អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុយក្រែនស្នើចូលសហភាពអឺរ៉ុប៖ «ផ្លូវដើរដ៏ស្មុគស្មាញ និងចាយពេលយូរ»
02, Mar 2022 , 5:46 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែនចុះហត្ថលេខាលើពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបថ្ងៃ ២៨ ខែកុម្ភៈ។ រូបភាពពី ទំព័រហ្វេសប៊ុកប្រធានាធិបតីអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនចុះហត្ថលេខាលើពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបថ្ងៃ ២៨ ខែកុម្ភៈ។ រូបភាពពី ទំព័រហ្វេសប៊ុកប្រធានាធិបតីអ៊ុយក្រែន
សប្តាហ៍នេះរដ្ឋាភិបាលអ៊ុយក្រែនបានសម្រេចដាក់សំណើរសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការ ហើយប្រមុខរដ្ឋអ៊ុយក្រែនលោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ដង្ហោយឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុបជួយពន្លឿននីតិវិធីដើម្បីបង្ហាញទៅរុស្ស៊ីពីស្មារតីរួមសាមគ្គីគ្នាជួយអ៊ុយក្រែនក្នុងពេលអាសន្ន។ យ៉ាងណាមិញ វាមិនមែនជាសុទ្ធតែជារឿងដែលរដ្ឋសមាជិកសហភាពអឺរ៉ុបយល់ឃើញថា ចាំបាច់ចៀសមិនរួចដែលត្រូវបង្ខំចិត្តឱ្យអ៊ុយក្រែនក្លាយជាសមាជិកក្នុងពេលឆាប់ៗនេះឡើយ ហើយវាមានលក្ខខណ្ឌតម្រូវច្រើននិងស្មុគស្មាញដែលអឺរ៉ុបដាក់សម្រាប់ការទទួលសមាជិកថ្មី។ ចំណែក អ៊ុយក្រែនហាក់នៅមិនទាន់មានគុណវុឌ្ឍិគ្រប់គ្រាន់សក្តិសមនឹងក្លាយជាសមាជិកសភាពអឺរ៉ុបភ្លាមនោះឡើយ បើទោះជារដ្ឋមួយនេះកំពុងរងគ្រោះដោយការការឈ្លានពានពីរុស្ស៊ីក៏ដោយក្នុងពេលនេះក៏ដោយចុះ។
 
ក្រោយប្រមុខរដ្ឋអ៊ុយក្រែនលោក ហ្សេលេនស្គី  ចុះហត្ថលេខាលើពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការហើយ វាមានការជជែកដេញដោយច្រើនពីលទ្ធភាពជាក់ស្តែងដែលអតីតរដ្ឋសហភាពសូវៀតនេះអាចត្រូវបានគេទទួលឱ្យចូលរួមរស់ជាមួយសហភាពអឺរ៉ុបដោយស្របច្បាប់។ 
 
«យើងស្នើយ៉ាងទទូចទៅសមាជិកសហភាពអឺរ៉ុបឱ្យរួមគ្នាផ្តល់ការគាំទ្រផ្នែកនយោបាយដល់អ៊ុយក្រែន និងអនុញ្ញាតឱ្យស្ថាប័នទទួលបន្ទុកចាត់ចែងនីតិវិធីជាប្រញាប់ដើម្បីផ្តល់ បេក្ខភាពផ្លូវការក្នុងសហភាពអឺរ៉ុបដល់អ៊ុយក្រែន ហើយក៏បើកទ្វារសម្រាប់ការចាប់ផ្តើមការចរចាលើបេក្ខភាពនេះផង»។ នេះជាការបញ្ជាក់របស់លោក ហ្សេលេនស្គី។ 
 
រដ្ឋអឺរ៉ុបគាំទ្រសំណើរសុំសមាជិកភាពរបស់អ៊ុយក្រែន ទាំងស្ទាក់ស្ទើរ?
 
