អន្តរជាតិ
ICC ចាប់ផ្តើមបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតនៅអ៊ុយក្រែន
03, Mar 2022 , 2:06 pm        
រូបភាព
លោក Karim Khan អគ្គរដ្ឋអាជ្ញាតុលាការ ICC.។ រូបថត Xinhua
លោក Karim Khan អគ្គរដ្ឋអាជ្ញាតុលាការ ICC.។ រូបថត Xinhua
ដោយ:
អគ្គរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) បញ្ជាក់នៅថ្ងៃទី២ ខែមីនាពីបើកការស៊ើបអង្កេតភ្លាមៗទៅលើឧក្រិដ្ឋកម្មសង្រ្គាមដែលអាចត្រូវបានប្រព្រឹត្តឡើងនៅអ៊ុយក្រែន។ អគ្គរដ្ឋអាជ្ញា ICC អះអាងថា ខ្លួនទទួលបានការស្នើដ៏ច្រើនពីរដ្ឋសមាជិកដែលមិនធ្លាប់មានពីមុនមក។
 
ការវាយប្រហារយ៉ាងពេញទីរបស់រុស្ស៊ីមកលើអ៊ុយក្រែនរយៈពេលមួយសប្តាហ៍នេះ បានឈានដល់ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរនៅទីក្រុងដ៏ធំបំផុតទី២របស់អ៊ុយក្រែន Kharkov ជាដើម។ បើតាមមន្រ្តីនៅរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងអង្គការសហប្រជាជាតិ(UN) មនុស្សរាប់ពាន់នាក់ត្រូវបានប៉ាន់ស្មានថារងរបួស ឬស្លាប់។
 
«ការស៊ើបអង្កេត បានចាប់ផ្តើមជាផ្លូវការនៅអ៊ុយក្រែន នៅពេលទទួលបានការបញ្ជូនសំណុំករណីនេះបន្តពីរដ្ឋភាគីចំនួន៣៩»។ អគ្គរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បង្ហោះសារបែបនេះនៅលើបណ្តាញសង្គម Twitter។ 
 
ការបញ្ជូនសំណុំរឿងករណីនេះបន្តពីរដ្ឋជាសមាជិក ICC ដ៏ច្រើនបែបនេះដែលមិនធ្លាប់មានពីមុនមកជួយពន្លឿនដល់ការបើកការស៊ើបអង្កេតយ៉ាងឆាប់រហ័ស ព្រោះនីតិវិធីនេះ អនុញ្ញាតឱ្យអគ្គរដ្ឋអាជ្ញា​ ICC បើកការស៊ើបអង្កេតដោយមិនបាច់មានការយល់ព្រមពីតុលាការនៅទីក្រុងឡាអេ ដែលជាធម្មតា ចំណាយពេលរាប់ខែ។ មុននេះ លោក Khan ចង់បានការយល់ព្រមពីតុលាការចំពោះបទចោទទាក់ទិននឹងបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។
 
ទន្ទឹមនឹងនេះ​ បើតាមការអះអាងរបស់លោក Khan នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអគ្គរដ្ឋអាជ្ញាអាចចាប់ផ្តើមប្រមូលព័ស្តុតាង និងស៊ើបអង្កេតពីស្ថានភាពនៅអ៊ុយក្រែនចាប់តាំងពីខែវិច្ឆិកា​ ឆ្នាំ២០១៣មកបានហើយ។ ការស៊ើបអង្កេតនេះគ្របដណ្តប់លើបទចោទពីឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬអំពើប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តដោយភាគីណាមួយនៃជម្លោះលើផ្នែកណាមួយនៃទឹកដីអ៊ុយក្រែន។
 
កាលពីចុងឆ្នាំ២០២០ កន្លងមក ការិយាល័យរបស់អគ្គរដ្ឋអាជ្ញាបានប្រកាសថា ខ្លួនមានមូលហេតុដែលបញ្ជាក់ថាឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មផ្សេងៗទៀតត្រូវបានប្រព្រឹត្តអំឡុងពេលជម្លោះនៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែ​សំណើ​សុំ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ពេញលេញ​មិន​ត្រូវ​បាន​​ដាក់បញ្ជូនទៅតុលាការនៅទីក្រុងឡាអេ​ឡើយ​។
 
គួរបញ្ជាក់ថា ភាគីជម្លោះទាំងរុស្ស៊ី និងអ៊ុយក្រែនមិនមែនជារដ្ឋសមាជិកនៃ ICC ទេ ប៉ុន្តែអ៊ុយក្រែនទទួលយកយុត្តាធិការរបស់ ICC តាំងពីចុងឆ្នាំ២០១៣មកម្ល៉េះ។ ដូច្នោះ ICC អាចស៊ើបអង្កេតបទចោទអំពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅលើទឹកដីអ៊ុយក្រែនដោយមិនគិតពីសញ្ជាតិរបស់ជនល្មើសដែលសង្ស័យនោះទេ៕
 
 

Tag:
 ICC
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com