អន្តរជាតិ
កាណាដា ហាមកប៉ាល់រុស្ស៊ីទាំងអស់ចូលក្នុងកំពង់ផែខ្លួន
02, Mar 2022 , 7:29 pm        
រូបភាព
ទិដ្ឋភាពកំពង់ផែ Montreal របស់កាណាដា។ រូបថត AFP
ទិដ្ឋភាពកំពង់ផែ Montreal របស់កាណាដា។ រូបថត AFP
ដោយ:
រដ្ឋាភិបាលកាណាដា ប្រកាសនៅថ្ងៃទី១ខែមីនាថា ខ្លួននឹងហាមប្រាមនាវារុស្ស៊ីមិនឱ្យចូលក្នុងកំពង់ផែឡើយ។ការហាមប្រាមនេះ ជាការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់កាណាដាលើសកម្មភាពពាណិជ្ជកម្មរបស់រុស្ស៊ី ។

មិនខុសពីបណ្តាប្រទេសលោកខាងលិចផ្សេងទៀតឡើយ កាណាដាក៏បានប្រកាសទណ្ឌកម្មជាច្រើនប្រឆាំងរុស្ស៊ីតាំងពីប្រធានាធិបតី វ៉្លាឌីមៀន ពូទីនរហូតដល់មន្រ្តីរុស្ស៊ីជាច្រើនរូប។

កាណាដា ក៏បិទដែនអាកាសមិនឱ្យយន្តហោះរុស្ស៊ីឆ្លងកាត់ ហាមឃាត់មិនឱ្យនាំចូលប្រេងរបស់រុស្ស៊ី និងព្រមទាំងហាមឃាត់ស្ថាប័នហិរញ្ញវត្ថុកាណាដាមិនឱ្យប្រតិបត្តិការជាមួយធនាគារកណ្តាលរុស្ស៊ីទៀតផង។
 
«ថ្ងៃនេះ យើងបានបោះជំហានមួយទៀតដោយបិទផ្លូវទឹកនិងកំពង់ផែលើនាវាដែលគ្រប់គ្រងដោយរុស្ស៊ី ឬនាវារុស្ស៊ីដែលបានចុះបញ្ជី។» រដ្ឋមន្រ្តីដឹកជញ្ជូនកាណាដាលោក Omar Alghabra បានលើកឡើងបែបនេះដោយបន្តថា ដ្បិតចំនួនកប៉ាល់រុស្ស៊ីដែលចូលដែនទឹកនិងកំពង់ផែកាណាដា មានចំនួនតិច ប៉ុន្តែរុស្ស៊ីនៅតែរងផលប៉ះពាល់ ជាពិសេសជាមួយបណ្តាប្រទេសផ្សេងទៀតដែលកំពុងចាត់វិធានការដូចគ្នា។
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យកំពង់ផែ Montreal អះអាងថា នាវាដឹកទំនិញរុស្ស៊ីរួមចំណែកតិចជាង២ភាគរយនៃបរិមាណកុងតឺន័រប្រចាំឆ្នាំរបស់កំពង់ផែ ហើយការហាមឃាត់នេះនឹងជះផលប៉ះពាល់តិចតួចប៉ុណ្ណោះ។ ឯកំពង់ផែ Vancouver ដែលជាកំពង់ផែដ៏មមាញឹកជាងគេបំផុតរបស់កាណាដា រាយការណ៍ថា ចំនួនកប៉ាល់ដោតទង់ជាតិរុស្ស៊ីចូលចុះចតមានចំនួនតិច។ 
 
បើតាមទិន្នន័យស្ថិតិកាណាដា ប្រទេសនេះបាននាំចូលទំនិញដែលមានតម្លៃស្មើនឹង១,៦៨ពាន់លានដុល្លារពីរុស្ស៊ីក្នុងឆ្នាំ២០២១ដោយភាគច្រើនជា លោហៈនិងរ៉ែ។
 
លើសពីនេះ មន្រ្តីរដ្ឋាភិបាលកាណាដាម្នាក់ បានប្រាប់ទៅកាន់ទីភ្នាក់ងារ Reuters ថា កាណាដាកំពុងតាមដានកប៉ាល់ដែលមានបំពាក់ទង់ជាតិរុស្ស៊ីចំនួន៣នៅឆ្នេរខាងកើ់ត ដោយមួយជាកប៉ាល់ដឹកទំនិញ។
 
ទាក់ទងការដាក់ទណ្ឌកម្មលើរុស្ស៊ី រដ្ឋមន្រ្តីហិរញ្ញវត្ថុកាណាដាលោកស្រី Chrystia Freeland បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី១ខែមីនាថា កាណាដាក៏កំពុងពិនិត្យមើលលើទ្រព្យសម្បត្តិរបស់មន្រ្តីរុស្ស៊ីនិងក្រុមហ៊ុនរបស់ជនជាតិរុស្ស៊ីនៅកាណាដាផងដែរ។
 
យ៉ាងណាក្តីខណៈជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់តែអាក្រក់ទៅកាណាដាក៏បានបញ្ជូនអាវក្រោះការពារចំនួន១៦០០អាវនិងអាហារជិត៤០ម៉ឺនកញ្ចប់ទៅកាន់អ៊ុយក្រែនដែរ៕
¬
 

Tag:
 កាណាដា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com