អន្តរជាតិ
កម្ពុជា ស្ថិតក្នុងចំណោមប្រទេស១៤១ ដែលបោះឆ្នោតថ្កោលទោសរុស្ស៊ីនៅមហាសន្និបាត UN
03, Mar 2022 , 11:13 am        
រូបភាព
តារាងឈ្មោះប្រទេសសមាជិកអង្គការសហប្រជាជាតិ បោះឆ្នោតលើសេចក្ដីព្រាងថ្កោលទោសរុស្ស៊ី។ រូបថត AFP
តារាងឈ្មោះប្រទេសសមាជិកអង្គការសហប្រជាជាតិ បោះឆ្នោតលើសេចក្ដីព្រាងថ្កោលទោសរុស្ស៊ី។ រូបថត AFP
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី២ ខែមីនា បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាលើកដំបូង ហើយទាមទារឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារ និងដកទ័ពចេញពីអ៊ុយក្រែន។ អាម៉េរិកសាទរយ៉ាងខ្លាំងចំពោះការបោះឆ្នោតនេះ ខណៈរុស្ស៊ីបញ្ជាក់ថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន គ្រាន់តែការពារការវាយប្រហារលើតំបន់ផ្តាច់ខ្លួនប៉ុណ្ណោះ។ កម្ពុជា ក៏បោះឆ្នោតគាំទ្រដែរ។
 
មហាសន្និបាតអង្គការសហប្រជាជាតិ បានចេញអនុម័តសេចក្តីសម្រេចមួយលើកដំបូង នៅថ្ងៃទី២ ខែមីនា លើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សេចក្តីសម្រេច គាំទ្រដោយរដ្ឋចំនួន១៤១ ដើយបានជំរុញឱ្យរុស្ស៊ី បញ្ឈប់ការឈ្លានពាន និងដកទ័ពចេញពីអ៊ុយក្រែនឱ្យអស់។ កិច្ចប្រជុំមហាសន្និបាតជាបន្ទាន់នៅថ្ងៃទី២ ខែមីនា ត្រូវបានធ្វើឡើងបន្ទាប់ពីស្នើដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ 
 
កម្ពុជា ដែលជាប្រធានអាស៊ាន បានបោះឆ្នោតគាំទ្រ ហើយជាប្រទេសចូលរួមរៀបចំសេចក្ដីព្រាងផងដែរ។ រុស្ស៊ី បេឡារុស កូរ៉េខាងជើង ស៊ីរី និងអេរីត្រេ បានបោះឆ្នោតប្រឆាំងលើសេចក្តីសម្រេច ខណៈចិន ឥណ្ឌា និងប្រទេសចំនួន ៣៣ផ្សេងទៀត បោះឆ្នោតអនុបវាទ។ បើទោះសេចក្តីសម្រេចរបស់មហាសន្និបាត មិនបានចងកាតព្វកិច្ចក៏ដោយ វាមានទម្ងន់ផ្នែកនយោបាយ ដើម្បីជំរុញឱ្យរុស្ស៊ីគោរពតាម។ 
 
បន្ទាប់ពីសេចក្តីសម្រេចត្រូវបានអនុម័ត ថ្នាក់ដឹកនាំអាម៉េរិក បានសាទរយ៉ាងខ្លាំង។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញក្នុងថ្ងៃដដែលនោះ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានលើកឡើងថា ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ជាការទទួលស្គាល់សកម្មភាពឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ លើមូលដ្ឋាននៃសេរីភាព និងសន្តិសុខ។ មេដឹកនាំអាម៉េរិករូបនេះ បញ្ជាក់ជាថ្មីផងថា រុស្ស៊ី ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ហើយពិភពលោក នឹងបង្ហាញថា សេរីភាព នឹងយកឈ្នះលើភាពជិះជាន់។ 
 
ចំណែកប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន វិញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដូចរដ្ឋចំនួន១៤១ បានដឹង មនុស្សជាច្រើនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ហើយនេះ ជាការគំរាមកំហែង ចំពោះសន្តិសុខនៅអឺរ៉ុប និងសណ្តាប់ធ្នាប់ទាំងមូល។
 
យ៉ាងណាមិញ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានអះអាងថា រុស្ស៊ី មិនបានវាយប្រហារលើប្រជាជនស៊ីវិលឡើយ ហើយការចោទប្រកាន់ពីសំណាក់បស្ចិមលោក គ្រាន់តែដាក់សម្ពាធឱ្យរដ្ឋជាសមាជិក បោះឆ្នោតចេញសេចក្តីសម្រេចប៉ុណ្ណោះ។ បើតាមលោក Nebenzia ប្រតិបត្តិការយោធាពិសេសរុស្ស៊ី គ្រាន់តែដើម្បីបញ្ឈប់ការវាយប្រហារយោធា លើតំបន់នៅភាគខាងកើតអ៊ុយក្រែនប៉ុណ្ណោះ។ 
 
រីឯអគ្គរដ្ឋទូតអ៊ុយក្រែនវិញ បានយល់ថា រុស្ស៊ី នឹងមិនបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ និងបានចាត់ទុកសេចក្តីសម្រេចរបស់មហាសន្និបាត ជាផ្នែកមួយនៃការទប់ស្កាត់សកម្មភាពឈ្លានពានរបស់រុស្ស៊ី។ 
 
គិតត្រឹមថ្ងៃទី២ ខែមីនា វាមានរយៈពេល ១សប្តាហ៍ហើយ ដែលរុស្ស៊ី បានវាយប្រហារលើអ៊ុយក្រែន។ តាមទិន្នន័យពីស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រជាជនអ៊ុយក្រែន១លាននាក់ហើយ បានចាកចេញទៅប្រទេសជិតខាង ខណៈទីភ្នាក់ងារមួយនេះ បានរំពឹងថា ប្រជាជនអ៊ុយក្រែនប្រមាណ ៤លាននាក់ អាចនឹងចាកចេញពីប្រទេស៕
 

Tag:
 អាម៉េរិក
  UN
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com