនោះ គឺជាការពារផលប្រយោជន៍របស់រុស្ស៊ី។ 
 
ចាប់ពីថ្ងៃទី៣ ខែមីនា រុស្ស៊ី​នឹង​ហាមឃាត់​លំហូរ​ចេញ​រូបិយប័ណ្ណ​បរទេសផ្សេងៗ ដែលមានទំហំលើសពីទឹកប្រាក់​ប្រមាណ ១ ម៉ឹនដុល្លារ។ លើសពីនេះ ការ​រឹត​បន្តឹង​ទាក់​ទង​នឹង​ប្រតិបត្តិការ​មូលបត្រ អចលនទ្រព្យ និង​កម្ចី នឹង​ត្រូវអនុវត្ត​លើ​ជន​បរទេស​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស ដែល​បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​រុស្ស៊ី។ 
 
គួររំលឹកថា នៅថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ លោក ពូទីន ក៏បានចុះហត្ថលេខាលើក្រឹត្យស្តីពីវិធានការសេដ្ឋកិច្ចពិសេសដើម្បីទប់ស្កាត់ផលប៉ះពាល់ ដែលបណ្តាលមកពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ខណៈរុស្ស៊ីបន្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
 
ក្រោយការឈ្លានពានរបស់រុស្ស៊ីចូលក្នុងដីអ៊ុយក្រែន ប្រទេសផ្សេងៗ រួមមានអាម៉េរិក អង់គ្លេស EU និងបណ្ដាប្រទេសមួយចំនួនទៀត បាននាំគ្នាសម្រុកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ លើសពីនេះដែរ ប្រទេសផ្សេងៗក៏បានបង្កកទ្រព្យសម្បតិ្តមេដឹកនាំសំខាន់ៗរបស់រុស្ស៊ីនៅក្រៅប្រទេស និងសម្រេចហាមឃាត់ធនាគារមួយចំនួនរបស់រុស្ស៊ីពីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ (SWIFT) ផងដែរ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com