អន្តរជាតិ
មេដឹកនាំតៃវ៉ាន់ នាំគ្នាបរិច្ចាគប្រាក់ខែសម្រាប់ជាជំនួយឱ្យអ៊ុយក្រែន
02, Mar 2022 , 9:29 pm        
រូបភាព
លោកស្រី សៃ អ៊ីងវេន ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ Facebook- Tsai Ing-wen
លោកស្រី សៃ អ៊ីងវេន ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ Facebook- Tsai Ing-wen
ប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ីងវេន (Tsai Ing-wen) នៅថ្ងៃទី២ ខែមីនា បានប្រកាសបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួន១ខែ ជាមួយអនុប្រធានាធិបតី William Lai និងនាយករដ្ឋមន្រ្តី Su Tseng-chang សម្រាប់ជំនួយមនុស្សធម៌ឱ្យអ៊ុយក្រែន ដែលកំពុងរងគ្រោះ ដោយសារការវាយប្រហាររបស់រុស្ស៊ី។
 
គិតត្រឹមថ្ងៃទី២ ខែមីនា រុស្ស៊ី បានវាយប្រហារលើអ៊ុយក្រែនចូលដល់ថ្ងៃទី៧ ហើយ ដោយហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លាញដោយមីស៊ីល និងការបំផ្ទុះ។ ប្រជាជនស៊ីវិលហោចណាស់ ៣៥០នាក់ បានបាត់បង់ជីវិត ខណៈប្រជាជនជាច្រើនម៉ឺននាក់ បានភៀសខ្លួនទៅប្រទេសជិតខាង។ 
 
ដោយមើលឃើញអ៊ុយក្រែន កំពុងប្រឈមបញ្ហាលំបាកបែបនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន បានប្រកាសបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួន១ខែ ជាមួយអនុប្រធានាធិបតី លោក William Lai និង លោកនាយករដ្ឋមន្រ្តី Su Tseng-chang សម្រាប់ជំនួយមនុស្សធម៌ឱ្យអ៊ុយក្រែន។ 
 
ថ្លែងនៅក្នុងកិច្ចប្រជុំបក្សប្រជាធិបតេយ្យ​ជឿនលឿន (DPP) នៅថ្ងៃទី២ ខែមីនា លោកស្រី សៃ បានយល់ថា ការប្តេជ្ញារបស់ប្រជាជនអ៊ុយក្រែន បានបង្ហាញទៅពិភពលោក និងប្រជាជនតៃវ៉ាន់។ ក្នុងន័យនេះ កម្លាំងលទ្ធិប្រជាធិបតេយ្យ នឹងគាំទ្រអ៊ុយក្រែនខ្លាំងឡើយ។ 
 
«ក្នុងនាមជាសមាជិកនៃប្រទេសប្រកាន់ប្រជាធិបតេយ្យ តៃវ៉ាន់គាំទ្រអ៊ុយក្រែនយ៉ាងពេញលេញ»។ លោកស្រីសៃ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា លោកស្រីសង្ឃឹមថា ប្រជាជនតៃវ៉ាន់ និងសមាជិកបក្ស ដែលធ្វើការក្នុងរដ្ឋាភិបាល ដែលជួយអ៊ុយក្រែន ដើម្បីបង្ហាញថា តៃវ៉ាន់ឈរនៅជាមួយអ៊ុយក្រែន និងជាមួយប្រជាធិបតេយ្យ រួមទាំងសេរីភាព។ 
 
តាមប្រភពបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters​ លោកស្រីសៃ ទទួលបានប្រាក់ខែប្រមាណ​១៤២៥០ដុល្លារក្នុងមួយខែ។ ក្រសួងការបរទេសតៃវ៉ាន់ នឹងផ្តល់ព័ត៌មានលម្អិតទាក់ទិននឹងគណនីធនាគារ ដោយបង្កើតដោយសមាគមដោះស្រាយមហន្តរាយតៃវ៉ាន់សម្រាប់អ៊ុយក្រែន ដែលប្រធានាធិបតីតៃវ៉ាន់ អនុប្រធានាធិបតីតៃវ៉ាន់ រួមទាំងនាយករដ្ឋមន្រ្តី ត្រូវបរិច្ចាគ។ 
 
កន្លងទៅ រដ្ឋាភិបាលតៃវ៉ាន់ បានបរិច្ចាគសម្ភារវេជ្ជសាស្រ្តទម្ងន់ ២៧តោន ទៅអ៊ុយក្រែន សម្រាប់ជាជំនួយមនុស្សធម៌។ មិនតែប៉ុណ្ណោះ តៃវ៉ាន់ បានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ ដូចជាហាមឃាត់ ការនាំចេញបន្ទះឈីប និងសម្ភារបច្ចេកវិទ្យាផ្សេងៗ ទៅរុស្ស៊ី៕  
 

Tag:
 តៃវ៉ាន់
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com