អន្តរជាតិ
UN អំពាវនាវរកជំនួយ១,៧ពាន់លានដុល្លារសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន
02, Mar 2022 , 5:25 pm        
រូបភាព
ប្រជាជនអ៊ុយក្រែនដែលភៀសខ្លួនពីការប្រយុទ្ធ ទៅដល់ទឹកដីប៉ូឡូញ។ រូបថត Xinhua
ប្រជាជនអ៊ុយក្រែនដែលភៀសខ្លួនពីការប្រយុទ្ធ ទៅដល់ទឹកដីប៉ូឡូញ។ រូបថត Xinhua
ដោយ:
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN)នៅថ្ងៃទី១ ខែមីនា ចាប់ផ្តើមអំពាវនាវរកជំនួយបន្ទាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌នៅអ៊ុយក្រែន។ UN ស្នើសុំជាបន្ទាន់ទឹកប្រាក់ចំនួន១,៧ ពាន់លានដុល្លារដើម្បីជួយប្រជាជនដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន និងអ្នកដែលនៅក្នុងប្រទេស។
 
ចាប់តាំងពីការវាយប្រហារពីសំណាក់រុស្ស៊ីលើអ៊ុយក្រែនមក អង្គការសហប្រជាជាតិ(UN) ប៉ាន់ប្រមាណថា ប្រជាជនប្រហែល ១២ លាននាក់នៅអ៊ុយក្រែននឹងត្រូវការជំនួយ និងការការពារ។ អង្គការពិភពលោកនេះ ក័ព្យាករណ៍ថា ជនភៀសខ្លួនអ៊ុយក្រែនជាង៤លាននាក់ដែលកំពុងនៅប្រទេសជិតខាងប្រហែលជាត្រូវការជំនួយនៅប៉ុន្មានខែខាងមុខនេះទៀត។
 
លោក Martin Griffiths អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់នៅថ្ងៃទី១​ ខែមីនា ប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា វិ​បត្តិនេះវិវត្តកាន់តែអាក្រក់ទៅៗយ៉ាងលឿន ហើយនេះជាពេលដែលខ្មៅងងឹតបំផុតសម្រាប់ប្រជាជនអ៊ុយក្រែន។
 
«យើងត្រូវតែបង្វែរភាពតក់ស្លុត ហើយមន្ទិលសង្ស័យទាំងនេះ និងភាពមិនច្បាស់លាស់ចំពោះថ្ងៃខាងមុខ ទៅជាសេចក្តីមេត្តា និងសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែនរាប់លាននាក់ដែលត្រូវការជំនួយសង្រ្គោះ និងការការពារបន្ទាន់»។ លោក Griffiths បន្ថែមបែបនេះ ជាមួយការអំពាវនាវជាបន្ទាន់ក្នុងការស្វែងរកជំនួយបន្ទាន់សម្រាប់ប្រជាជននៅអ៊ុយក្រែន និងអ្នកដែលភៀសខ្លួនទៅប្រទេសជិតខាង។ លោក​អំពាវនាវ​ដល់​ម្ចាស់​ជំនួយ​ឱ្យផ្តល់​ដោយ​ចិត្ត​សប្បុរស និង​ឆាប់រហ័ស។
 
ទាក់ទិននឹងជំនួយនេះ​ លុយរហូតដល់៤០ភាគរយនៃលុយដែលទទួលបាន នឹងត្រូវចែកចាយជាសាច់ប្រាក់ដល់ប្រជាជនផ្ទាល់។ កម្មវិធីជំនួយនេះ ក៏រួមបញ្ចូលអាហារ ទឹកនិងអនាម័យ ការផ្គត់ផ្គង់សេវាថែទាំសុខភាព និង​ការអប់រំ ព្រមទាំងការសាងសង់ផ្ទះដែលខូចខាតឡើងវិញ។​ គម្រោងនេះក៏មានគោលបំណងជួយដល់អាជ្ញាធរក្នុងការថែទាំ និងបង្កើតមជ្ឈមណ្ឌលសម្រាប់ទទួលជនភៀសខ្លួនឆ្លងកាត់ផងដែរ។
 
មកទល់ពេលនេះ បើតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi ប្រជាជនប្រមាណ៦៧៧ពាន់នាក់ហើយបានភៀសខ្លួនចេញពីអ៊ុយក្រែនទៅប្រទេសជិតខាង។ ពាក់កណ្តាលនៃជនភៀសខ្លួនទាំងនេះកំពុងស្ថិតនៅប៉ូឡូញ និងច្រើនម៉ឺននាក់ទៀតនៅហុងគ្រី ម៉ុលដាវី ស្លូវ៉ាគី និងរូម៉ានី៕
 
 

Tag:
 UN
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com