អន្តរជាតិ
World Bank អនុម័តឱ្យប្រើលុយបង្កកជាង១ពាន់លានដុល្លារ ជាជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន
02, Mar 2022 , 6:34 pm        
រូបភាព
ពលរដ្ឋអាហ្វហ្កានីស្ថាន ទទួលជំនួយពីបរទេស។ រូបថត Xinhua
ពលរដ្ឋអាហ្វហ្កានីស្ថាន ទទួលជំនួយពីបរទេស។ រូបថត Xinhua
ដោយ:
ក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារពិភពលោក អនុម័តគម្រោងប្រើប្រាស់លុយជាង១ពាន់លានដុល្លារពីលុយជំនួយរបស់អាហ្វហ្គានីស្ថានដែលត្រូវបានបង្កក ដើម្បីយកទៅប្រើលើការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី១ ខែមីនា។
 
ក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃទី១ ខែមីនា ប្រកាសពីការអនុម័តឱ្យប្រើបាស់លុយជាង១ពាន់លានដុល្លារពីកញ្ចប់ជំនួយរបស់អាហ្វហ្គានីស្ថានដែលត្រូវបានបង្កក (ARTF) តាមការស្នើពីម្ចាស់ជំនួយ ARTF ផ្ទាល់ និងសហគមន៍អន្តរជាតិ។ លុយជំនួយទាំងនេះនឹងត្រូវបានចែកចាយតាមរយៈភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដោយមិនស្ថិតនៅក្នុងដៃរបស់មេដឹកនាំតាលីបង់ឡើយ។
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ World Bank វិធីសាស្រ្តនេះធ្វើឡើងដើម្បីផ្គត់ផ្គង់ការផ្តល់សេវាមូលដ្ឋានសំខាន់ៗ ការការពារប្រជាជនអាហ្វហ្គានីស្ថានដែលងាយរងគ្រោះ ការរក្សាធនធានមនុស្ស និងសេវាសេដ្ឋកិច្ច និងសង្គមសំខាន់ៗ។
 
«ជាជំហានដំបូង ម្ចាស់ជំនួយ ARTF នឹងសម្រេចចិត្តលើគម្រោងចំនួន៤ ក្នុងទឹកប្រាក់៦០០លានដុល្លារដែលនឹងផ្គត់ផ្គង់លើតម្រូវការជាបន្ទាន់ក្នុងវិស័យអប់រំ សុខាភិបាល និងកសិកម្ម ក៏ដូចជាជីវភាពរស់នៅនៅក្នុងសហគមន៍»។ សេចក្តីប្រកាសព័ត៌មានដដែលរបស់ World Bank បញ្ជាក់បែបនេះ មុនអះអាងថា ក្មេងស្រី និងស្រ្តី នឹងទទួលបានចំណែក និងផលប្រយោជន៍ពីជំនួយ។
 
សូមបញ្ជាក់ថា កញ្ចប់លុយ ARTF ជាថវិកាពីម្ចាស់ជំនួយជាច្រើន ហើយត្រូវបានគ្រប់គ្រងដោយ World Bank ជំនួសដៃគូម្ចាស់ជំនួយទាំងនោះ ហើយត្រូវបានបង្កក តាំងពីក្រុមតាលីបង់ដណ្តើមកាន់អំណាចកាលពីខែសីហា ឆ្នាំ២០២១។ ARTF ជាប្រភពលុយជំនួយដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍរបស់អាហ្វហ្គានីស្ថាន ហើយលុយបង្កកនេះ រួមជាមួយការកញ្ចប់ជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលបរទេសផ្សេងទៀត ត្រូវផ្គត់ផ្គង់ការចំណាយរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានរហូតដល់៧០ភាគរយ។ 
 
ការកាត់ផ្តាច់ជំនួយទាំងនេះ ធ្វើឱ្យសេដ្ឋកិច្ចអាហ្វហ្គានីស្ថានដួលរលំកាន់តែលឿន បង្កជាវិបត្តិសាច់ប្រាក់ និងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន៕

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com