អន្តរជាតិ
អង់គ្លេស ប្រកាសដាក់ទណ្ឌកម្មបេឡារុសព្រោះជួយរុស្ស៊ីឈ្លានពានអ៊ុយក្រែន
02, Mar 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីបេឡារុស Alexander Lukashenko។ រូបថត Xinhua
ប្រធានាធិបតីបេឡារុស Alexander Lukashenko។ រូបថត Xinhua
អង់គ្លេសនៅថ្ងៃទី១ ខែមីនា ប្រកាសដាក់ទណ្ឌកម្មជាលើកដំបូងប្រឆាំងនឹងឥស្សរជនយោធាជាន់ខ្ពស់ មន្ត្រីការពារជាតិ៣រូប និងអង្គភាពចំនួន២របស់បេឡារុស ក្រោមហេតុផលថាបានចូលរួម និងជួយសម្របសម្រួលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ យ៉ាងណាមិញ មេដឹកនាំបេឡារុសបដិសេធថាខ្លួនមិនបានជួយរុស្ស៊ីបង្កសង្គ្រាមឡើយ។

បើតាមសេចក្តីថ្លែងការរបស់ក្រសួងការបរទេសអង់គ្លេសដែលចេញផ្សាយនៅថ្ងៃទី១ ខែមីនា ប្រធានអគ្គសេនាធិការកងទ័ពបេឡារុស ឧត្តមសេនីយ៍ទោ Victor Gulevich និងមន្ត្រីការពារជាតិ៣រូបផ្សេងទៀត ត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម។ ក្រៅតែពីបុគ្គលទាំង ៤ រូប អង្គភាព២របស់បេឡារុសដែលមានទំនាក់ទំនងជាមួយយោធារុស្ស៊ី ក៏ជាប់ទណ្ឌកម្មផងដែរ។
 
លោកឧត្តមសេនីយ៍ទោ Victor Gulevich ជាអ្នកទទួលខុសត្រូវដឹកនាំសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធបេឡារុសដែលបានគាំទ្រ និងចូលរួមសកម្មភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លើសពីនេះដែរ លោកក៏បានដឹកនាំសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី និងអនុញ្ញាតឱ្យរុស្ស៊ីដាក់កងទ័ពនៅតាមព្រំដែនបេឡារុស-អ៊ុយក្រែន។ នេះបើយោងតាមក្រសួងការបរទេសអង់គ្លេស។ 
 
កញ្ចប់ទណ្ឌកម្មនេះ ក៏រួមបញ្ចូលទាំងការដាក់ទណ្ឌកម្មលើអង្គភាព JSC Integral ដែលជាក្រុមហ៊ុនផលិតបន្ទះអេឡិចត្រូនិចបេឡារុស និងរោងចក្រជួសជុលយន្តហោះ JSC 558 ដែលផ្តល់ការថែទាំ និងសេវាកម្មជួសជុលយន្តហោះដល់យោធារុស្ស៊ី។ 
 
ទន្ទឹមនឹងការដាក់ទណ្ឌកម្ម រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បានចោទប្រកាន់មេដឹកនាំបេឡារុស Alexander Lukashenko ថា បានជួយជ្រោមជ្រែងរុស្ស៊ីក្នុងប្រតិបត្តិការឈ្លានពានអ៊ុយក្រែន។ លោកស្រីលើកឡើងថា លោក Lukashenko បានអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើងលើទឹកដីបេឡារុសដើម្បីវាយប្រហារលើអ៊ុយក្រែន។ 
 
«យើងកំពុងបង្កការឈឺចាប់ផ្នែកសេដ្ឋកិច្ចដល់លោក ពូទីន និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក។ ហើយយើងនឹងមិនឈប់ឡើយរហូតដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនត្រូវបានស្ដារឡើងវិញ»។ លោកស្រី Truss បានលើកឡើងបែបនេះនៅថ្ងៃទី១ ខែមីនា។
 
យ៉ាងណាមិញ នៅថ្ងៃទី២៨ ខែកុម្ភៈ លោក Lukashenko បានបដិសេធការចោទប្រកាន់ថាទាហានរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនចេញពីទឹកដីនៃបេឡារុស។ មេដឹកនាំបេឡារុសរូបនេះក៏បានអះអាងថា លោកគ្មានគម្រោងចូលរួមប្រតិបត្តិការយោធាជាមួយរុស្ស៊ីដើម្បីវាយប្រហារលើអ៊ុយក្រែនឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta។ 
 
គួរបញ្ជាក់ថា អង់គ្លេសកន្លងមកបានដាក់ទណ្ឌកម្មលើសមាជិករដ្ឋាភិបាលបេឡារុសជាង១០០នាក់រួចមកហើយ ដែលជាការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្ស និងក្លែងបន្លំការបោះឆ្នោតឆ្នាំ២០២០ ក្នុងប្រទេសកន្លងទៅ៕
 
 

Tag:
 អង់គ្លេស
  អ៊ុយក្រែន
  បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com