ជាបន្តបន្ទាប់មេដឹកនាំអ៊ុយក្រែន រូបនេះក៏ជួបពិភាក្សានិងបញ្ចុះបញ្ចូលឱ្យបណ្តាមេដឹកនាំសហភាពអឺរ៉ុបឱ្យពិចារណា គាំទ្រអ៊ុយក្រែនដោយព្រមទទួលយកសំណើរខ្លួន។ គេឃើញការប្រកាសគាំទ្រពីបណ្តារដ្ឋសមាជិកអឺរ៉ុប និង មេដឹកនាំធំៗរបស់ស្ថាប័នសំខាន់ៗនៃសហភាពអឺរ៉ុបផងចំពោះអ៊ុយក្រែន និងមានការប្តេជ្ញាជួយពន្លឿននីតិវិធីផង។ 
 
ប្រធានសភាអឺរ៉ុបលោកស្រី រ៉ូបឺតា មេតសូឡា (Roberta Metsola) ឯណោះវិញក៏ស្វាគមន៍សំណើររបស់អ៊ុយក្រែនដែរ ហើយប្តេជ្ញាសហការធ្វើយ៉ាងណាឱ្យសម្រេចបានគោលដៅនេះ។ 
 
ចំណែកមេដឹកនាំបណ្តាប្រទេសអឺរ៉ុបខាងកើតចំនួនប្រាំបីបាននាំគ្នាចុះហត្ថលេខាលើលិខិតមួយច្បាប់ដោយសង្កត់ធ្ងន់ថា អ៊ុយក្រែនសក្តិសមនឹងក្លាយជាសមាជិកសហភាពអឺរ៉ុប ហើយទទូចឱ្យសមាជិកដទៃទៀតចេញវិធានការផ្តល់ការគាំទ្រផ្លូវការដល់ «បេក្ខភាពផ្លូវការ»ដល់អ៊ុយក្រែន។
 
ឆ្លើយតបនឹងសំណើររបស់មេដឹកនាំអ៊ុយក្រែនផ្ទាល់ ប្រមុខសហភាពអឺរ៉ុបលោកស្រី អឺស៊ុឡា វ៉ុនដឺលៃអេន (Ursula von der Leyen) បានអះអាងថា លោកស្រីគាំទ្របេក្ខភាពអ៊ុយក្រែនជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែដំណើរការនេះត្រូវការពេលវេលា។  
 
ចំណែកនាយករដ្ឋមន្ត្រីអៀកឡង់ Micheál Martin បានពន្យល់ថា វាជារឿងមិនអាចប្រកែកបានដែល សមាជិកសហភាពអឺរុបគាំទ្របំណងចង់ចូលមករួមជីវភាពជាមួយគ្នាពីសំណាក់អ៊ុយក្រែន និងជារឿងដែលអាចទៅរួច។ ប៉ុន្តែលោកយល់ឃើញថា ការពន្លឿននីតិវិធីឱ្យរហ័សដោយផ្តល់ឱ្យអ៊ុយក្រែននូវសមាជិកភាពភ្លាមៗនោះមិនអាចទៅរួចឡើយ។ នេះបើតាមការផ្សាយរបស់កាសែត Euro News។ 
 
ប្រាកដហើយថា ថាសមាជិកទាំង ២៧ មានឆន្ទៈនយោបាយប្រហែលជាមានក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង ២៧ ក្នុងការត្រួសត្រាយផ្លូវសម្រាប់អ៊ុយក្រែន ប៉ុន្តែវានៅសល់បញ្ហាច្រើនទៀតដែលអ៊ុយក្រែនត្រូវប្រឹងប្រែងដោះស្រាយឱ្យបានដោយខ្លួនឯងជាមុន។ 
 
លក្ខខណ្ឌស្មុគស្មាញ និងនីតិវិធីចាយពេលយូរ
 
តាមពិតទៅ ការឈានទៅក្លាយជាសមាជិកសហភាពអឺរ៉ុបរបស់ប្រជាជាតិមួយគឺ ជាដំណើរការដ៏ស្មុគស្មាញ និងចាយពេលវេលាយូរខ្លាំង។ រដ្ឋខ្លះត្រូវចាយពេលមិនតិចជាង ១០ឆ្នាំឡើយដើម្បីក្លាយជាសមាជិក បន្ទាប់ពីដាក់ពាក្យស្នើសុំ។ ឧទាហរណ៍ ប៉ូឡូញ បានដាក់ពាក្យស្នើសុំឆ្នាំ ១៩៩៤ ហើយ១០ឆ្នាំក្រោយទើបរដ្ឋមួយនេះត្រូវសហភាពអឺរ៉ុបទទួលយកជាសមាជិកជាផ្លូវការ។ 
 
និយាយទៅ នីតិវិធីក្នុងការស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបនេះដោយវាមានដំណាក់កាលបីធំៗដូចខាងក្រោម៖
 
១. ដំណាក់កាលទីមួយគឺដំណាក់កាលនៃការទទួលស្គាល់ជាបេក្ខភាពរបស់រដ្ឋស្នើសុំផ្លូវការ។ វាជាដំណាក់កាលដែលសហភាពអឺរ៉ុបត្រួតពិនិត្យមើលថា រដ្ឋសាមីមានគុណវុឌ្ឍិដែលបំពេញ «លក្ខណៈសម្បត្តិទីក្រុងកូផេនហាកេន» ដែលមានកំណត់លក្ខខណ្ឌដូចខាងក្រោម៖ រដ្ឋដែលស្នើសុំអនុវត្តប្រព័ន្ធនយោបាយប្រជាធិបតេយ្យដែលមានស្ថិរភាព និងនីតិរដ្ឋ និង មានសេដ្ឋកិច្ចសេរី និងអាចមានលទ្ធភាពទទួលយកច្បាប់ និងបទបញ្ញត្តិទាំងអស់របស់សហភាពអឺរ៉ុប ជាមួយនឹងការអនុវត្តរូបិយបណ្ណអឺរ៉ូផងដែរ។
 
បើសិនជារដ្ឋនោះបំពេញលក្ខខណ្ឌខាងលើបានត្រឹមត្រូវ បេក្ខភាពផ្លូវការនឹងត្រូវផ្តល់ជូនរដ្ឋនោះ ហើយដំណើរការចរចានឹងត្រូវចាប់ផ្តើម។ យ៉ាងណាមិញ វាអាស្រ័យលើឆន្ទៈនយោបាយរបស់រដ្ឋសមាជិកទាំង ២៧ ក្នុងការពន្លឿននីតិវិធីនេះ ក្នុងករណីចាំបាច់ តែវាចាំបាច់ត្រូវមានបោះឆ្នោតសម្រេចគាំទ្រឬមិនគាំទ្រដោយសំឡេងភាគច្រើន។ 
 
២. ដំណាក់កាលទីពីរ គឺ ការចរចា។ ដូចបានបញ្ជាក់ហើយ ក្រោយពេលដែលរដ្ឋសាមីទទួលបានបេក្ខភាពផ្លូវការ គេអាចចាប់ផ្តើមដំណើរការចរចាបាន។  ដំណាក់កាលនេះត្រូវការពេលច្រើន ដោយសារការចរចាភាគច្រើនផ្តោតលើលក្ខខណ្ឌ និងពេលវេលាដែលរដ្ឋស្នើសុំនោះត្រូវអនុម័ត និងអនុវត្តតាមរាល់បទបញ្ញត្តិចែងដោយសហភាពអឺរ៉ុបដែលគ្របដណ្តប់លើបញ្ហាជាច្រើនដូចជា ពន្ធអាករ, ការនេសាទ និងកសិកម្ម, សេរីភាពនៃការបម្លាស់ទីរបស់ប្រជាជន ក៏ដូចជាវិស័យដឹកជញ្ជូន និងថាមពលជាដើមផង។   យ៉ាងណាមិញ បើរដ្ឋសាមីអាចមានលទ្ធភាពកែទម្រង់ និងច្របាច់បញ្ចូលបទបញ្ញត្តិដែលជាលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុបបានលឿននោះ ដំណាក់កាលនៃការចរចាអាចនឹងត្រូវបិទបញ្ចប់បានលឿនដូចគ្នា។  
 
បច្ចុប្បន្ននេះ វាមានប្រទេសប្រាំដែលបានទទួលបេក្ខភាពជាផ្លូវការ និងកំពុងព្យាយាមកែទម្រង់ ក៏ដូចជាដាក់បញ្ចូលច្បាប់និងបទបញ្ញត្តិជារួម ក្នុងក្របខណ្ឌច្បាប់ជាតិរបស់ខ្លួនដែរ ក្នុងនោះមានអាល់បានី, ម៉ុងតេណេក្រូ, ម៉ាសេដ្វានខាងជើង, ស៊ែប៊ី និងតួកគី។
 
៣. ដំណាក់ចុងក្រោយ គឺ ការបង្កើតសន្ធិសញ្ញាចូលជាសមាជិក និង ការចូលជាធរមាន។ រដ្ឋស្នើសុំ និង សហភាពអឺរ៉ុបជាអ្នកចងក្រងសន្ធិសញ្ញានេះឡើយដោយមានចែងលម្អិតពីលក្ខខណ្ឌនានាក្នុងនាមជាសមាជិក ជាពិសេសពេលវេលាផ្លូវការនៃការក្លាយជាសមាជិកសហភាពអឺរ៉ុបតែម្តង។
 
យ៉ាងណាក៏ដោយ សន្ធិសញ្ញានេះនឹងមិនទាន់មានអំណាចចាប់បង្ខំនោះឡើយ ដរាបរដ្ឋសាមី និងរដ្ឋសមាជិកបច្ចុប្បន្នមិនទាន់ចុះហត្ថលេខា និងផ្តល់សច្ចាប័ន ហើយវាមិនទាន់បានការគាំទ្រពីក្រុមប្រឹក្សាសហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុប រួមជាមួយសភាអឺរ៉ុបនោះ។ 
 
រឿងដែលសំខាន់នោះគឺ លក្ខខណ្ឌនៃការផ្តល់សច្ចាប័ននៃសន្ធិសញ្ញានេះនឹងត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋធម្មនុញ្ញនៃប្រទេសនីមួយៗជាសមាជិក។ រដ្ឋខ្លះអាចត្រូវការរៀបចំប្រជាមតិ ហើយរដ្ឋខ្លះទៀតត្រូវឆ្លងកាត់ការអនុម័តដោយសភា។ 
 
ត្រឡប់មកវិញ សម្រាប់ករណីអ៊ុយក្រែន វាប្រហែលជាមានទំនោរនៃការគាំទ្រច្រើនចំពោះការស្នើសុំជាសមាជិកសហភាពអឺរ៉ុប ក្នុងឆន្ទៈនយោបាយនៃរដ្ឋសមាជិកនាពេលបច្ចុប្បន្ន។ ប៉ុន្តែ ការទទួលយកអ៊ុយក្រែនជាសមាជិកភា្លមៗតាមអ្វីដែលមេដឹកនាំអ៊ុយក្រែនចង់បាននោះ វាជារឿងពិបាកកើតឡើង។ 
 
មូលហេតុសំខាន់នោះគឺ រដ្ឋសមាជិកសហភាពអឺរ៉ុបធំៗដូចជាអាល្លឺម៉ង់ និងបារាំង មិនមានឆន្ទៈពង្រីកសហភាពនេះ ដោយបន្ថែមសមាជិកថ្មីឡើយ។ មេដឹកនាំប្រទេសទាំងនេះបានប្រកាសជារឿយៗថា ដរាបណាគ្មានការកែទម្រង់ជាប្រព័ន្ធ ការទទួលយកសមាជិកថ្មីនឹងក្លាយជាបន្ទុកយ៉ាងធំ និងបង្កវិបត្តិធ្ងន់ធ្ងរផងក៏មិនដឹង។
 
លំហូរនៃប្រជាជនគ្មានការងារធ្វើពីអឺរ៉ុបខាងកើតដូចជាពីប៉ូឡូញ និងវិបត្តិសេដ្ឋកិច្ចដែលកើតឡើងកន្លងមកក្នុងចំណោមរដ្ឋសមាជិកដូចជាអ៊ីតាលី និងក្រិក ប្រហែលជាមេរៀនដ៏សំខាន់សម្រាប់រដ្ឋជាមេដឹកនាំសហភាពអឺរ៉ុប ក្នុងការពិចារណាឱ្យបានល្អិតល្អន់ និងដើម្បីបញ្ចៀសវិបត្តិដែលអាចនឹងកើតមាន។  ងាកទៅមើលអ៊ុយក្រែនវិញ វាជារឿងមិនអាចប្រកែកបានឡើយដែលថា ប្រទេសនេះមិនទាន់មានគុណវុឌ្ឍិគ្រប់គ្រាន់ដែលសមស្របនឹងលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប។ ប្រជាធិបតេយ្យរប៉ាក់រប៉ើក សេដ្ឋកិច្ចទន់ខ្សោយ និងអំពើពុករលួយចាក់ស្រេះស្ថាប័នដឹកនាំដែលជាកម្អែលរបបដឹកនាំមុននោះ នៅជាបញ្ហាដែលអន្ទោរតាមអ៊ុយក្រែនក្នុងពេលបច្ចុប្បន្នដដែល។  
 
វិធានការនានាដូចជា ការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន ការប្រកាសគាំទ្របេក្ខភាពប្រទេសនេះ និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី គឺទំនងជាអ្វីដែលបណ្តារដ្ឋសមាជិកសហភាពអឺរ៉ុបអាចធ្វើបានប៉ុណ្ណោះក្នុងពេលនេះ។ វាប្រាកដណាស់ថា «ផ្លូវកាត់សម្រាប់អ៊ុយក្រែន»ក្នុងការចូលរួមជីវភាពជាមួយសហភាពអឺរ៉ុបគឺមត្រឹមជាក្តីស្រមៃ៕  

© រក្សាសិទ្ធិដោយ thmeythmey.com